ខេត្តកណ្តាល: បុរសម្នាក់អាយុ៣៦ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងចេញពីបង្គោលភ្លើងរដ្ឋ ដើម្បីយកទៅដុតរំលាយយកស្ពាន់លក់ឱ្យអ្នកទិញអេតចាយ ហើយយកប្រាក់មកទិញអាហារ និងគ្រឿងញៀនប្រើប្រាស់ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ស្ថិតភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
តាមព័ត៌មានពីសមត្ថកិច្ច ជនសង្ស័យឈ្មោះ ប៊ុន គឹមយី ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ហើយត្រូវបានត្រូវបានសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលរកាខ្ពស់ប្រទះឃើញ ខណៈកំពុងដុតរំលាយខ្សែភ្លើងដើម្បីយកស្ពាន់ កាលពីវេលាម៉ោងប្រមាណ៧ព្រឹក ។ តាមចម្លើយសារភាពរបស់ជនសង្ស័យ បានឱ្យដឹងថា កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង៩និង៥នាទីព្រឹក ខ្លួនបានលួចកាត់ខ្សែភ្លើងចេញពីបង្គោលភ្លើងរដ្ឋនៅចំណុចខាងលើ រួចប្រើកាំបិតបុ័ងតោចិតសំបកជ័រដើម្បីយកស្ពាន់ទៅលក់ឱ្យអ្នកទិញអេតចាយតាមផ្លូវ បានប្រាក់ចំនួន២០.០០០រៀល។
បន្ទាប់មក នៅវេលាម៉ោង១០យប់ ថ្ងៃទី១៥ ខែតុលា ជនសង្ស័យបានធ្វើសកម្មភាពលួចកាត់ខ្សែភ្លើងនៅបង្គោលភ្លើងដដែលម្ដងទៀត រួចច្រកដាក់បាវយកទៅទុកនៅរោងដែលខ្លួនស្នាក់នៅ។ លុះព្រឹកថ្ងៃទី១៦ ខែតុលា ខណៈកំពុងដុតរំលាយខ្សែភ្លើងដើម្បីយកស្ពាន់ សមត្ថកិច្ចចេញល្បាតក៏ប្រទះឃើញ និងឃាត់ខ្លួនជាមួយវត្ថុតាង។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានខ្សែភ្លើងដែលបកសំបកហើយចំនួន២ដុំ ខ្សែភ្លើងពណ៌ខ្មៅចំនួន៦ដុំ និងកាំបិតបុ័ងតោចំនួន១។ ចំណែកលទ្ធផលធ្វើតេស្តទឹកនោមរបស់ជនសង្ស័យ បង្ហាញថាមានសារធាតុញៀនវិជ្ជមាន។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានលួចកាត់ខ្សែភ្លើងរដ្ឋយកទៅដុតរំលាយយកស្ពាន់លក់ ដើម្បីយកប្រាក់ទិញបាយហូប និងទិញគ្រឿងញៀនជក់មែន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿង និងបន្តនីតិវិធីតាមច្បាប់៕ជ្រោយពេជ្រ










