រយៈពេល ៩ខែនៃឆ្នាំ២០២៦កម្ពុជានាំចេញទៅសហរដ្ឋអាម៉េរិក ឈានដល់ជិត ១២ ពាន់លានដុល្លារ កើនឡើង ២៩% 

ចែករំលែក៖

ភ្នំពេញ៖ ការនាំចេញរបស់កម្ពុជា ទៅសហរដ្ឋអាម៉េរិក ក្នុងរយៈពេល ៩ខែឆ្នាំ២០២៦ ឈានដល់ទំហំទឹកប្រាក់ប្រមាណ ១១,៩៩ពាន់លានដុល្លារអាម៉េរិក កើនឡើង ២៩,១៥% ខណៈការនាំចូលមានទំហំទឹកប្រាក់ប្រមាណ ៤៧៨លានដុល្លារអាម៉េរិក កើនឡើង ៦៨,៥៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យផ្តល់ដោយក្រសួងពាណិជ្ជកម្ម។

 

យោងតាមកំណើននៃការនាំចេញនេះ បានឆ្លុះបញ្ចាំងពីសមត្ថភាពប្រកួតប្រជែងរបស់ផលិតផលកម្ពុជា និងទំនុកចិត្តរបស់អ្នកបញ្ជាទិញអាម៉េរិកចំពោះខ្សែសង្វាក់ផ្គត់ផ្គង់នៅកម្ពុជា ទោះបីជាសហរដ្ឋអាម៉េរិក បាន សម្រេចដាក់ពន្ធថ្មី ក្នុងអត្រា ១០% លើទំនិញនាំចូលពីកម្ពុជា ក៏ដោយ។ ទំនិញនាំចេញសំខាន់ៗរបស់កម្ពុជា ទៅទីផ្សារអាម៉េរិក រួមមាន សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ គ្រឿងសង្ហារិម កង់ និងផលិតផលកសិកម្មមួយចំនួន។

 

បច្ចុប្បន្នសហរដ្ឋអាម៉េរិក គឺជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា ដែលមានចំណែកទីផ្សាររហូតដល់ ៤៣,៦៥% នៃការនាំចេញសរុបរបស់កម្ពុជា។

 

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងបន្តពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយសហរដ្ឋអាម៉េរិក ព្រមទាំងជំរុញការធ្វើពិពិធកម្មទីផ្សារនាំចេញ ដើម្បីរក្សាកំណើនពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគបន្ថែម ក្នុងបរិបទសេដ្ឋកិច្ច និងពាណិជ្ជកម្មពិភពលោកដែលកំពុងប្រែប្រួល៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print