ភ្នំពេញ៖ នៅវេលាម៉ោង ៣ រសៀល ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យប្រតិភូមួយក្រុមមកពីអង្គការ GIZ, iDE, IRRI និង SNV ចូលជួបពិភាក្សាការងារ។
គោលបំណងនៃកិច្ចពិភាក្សានេះ គឺសំដៅចែករំលែកបទពិសោធន៍ការងារ និងទទួលអនុសាសន៍ក្នុងការជំរុញអនុវត្ត ប្រើប្រាស់ និងធ្វើពាណិជ្ជកម្មភ្នាក់ងារជីវសាស្ត្រ ក្នុងវិស័យកសិកម្មកម្ពុជា។
តំណាងអង្គការខាងលើបានថ្លែងអំណរគុណដល់លោករដ្ឋមន្រ្តីដែលបានអនុញ្ញាតឲ្យក្រុមប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ តំណាងប្រតិភូបានលើកថា កសិផលកម្ពុជាមានកំរិតសំណល់ជាតិគីមីទាបដែលជាសក្ដានុពលល្អក្នុងការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។ ទន្ទឹមនេះ ដើម្បីរក្សាឧត្ដមភាពប្រកួតប្រជែងកាន់តែខ្លាំង កម្ពុជាគួរលើកកម្ពស់ការគ្រប់គ្រងភ្នាក់ងារជីវសាស្ត្រ (Biocontrol Agent) ក្នុងវិស័យកសិកម្មឲ្យមានប្រសិទ្ធភាព ទាំងការប្រើប្រាស់និងធ្វើពាណិជ្ជកម្មដោយកសិករ និងក្រុមហ៊ុនឯកជន។ ក្នុងនោះ គួររួមមានការបង្កើតឡើងនូវវិធានការក្របខណ្ឌច្បាប់ បទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំ ហើយបច្ចេកទេសផងដែរ ដើម្បីបង្កើនប្រសិទ្ធភាព និងសុវត្ថិភាពក្នុងការប្រើប្រាស់ និងធ្វើពាណិជ្ជកម្មភ្នាក់ងារជីវសាស្ត្រ ដោយផ្អែកលើបទពិសោធន៍ពីប្រទេសជិតខាងកម្ពុជា និងក្របខណ្ឌអាស៊ាន។ ជាពិសេស ការចុះបញ្ជីភ្នាក់ងារជីវសាស្ត្រ ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។
តំណាងអង្គការខាងលើក៏បានលើកពីកិច្ចសហការតាមរយៈការអនុវត្តគម្រោងជាមួយអគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋាននីតិកម្មកសិកម្ម សាកលវិទ្យាល័យកសិកម្ម សាកលវិទ្យាល័យបាត់ដំបង និងមន្ទីរកសិកម្មខេត្តខ្លះ លើការងារនេះផងដែរ ហើយក៍បានរៀបចំសេចក្ដីព្រាងគោលការណ៍ណែនាំគ្រប់គ្រងភ្នាក់ងារជីវសាស្ត្រជាខេមរភាសាផងដែរ ដើម្បីដាក់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ធ្វើការពិចារណា។
លោករដ្ឋមន្ត្រី បានមានមតិស្វាគមន៍ចំពោះវត្តមាននៃប្រតិភូតំណាងអង្គការខាងលើចំពោះកិច្ចពិភាក្សានេះ និងបានថ្លែងអំណរគុណចំពោះកិច្ចសហការរបស់អង្គការទាំងនោះជាមួយអង្គភាពជំនាញរបស់ក្រសួងនាពេលកន្លងមក។
ពាក់ព័ន្ធនឹងបញ្ហារៀបចំក្របខណ្ឌច្បាប់ បទដ្ឋានគតិយុត្ត គោលការណ៍ណែនាំស្តីពីការគ្រប់គ្រងភ្នាក់ងារជីវសាស្ត្រ លោករដ្ឋមន្ត្រី និងសហការី បានបញ្ជាក់ជូនក្រុមប្រតិភូថា ការងារគ្រប់គ្រងភ្នាក់ងារជីវសាស្ត្រជាការងារថ្មី ដែលត្រូវការសិក្សា និងពិសោធន៍ដោយផ្អែកលើភស្តុតាងច្បាស់លាស់ (evident-based) ជាពិសេសពាក់ព័ន្ធនឹងការងារចុះបញ្ជីភ្នាក់ងារជីវសាស្ត្រដែលនាំចូល។ ម្យ៉ាងទៀត ធនធានមនុស្ស ក៏ដូចជាសមត្ថភាពមន្ទីរពិសោធន៍របស់ក្រសួងក៏នៅមានកំរិត ដែលទាមទារនូវការរៀនសូត្រ ដកស្រង់បទពិសោធន៍ និងបង្កើនសមត្ថភាពបន្ថែមទៀត ក៏ដូចជាតម្រូវការវិនិយោគរបស់ក្រុមហ៊ុនឯកជនលើផ្នែកនេះ។
លោករដ្ឋមន្ត្រីបានស្នើដល់ក្រុមអង្គការខាងលើ៖
១-បង្កើនកិច្ចសហការឲ្យកាន់តែជិតស្និទ្ធជាមួយអង្គភាពជំនាញ(អគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋាននីតិកម្ម) នៃក្រសួង ដោយជារបៀបក្រុមជំនាញក្រសួង-អង្គការខាងលើ-ផ្នែកឯកជន លើការងារភ្នាក់ងារជីវសាស្ត្រ ហើយនឹងទៅពេលអនាគត ឈានទៅរកការរៀបចំក្របខណ្ឌច្បាប់ បទដ្ឋានគតិយុត្ត និងគោលការណ៍ណែនាំជាតិស្តីពីភ្នាក់ងារជីវសាស្ត្រក្នុងវិស័យកសិកម្ម ក៏ដូចជាការងារចុះបញ្ជីភ្នាក់ងារជិីវសាស្ត្រ។
២-អង្គការខាងលើចូលរួមជាមួយអគ្គនាយកដ្ឋានកសិកម្ម ក្នុងវិធានការរបស់អគ្គនាយកដ្ឋានក្នុងការប្រើប្រាស់ភ្នាក់ងារជីវសាស្ត្រកំចាត់ជំងឺរលួយគល់ម្រេចដែលកំពុងយាយីលើដំណាំម្រេចរបស់កសិករ នៅស្រុកគីរីវង់ ខេត្តតាកែវ៕