ខេត្តកំពង់ស្ពឺ៖ គូរស្នេហ៍វ័យក្មេង ជាគូរដណ្តឹងគ្នា បានលង់ទឹកអូរស្លាប់បង្កឱ្យមានការភ្ញាក់ផ្អើលដល់សាច់ ញាតិក្រុមគ្រួសារ និងសមត្ថកិច្ច ខណៈដែលយុវជនជាគូរដណ្តឹងមកលេងផ្ទះខាងយុវនារី នារដូវភ្ជុំបិណ្ឌ ហើយបាននាំគ្នាទៅងូតទឹកអូរលេង ក៏ជួបរឿងអកុសលតែម្តង។
ហេតុការណ៍គូរដណ្តឹងលង់ទឹកស្លាប់ បានបង្កឱ្យមាន ការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៣និង៤០នាទីរសៀល
ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦នៅចំណុចទឹកអូរ(ដំណាក់ដំរី )ស្ថិតនៅក្នុងភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកភ្នំស្រួចបានឱ្យដឹងថា សពមានឈ្មោះ ទី១-ឈ្មោះ ម៉េង គីមហួរ ភេទស្រី អាយុ១៩ឆ្នាំ មុខរបរកម្មការរិនីរោងចក្រ រស់នៅក្នុងភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច និងទី២-ឈ្មោះ ផន ផាន់ណា ភេទប្រុស អាយុ២១ឆ្នាំមុខរបរកសិករ មានទីលំនៅក្នុងភូមិព្រៃសំឡាញ ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ទាំង២នាក់ត្រូវជាគូរដណ្ដឹងហ្នឹងគ្នា បានលង់ទឹកអូរនៅចំណុចកើតហេតុខាងបណ្ដាលឲ្យស្លាប់។
នគរបាលស្រុកភ្នំស្រួចបានបន្តឱ្យដឹងទៀតថា បើតាមការបំភ្លឺរបស់ឈ្មោះ ម៉េង សុខហៃ ភេទប្រុស អាយុ ២៣ ឆ្នាំ ត្រូវជាបងបង្កើតរបស់ជនរងគ្រោះបានរៀបរាប់ថា នៅវេលាម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ប្អូនរបស់ខ្លួន (ជនរងគ្រោះទាំងពីរនាក់)និងប្អូនស្រីម្នាក់ទៀត ឈ្មោះ ហេង មួយអ៉ី អាយុ៨ឆ្នាំ បាននាំគ្នាជិះម៉ូតូចេញពីផ្ទះទៅលេងទឹកអូរនៅចំណុចកើត ហេតុខាងលើ នៅចម្ងាយពីផ្ទះប្រហែល២គីឡូម៉ែត្រ។
លុះរហូតមកដល់ម៉ោង៤រសៀល ឈ្មោះ ហេង មួយអ៉ី បានរត់មកប្រាប់ខ្លួនថា ជនរងគ្រោះទាំងពីរបានលង់ទឹកអូរ ហើយ។ ពេលនោះខ្លួនក៏បានជិះម៉ូតូជាមួយបងប្អូនសំដៅទៅកន្លែងកើតហេតុ ពេលទៅដល់ក៏បានចុះរាវ រកសពជាមួយបងប្អូន រាវបានមួយសន្ទុះក៏ឃើញសពជនរងគ្រោះទាំងពីរនៅក្នុងទឹកអូរហើយបានស្រង់ដាក់មកលើគោក រួចក៏បានដឹកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកត្រពាំងក្រឡឹង ពេលដឹកទៅដល់គ្រូពេទ្យបានប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ហើយ។
នគរបាលស្រុកភ្នំស្រួច បានបន្តឱ្យដឹងទៀតថា ក្រោយកើតហេតុអាជ្ញាធរ និងសមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ ជនរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។ បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
បើតាមការឱ្យដឹងពីឈ្មោះ ឆេង វួចម៉េង អាយុ៤៥ឆ្នាំ ត្រូវជាម្តាយជនរងគ្រោះ បានឱ្យដឹងថា កូនស្រី-ប្រុស របស់គាត់គ្រោងរៀបអាពាហ៍ពិពាហ៍នៅថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០២៧ ខាងមុខ។ ប៉ុន្តែចៃដន្យអាក្រក់កូនៗរបស់គាត់ ត្រូវបានលង់ទឹកអូរស្លាប់បាត់ទៅហើយ៕

ដោយ៖ សុរិយា










