សេដ្ឋកិច្ចកូរ៉េខាងជើង អាស្រ័យស្ទើរតែទាំងស្រុងទៅលើប្រទេសចិន ពិសេសគឺពាណិជ្ជកម្មតាមព្រំដែលដែរនាំមកនូវចំណូលជាច្រើនដល់ប្រទេសនេះក្នុងការពង្រីកកម្មវិធីបរមាណូ ។ទាំងនោះហើយបានជា មេដឹកនាំកូរ៉េខាងជើងមិនអាចកាត់ផ្តាច់ទំនាក់ទំនងជាមួយចិនបានឡើយ។
ពេលនេះ កូរ៉េខាងជើង និងចិន កំពុងបង្ហាញសញ្ញាថា ពួកគេកំពុង ព្យាយាមធ្វើឲ្យប្រសើរឡើងទំនាក់ទំនងទ្វេភាគីឡើងវិញ បន្ទាប់ពីជាប់គំាងក្រោយពីរដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង បានសាកល្បងមីស៊ីល នុយក្លេអ៊ែរជាលើកទី៥កាលពីខែមុន។ សារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ បានឲ្យដឹងដោយផ្អែកតាមក្រុមអ្នកអង្កេតថា មន្រ្តីជាន់ខ្ពស់មកពីប្រទេសទំាងពីរ បានចូលរួមប្រារព្ធទិវាបុណ្យជាតិ ដែលបង្កើតឡើងដោយសាធារណរដ្ឋប្រជាជនចិន កាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ១៩៤៩។
ក្រុមអ្នកអង្កេតការណ៍នៅក្នុងទីក្រុង ប៉េកំាង បាននិយាយថា ប្រេសិតកំពូលនៃប្រទេសកូរ៉េខាងជើង និងចិន បាននាំគ្នាចូលរួមព្រឹត្តិការណ៍ ដែលធ្វើឡើងទំាងនៅទីក្រុង ព្យុងយ៉ាង និងទីក្រុង ប៉េកំាង។ បើតាមសារព័ត៌មានចិន បានផ្សាយថា ព្រឹត្តិការណ៍ដែលធ្វើឡើងមិនធម្មតា គឺធ្វើឡើងទំាងនៅទីក្រុងប៉េកំាង និងទីក្រុង ព្យុងយ៉ាង នៅថ្ងៃបុណ្យជាតិនេះ គឺជាសញ្ញាមួយបញ្ជាក់យ៉ាងច្បាស់ថា ប្រទេសទំាងពីរ កំពុងតែចង់ធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយសម្ព័ន្ធដ៏សំខាន់របស់ខ្លួន។
កន្លងមកក្រុមហ៊ុនពាណិជ្ជកម្មចិនបានរងការចោទប្រកាន់ថា មានសកម្មភាពពាក់ព័ន្ធ នឹងកម្មវិធីបរមាណូរបស់កូរ៉េខាងជើង។ ក្រសួងការបរទេសចិនបានប្រឆាំងនឹងការដាក់ទណ្ឌកម្មខាងលើរបស់អាមេរិក។
អ្នកនាំពាក្យក្រសួងការបរទេសចិនបាន ប្រកាសនៅទីក្រុងប៉េកាំងថា ចិនបានអនុវត្ត ទៅលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិក្នុងការដាក់ទណ្ឌកម្មកូរ៉េខាងជើង។ ប្រទេសណាមួយដែលបានបំពាននឹងត្រូវទទួលរងទណ្ឌកម្ម។ ចិននឹងសហការជាមួយបណ្តាប្រទេសដោះស្រាយស្ថានភាពដោយមានតម្លាភាព។
កន្លងមកអាមេរិកបានដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិន និងបុគ្គល៤នាក់ដែល ជាប់ពាក់ព័ន្ធក្នុងការជួយដល់កូរ៉េខាងជើងគេចពីច្បាប់ដាក់ទណ្ឌកម្មរបស់សហគមន៍អន្តរជាតិ និងជាសកម្មភាពជួយដល់កម្មវិធីបរមាណូរបស់ទីក្រុងព្យុងយ៉ាងផងដែរ។
ក្រុមហ៊ុន Dandong Hongxiang ត្រូវ បានចោទប្រកាន់ថាបានជំនួសមុខឲ្យធនាគារកូរ៉េខាងជើងដែលទទួលរងការដាក់ ទណ្ឌកម្មពីសហគមន៍អន្តរជាតិដើម្បីរារាំងកម្មវិធីបរមាណូរបស់ទីក្រុងព្យុងយ៉ាង។ ការដាក់ទណ្ឌកម្មនេះគឺក្រោយពេលដែលកូរ៉េខាងជើងបានសាកល្បងគ្រាប់បែកបរមាណូលើកទី៥ កាលពីដើមខែកញ្ញា បង្ក ឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។
ក្រៅពីការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុន Dandong Hongxiang អាមេរិកក៏បានដាក់ទណ្ឌកម្មទៅលើបុគ្គល៤រូបដែលក្នុងនោះ មាន Ma Xiaohong , Xhou Jianshu, HongJinhua និង La chuanxu ដែលមានចេតនាបំពានច្បាប់និងចូលរួមក្នុងសកម្មភាពលាងលុយខ្មៅផងដែរ។
បច្ចុប្បន្នកូរ៉េខាងជើងកំពុងទទួលរងការ ដាក់ទណ្ឌកម្មពីអង្គការសហប្រជាជាតិ៥ផ្សេងគ្នាចាប់តាំងពីប្រទេសនេះបានសាកល្បងគ្រាប់បែកបរមាណូលើកទីមួយនៅឆ្នាំ២០០៦។ ជាមួយគ្នានោះកូរ៉េខាងជើងបានបាញ់មីស៊ីលជាច្រើនគ្រាប់ក្រោយការដាក់ទណ្ឌកម្មនោះដែលជាការឆ្លើយតបទៅកាន់សហគមន៍អន្តរជាតិដូចជាសព្វ ដងដែលប្រទេសនេះបានធ្វើ។
ក្រុមហ៊ុនចិននៅតាមព្រំដែនដើរតួនាទីយ៉ាងសំខាន់នៅក្នុងកម្មវិធីបរមាណូកូរ៉េ ខាងជើង បើគ្មានចិនទេនោះកម្មវិធីបរមាណូ ក៏គ្មានប្រាក់ដើម្បីបន្តដែរ។
ក្រុមអ្នកឯកទេសវិភាគបានបញ្ជាក់ថា ចិនកំពុងតែប្រើប្រាស់កូរ៉េខាងជើងសម្រាប់ ទប់ទល់អាមេរិក។ ចិនមិនដែលមានប្រតិកម្មអ្វីចំពោះការសាកល្បងគ្រាប់បែកបរមាណូរបស់កូរ៉េខាងជើងនោះឡើយ ដោយ ចិនរក្សាភាពស្ងៀមស្ងាត់ទុកឲ្យកូរ៉េខាង ជើងធ្វើអ្វីតាមតែអំពើចិត្ត បើទោះបីសហ គមន៍អន្តរជាតិថ្កោលទោសខ្លាំងប៉ុនណាក៏ដោយ។
ការស្ងប់ស្ងាត់របស់ចិនត្រូវបានអ្នកវិភាគ ចាត់ទុកថា ជាយុទ្ធសាស្ត្រមួយដ៏ល្អបំផុត របស់ទីក្រុងប៉េកាំងក្នុងការពង្រីកអំណាចនៅក្នុងតំបន់អាស៊ី។ ចិនមិនសូវមានការព្រួយបារម្ភពីអាមេរិកឡើយដោយមានកូរ៉េខាងជើងដែលជាកូនចៅរបស់ខ្លួនបានគំរាម កំហែងអាមេរិកទៅហើយ។ ទាំងនោះបានជាចិនសម្ងំទុកឲ្យកូរ៉េខាងជើងផលិត និង សាកល្បងបរមាណូគ្រប់ពេលវេលា។ នៅពេលដែលកូរ៉េខាងជើងមានកម្លាំងខ្លាំងនោះចិន ក៏មានភាពកក់ក្តៅផងដែរ ដោយខ្លួនមិនស្ថិត នៅឯកោឡើយគឺមានកូរ៉េខាងជើងជួយ ទប់ទល់អាមេរិក ជប៉ុននិងកូរ៉េខាងត្បូង។
កត្តាដែលជំរុញឲ្យកូរ៉េខាងជើងសម្រេច សាកល្បងគ្រាប់បែកបរមាណូនោះក៏កើតឡើងពីភាគីចិននោះដែរ។ តាមមន្ត្រីកូរ៉េខាង ជើងមេដឹកនាំ គីម ជុងអ៊ុន សម្រេចឲ្យសាក ល្បងបរមាណូតាំងពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០១៥មកម្លេ៉ះ គឺថ្ងៃដែលក្រុមចម្រៀង កូរ៉េខាងត្បូងលុបចោលការសម្តែងនៅទីក្រុងប៉េកាំង ដោយសារតែប្រធានាធិបតី ស៊ី ជីនពីង មិនបានចូលរួមទស្សនានៅក្នុងការសម្តែងនោះ។ ការសាកល្បងនោះជាសកម្មភាពកើតចេញពីភាគីចិនដែលបញ្ឆេះ មេដឹកនាំ គីម ជុងអ៊ុន ឲ្យធ្វើដូច្នេះដើម្បី បង្វែរការចាប់អារម្មណ៍ពីមតិសាធារណៈទៅកាន់ទីនោះដោយងាកចេញពីប្រទេសចិន និងវិវាទរវាងចិននឹងប្រទេសជិតខាង។
ក្រុមអ្នកជំនាញផ្នែកអាវុធនុយក្លេអ៊ែរ និងធរណីវិទ្យាជាច្រើននាក់បានផ្តល់ការ វិភាគប្រហាក់ប្រហែលគ្នាដោយយោងទៅលើកម្រិតរញ្ជួយដីដែលបង្កឡើងដោយគ្រាប់ បែករបស់កូរ៉េខាងជើង។ លោក Crispin Rovere អ្នកជំនាញធរណីវិទ្យាជនជាតិ អូស្ត្រាលីបានអះអាងថា យោងតាមកម្រិតរញ្ជួយដែលស្មើប្រមាណជា៥រិុចទ័រ កូរ៉េខាងជើងបានបំផ្ទុះសាកល្បងគ្រាប់បែកបរមាណូដោយជោគជ័យ ក៏ប៉ុន្តែមិនឈានទៅបំផ្ទុះគ្រាប់ប្រភេទអ៊ីដ្រូសែននោះទេ។ ចំណែកលោក Bruce Bennett អ្នកជំនាញ បរមាណូអាមេរិកបានអះអាងផងដែរថា គ្រាប់បែកដែលកូរ៉េខាងជើងបានសាកល្បង អាចមានទំហំប៉ុនគ្រាប់បែកបរមាណូដែល ទម្លាក់នៅហ៊ីរ៉ូហ្ស៊ីម៉ាតែលោកច្បាស់ថា គ្រាប់ នេះមិនមែនជាគ្រាប់ប្រភេទអុីដ្រូសែននោះទេ ព្រោះបើមែនកម្រិតផ្ទុះនៃអាតូម អ៊ុយរ៉ានីញ៉ូម និងភ្លុយតូនីញ៉ូម នឹងមាន កម្រិតលើសនេះ១០ដងឯណោះ។
មួយវិញទៀតយោងតាមតួលេខក្រសួង ការពារជាតិកូរ៉េខាងត្បូងគឺថាកម្លាំងផ្ទុះរបស់ គ្រាប់បែកបរមាណូកូរ៉េខាងជើងដែលសាកល្បងនៅលើកទី៥នោះមានកម្រិតប្រមាណ ចន្លោះពី៦ទៅ៩គីឡូតោន ពោលគឺប្រហាក់ ប្រហែលនឹងកម្លាំងផ្ទុះកាលពីពេលសាកល្បងនៅឆ្នាំ២០១៣ដែរ។ ក៏ប៉ុន្តែអាមេរិកធា្លប់សាកល្បងគ្រាប់បែកប្រភេទអុីដ្រូសែននេះ ម្តងកាលពីឆ្នាំ១៩៥២ ដែលកាលណោះ គ្រាប់តូចផង តែមានកម្លាំងផ្ទុះដល់ទៅ១០ គីឡូតោនឯណោះ៕
ប្រែសម្រួល៖ ម៉ែវ សាធី