ពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅឆ្នាំ២០២៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖  លោក ឌុច វនទីតូ អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង តំណាងលោក ប៉េង ពោធិ៍សា អភិបាលខេត្ត នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅឆ្នាំ២០២៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តស្វាយរៀង។

 

លោក សរ សុដានី អភិបាលរងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាពិសេសឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងសូមវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានយកចិត្តទុកដាក់ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយការប្តេជ្ញាចិត្ត និងស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវលទ្ធផលការងារដ៏សំខាន់ជាច្រើននៅក្នុង ឆ្នាំ២០២៦ ទាំងនៅក្នុងការងារផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ការងារគ្រប់គ្រង និងការអភិវឌ្ឍក្នុងវិស័យសំណង់ ការងារគាំទ្រ ដល់ការកសាងផែនការប្រើប្រាស់ដីធ្លីឃុំ សង្កាត់ ការសហការសម្របសម្រួលក្នុងកិច្ចការ សាងសង់ផ្ទះជូនគ្រួសារអតីតយុទ្ធជន គ្រួសារអតីតយុទ្ធមិត្ត គ្រួសារវីរៈកងទ័ពរបួស់ និងពលី ក្នុងសមរភូមិ ការងារសម្របសម្រួលដោះស្រាយទំនាស់ដីធ្លី ការសហការក្នុងដំណើរការចុះ បញ្ជីទីតាំងដីអាងទឹក និងព្រែកក្នុងភូមិសាស្ត្រខេត្ត និងជាពិសេសនោះនៅក្នុងការងារចុះបញ្ជី ដីធ្លី សម្រេចបាននូវលទ្ធផលដ៏ត្រចះត្រចង់ បន្ទាប់ពីបាន ប្រកាសជាខេត្តទី២ បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ កាលពីឆ្នាំ២០២៥ នៅក្នុង ឆ្នាំ២០២៦នេះ ក៏បន្តសម្រេចបានជាខេត្តទី៥ បញ្ចប់ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់ អចលនវត្ថុ ជូនប្រជាពលរដ្ឋថែមទៀត ដែលជាសមិទ្ធផល និងលទ្ធផលជោគជ័យ ជាប្រវត្តិសាស្ត្រ និងប្រកបដោយមោទនភាពសម្រាប់ខេត្តស្វាយរៀងក្នុងរយៈពេល ១៨ឆ្នាំ នៃដំណើរការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធផងដែរ ។

 

លោក ឌុច វនទីតូ អនុរដ្ឋលេខាធិការ បានជម្រុញដល់មន្ត្រីពាក់ព័ន្ធត្រូវផ្តល់សេវាកាន់តែឆាប់រហ័សងាយស្រួល និងមានតម្លាភាព ព្រមទាំងបន្តពង្រឹងសមត្ថភាពមន្ត្រីជំនាញ និងការសហការរវាងមន្ទីរ អាជ្ញាធរមូលដ្ឋាន និង ស្ថាប័នពាក់ព័ន្ធជាអាទិ៍ ក្រសួងដនស ក្រសួងទូរគមនាគមន៍និងប្រៃសណីយ៍ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

 

ទន្ទឹមនោះលោក បានផ្តល់អនុសាសន៍មួយចំនួនរួមមានៈ

–  ត្រូវរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងការទទួលខុសត្រូវរបស់មន្ត្រីគ្រប់ជាន់ថ្នាក់ ត្រូវយកប្រជាពលរដ្ឋជាគោលដៅសំខាន់នៃការផ្តល់សេវា ដោយធានាភាពត្រឹមត្រូវ ឆាប់រហ័ស តម្លាភាព និងការទទួលខុសត្រូវ។

–  ត្រូវយកទិន្នន័យដីធ្លី ផែនទី និងផែនការប្រើប្រាស់ដី មកធ្វើជាមូលដ្ឋានសម្រាប់ការសម្រេច ចិត្ត មានន័យថា យើងត្រូវដឹងច្បាស់ថា ដីស្ថិតនៅទីណា មានស្ថានភាពយ៉ាងដូចម្តេច ហើយ គួរប្រើប្រាស់សម្រាប់គោលបំណងអ្វី។ ទិន្នន័យទាំងនេះនឹងជួយឱ្យយើងរៀបចំដែនដីបានត្រឹម ត្រូវ កំណត់តំបន់កសិកម្ម ឧស្សាហកម្ម និងលំនៅឋានឱ្យមានសណ្តាប់ធ្នាប់ ព្រមទាំងរៀបចំ ហេដ្ឋារចនាសម្ព័ន្ធឱ្យស្របតាមការអភិវឌ្ឍ និងតម្រូវការរបស់ប្រជាពលរដ្ឋ។

–  ត្រូវគិតពីការអភិវឌ្ឍខេត្តជាប្រព័ន្ធ មិនមែនគិតតែការអភិវឌ្ឍសំណង់ ឬឧស្សាហកម្មដោយ ឡែកទេ ប៉ុន្តែត្រូវភ្ជាប់ជាមួយកសិកម្ម លំនៅឋាន ផ្លូវ ប្រព័ន្ធទឹក-លូ និងលំហសាធារណៈ។

–   ត្រូវពង្រឹងការអនុវត្តច្បាប់សំណង់ និងការត្រួតពិនិត្យសំណង់ ដើម្បីធានាថា សំណង់នៅក្នុង ខេត្តមាន គុណភាព សុវត្ថិភាព និងស្របតាមបទដ្ឋានបច្ចេកទេស៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print