ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា ៖ អ្នកដំណើរបរទេសម្នាក់ យកសារធាតុញៀនប្រភេទហេរ៉ូអ៊ីន មានទម្ងន់សុទ្ធសរុប ៥ ៥៨៣.៥០ ក្រាម លាក់បង្កប់ក្នុងវ៉ាលីសសំលៀកបំពាក់ ត្រៀមធ្វើដំណើរចាកចេញពីកម្ពុជា ។
ក្នុងនោះបញ្ជាក់ថា ៖ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ នៅស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មន្ត្រីគយនិងរដ្ឋាករសហការជាមួយមន្ត្រីនគរបាលអន្តោប្រវេសន៍ បានធ្វើការត្រួតពិនិត្យអ្នកដំណើរបរទេសម្នាក់ ដែលត្រៀមធ្វើដំណើរចាកចេញពីព្រះរាជាណាចក្រកម្ពុជា។
ជាលទ្ធផល ក្រុមការងារបានរកឃើញម្សៅពណ៌ស សង្ស័យជាសារធាតុញៀនប្រភេទហេរ៉ូអ៊ីន មានទម្ងន់សុទ្ធសរុប ៥ ៥៨៣.៥០ ក្រាម លាក់បង្កប់ក្នុងវ៉ាលីសសំលៀកបំពាក់។
បន្ទាប់ពីបានបំពេញនីតិវិធីបឋម និងរៀបចំកំណត់ហេតុល្មើសច្បាប់គយរួច ក្រុមការងារបានប្រគល់ជនសង្ស័យ វត្ថុតាង និងសម្ភារៈពាក់ព័ន្ធ ជូនអង្គភាពនគរបាលប្រឆាំងគ្រឿងញៀន ដើម្បីគ្រប់គ្រង ថែរក្សា និងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន ៕
ដោយ ៖ សិលា










