ព្រះមហាក្សត្រម៉ាឡេស៊ី ចំណាយប្រាក់លើសតម្លៃទីផ្សារ ដើម្បីទិញភាគហ៊ុនក្នុងក្រុមហ៊ុនរ៉ែចុះបញ្ជីនៅសិង្ហបុរី ដែលកំពុងពង្រីកអាជីវកម្មរ៉ែកម្រនៅម៉ាឡេស៊ី

ចែករំលែក៖

ព្រះមហាក្សត្រម៉ាឡេស៊ីបានទិញភាគហ៊ុនចំនួន ២,២៥% ក្នុងក្រុមហ៊ុន Southern Alliance Mining ដែលចុះបញ្ជីនៅផ្សារហ៊ុនសិង្ហបុរី ក្នុងទំហំទឹកប្រាក់ ៦,១ លានដុល្លារសិង្ហបុរី (ប្រហែល ៤,៧៦ លានដុល្លារអាមេរិក) ដោយចំណាយក្នុងតម្លៃខ្ពស់ជាងតម្លៃទីផ្សារ តាមរយៈប្រតិបត្តិការទិញលក់ក្រៅផ្សារហ៊ុនជាមួយនាយកគ្រប់គ្រងរបស់ក្រុមហ៊ុន។

 

ប្រតិបត្តិការនេះត្រូវបានធ្វើឡើងជាមួយលោក Pek Kok Sam ដែលជានាយកគ្រប់គ្រង និងជាម្ចាស់ភាគហ៊ុនគ្រប់គ្រងរបស់ក្រុមហ៊ុន ខណៈក្រុមហ៊ុនផលិតរ៉ែដែកនេះកំពុងពង្រីកវត្តមានរបស់ខ្លួនក្នុងឧស្សាហកម្មរ៉ែកម្ររបស់ប្រទេសម៉ាឡេស៊ី។

 

យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនទៅកាន់ផ្សារហ៊ុននៅយប់ថ្ងៃចន្ទ ព្រះមហាក្សត្រ Sultan Ibrahim បានទិញភាគហ៊ុនក្នុងតម្លៃ ០,៤២៥ ដុល្លារសិង្ហបុរីក្នុងមួយហ៊ុន ដែលខ្ពស់ជាងតម្លៃបិទទីផ្សារកាលពីថ្ងៃទី១២ ខែតុលា ប្រមាណ ១១,៨៤%។

 

Southern Alliance Mining កាន់កាប់ភាគហ៊ុនចំនួន ៤០% ក្នុងក្រុមហ៊ុន MCRE Resources ដែលប្រតិបត្តិការតំបន់រុករក និងជីកយករ៉ែកម្រដំបូងគេរបស់ម៉ាឡេស៊ី នៅរដ្ឋ Perak។

 

ក្រុមហ៊ុនបានបញ្ជាក់ថា ប្រតិបត្តិការទិញលក់នេះមិនពាក់ព័ន្ធនឹងក្រុមហ៊ុនផ្ទាល់នោះទេ ហើយលោក Pek នៅតែជាម្ចាស់ភាគហ៊ុនដែលមានសិទ្ធិគ្រប់គ្រងក្រុមហ៊ុនដដែល។

 

ប្រតិបត្តិការនេះក៏មិននាំឱ្យមានការផ្លាស់ប្តូរណាមួយចំពោះក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង ឬប្រតិបត្តិការរបស់ក្រុមហ៊ុននោះដែរ។

 

ក្រុមហ៊ុនបានឱ្យដឹងបន្ថែមថា ខ្លួនក៏មានគម្រោងទិញយកក្រុមហ៊ុន Paramount Synergy Sdn Bhd ដែលពាក់ព័ន្ធនឹងគម្រោងរ៉ែកម្រមួយនៅរដ្ឋ Johor ផងដែរ។

 

ព្រះមហាក្សត្រ Sultan Ibrahim មានប្រភពមកពីរដ្ឋ Johor ហើយបានឡើងគ្រងរាជ្យនៅខែមករា ឆ្នាំ២០២៤។ ព្រះអង្គត្រូវបានរំពឹងថានឹងគ្រងរាជ្យក្នុងរយៈពេល ៥ ឆ្នាំ ស្របតាមប្រព័ន្ធរាជានិយមប្តូរវេនពិសេសរបស់ប្រទេសម៉ាឡេស៊ី។

...

 

ការិយាល័យព័ត៌មានរាជវង្សរដ្ឋ Johor មិនទាន់បានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនៅឡើយទេ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print