កីឡាការិនីរត់លឿនបំផុតនៅអាស៊ី Chen Yujie ផ្តោតលើការប្រឡងចូលសាកលវិទ្យាល័យ

ចែករំលែក៖

ក្រោយបង្ហាញសមត្ថភាពយ៉ាងលេចធ្លោក្នុងព្រឹត្តិការណ៍ Asian Games ឆ្នាំ២០២៦ កីឡាការិនីអត្តពលកម្មវ័យជំទង់របស់ចិន Chen Yujie កំពុងព្យាយាមរកតុល្យភាពរវាងការហ្វឹកហាត់ត្រៀមប្រកួតជើងឯកពិភពលោកនៅឆ្នាំក្រោយ និងការត្រៀមខ្លួនសម្រាប់ការប្រឡងចូលសាកលវិទ្យាល័យថ្នាក់ជាតិ។

 

នៅក្នុងព្រឹត្តិការណ៍ Asian Games ដែលទើបបញ្ចប់នៅប្រទេសជប៉ុន កីឡាការិនីវ័យ ១៧ ឆ្នាំរូបនេះបានឈ្នះមេដាយចំនួន ៤ គ្រឿង មុនត្រឡប់ទៅផ្ទះដើម្បីបន្តការសិក្សាក្នុងឆ្នាំចុងក្រោយនៃវិទ្យាល័យ។ Chen បានឈ្នះមេដាយមាសក្នុងវិញ្ញាសារត់ចម្ងាយ ១០០ ម៉ែត្រ និងវិញ្ញាសារត់បណ្តាក់ចំនួន ២ ព្រមទាំងមេដាយប្រាក់ក្នុងវិញ្ញាសារត់ចម្ងាយ ២០០ ម៉ែត្រ។

 

នៅដើមសប្តាហ៍នេះ នាងបានត្រឡប់ទៅហ្វឹកហាត់នៅសាលាកីឡា Ningbo ដោយបានបញ្ចប់វគ្គហ្វឹកហាត់លើកដំបូងក្រោយ Asian Games ក្រោមការដឹកនាំរបស់គ្រូបង្វឹក Wu Yacun។

 

ទោះបីជាទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងវិស័យកីឡាក៏ដោយ Chen មិនដែលបោះបង់ការយកចិត្តទុកដាក់លើការសិក្សារបស់នាងឡើយ។ ចាប់តាំងពីចាប់ផ្តើមហ្វឹកហាត់អត្តពលកម្មមក នាងបានរក្សាទម្លាប់ធ្វើដំណើរទៅមករវាងផ្ទះ សាលារៀន និងកន្លែងហ្វឹកហាត់ជារៀងរាល់ថ្ងៃ។ នាងចាត់ទុកការអប់រំផ្លូវការ និងអាជីពកីឡា ថាមានសារៈសំខាន់ស្មើគ្នាចំពោះការអភិវឌ្ឍខ្លួន។

 

Chen បាននិយាយក្នុងបទសម្ភាសន៍ជាមួយ CCTV នាពេលថ្មីៗនេះ ដូចដែលសារព័ត៌មាន South China Morning Post បានដកស្រង់ថា៖ «ខ្ញុំតែងតែមានអារម្មណ៍ថា ចំណេះដឹងគឺជាអ្វីដែលនៅជាមួយយើងពេញមួយជីវិត។ ចំណេះដឹងដែលខ្ញុំទទួលបាន ជួយឱ្យខ្ញុំយល់ពីចលនាបច្ចេកទេស និងតម្រូវការនៃការហ្វឹកហាត់បានលឿន និងស៊ីជម្រៅជាងមុន។ ដូច្នេះ ការសិក្សា និងការហ្វឹកហាត់អាចជួយពង្រឹងគ្នាទៅវិញទៅមក»។

 

នាងជឿថា ទោះបីជាកំណត់ត្រាពេលវេលារត់របស់កីឡាករអាចធ្លាក់ចុះទៅតាមអាយុក៏ដោយ ក៏ការរស់នៅ និងការសម្របខ្លួនក្នុងសង្គមនៅទីបំផុតនៅតែពឹងផ្អែកលើចំណេះដឹង និងចរិតលក្ខណៈដែលមនុស្សបានកសាងតាំងពីវ័យក្មេង។

 

នាងបានបន្ថែមថា៖ «ក្នុងចំណោមប្រជាជនចិន ១.៤ ពាន់លាននាក់ មានមនុស្សតិចតួចប៉ុណ្ណោះដែលអាចឈានដល់ការប្រកួត Asian Games ហើយអ្នកដែលអាចឈ្នះមេដាយមាសមានចំនួនកាន់តែតិចទៅទៀត។ ប៉ុន្តែ មេដាយមាសមិនមែនជាស្តង់ដារតែមួយសម្រាប់វាស់តម្លៃរបស់កីឡាករម្នាក់នោះទេ»។

 

Chen កើតក្នុងគ្រួសារដែលមានប្រវត្តិពាក់ព័ន្ធនឹងកីឡា នៅទីក្រុង Ningbo ដោយឪពុកម្តាយរបស់នាងសុទ្ធតែជាអតីតកីឡាករអត្តពលកម្ម។ ទោះជាយ៉ាងណា ពួកគេមិនបានជ្រៀតជ្រែកក្នុងការហ្វឹកហាត់របស់នាងឡើយ ដោយទុកឱ្យគ្រូបង្វឹកទទួលខុសត្រូវទាំងស្រុងលើបច្ចេកទេសហ្វឹកហាត់ ខណៈពួកគេផ្តោតលើការសិក្សារបស់កូនស្រី។

 

នៅក្រៅជំរុំហ្វឹកហាត់បិទជិត Chen ត្រូវគ្រប់គ្រងកាតព្វកិច្ចទាំងអស់របស់នាងតាមកាលវិភាគដ៏តឹងរ៉ឹង។ នាងចូលរៀនថ្នាក់ព្រឹកនៅវិទ្យាល័យ Ningbo Xiaoshi មុនធ្វើដំណើរទៅសាលាកីឡា Ningbo នៅពេលថ្ងៃត្រង់ ដើម្បីហ្វឹកហាត់លើទីលាន។

 

ក្រោយបញ្ចប់ការហ្វឹកហាត់ នាងបន្តការស្តារកម្លាំង និងទទួលការព្យាបាលដោយចលនា នៅគ្លីនិក ឬវិទ្យាស្ថានវិទ្យាសាស្ត្រកីឡា។

 

បន្ទាប់មក នាងត្រឡប់ទៅសាលារៀនវិញ ដើម្បីរៀនដោយខ្លួនឯងនៅពេលល្ងាច។ គ្រូបង្រៀនជួយបង្រៀនមេរៀនដែលនាងខកខានក្នុងអំឡុងពេលហ្វឹកហាត់ រហូតដល់នាងចាកចេញទៅផ្ទះនៅម៉ោង ៩:៣០ នាទីយប់។

 

បច្ចុប្បន្ន កំពុងស្ថិតក្នុងឆ្នាំចុងក្រោយនៃវិទ្យាល័យ Chen មានបំណងត្រៀមខ្លួនឱ្យបានហ្មត់ចត់សម្រាប់ការប្រឡងចូលសាកលវិទ្យាល័យនៅឆ្នាំក្រោយ ដែលហៅថា Gaokao ដោយសង្ឃឹមថានឹងអាចចូលរៀននៅសាកលវិទ្យាល័យដែលនាងប្រាថ្នា។

 

នាងបាននិយាយថា៖ «តាមឧត្ដមគតិ ខ្ញុំមិនចង់ចាកចេញពីខេត្ត ឬទីក្រុងរបស់ខ្ញុំទេ ព្រោះខ្ញុំចង់នៅជិតឪពុកម្តាយ។ ពួកគេផ្តោតសំខាន់ជាងលើការរីកចម្រើនផ្ទាល់ខ្លួនរបស់ខ្ញុំ។ មិនថាខ្ញុំមានចរិតលក្ខណៈបែបណានោះទេ ពួកគេគ្រាន់តែណែនាំកែតម្រូវបន្តិចបន្តួចដោយទន់ភ្លន់ ដោយមិនជ្រៀតជ្រែកផ្លាស់ប្តូរទិសដៅជីវិតរបស់ខ្ញុំឡើយ»។

...

 

បន្ទាប់ពីបញ្ចប់ការហ្វឹកហាត់ស្តារកម្លាំងនៅទីក្រុង Ningbo កីឡាការិនីវ័យជំទង់រូបនេះនឹងត្រឡប់ទៅចូលរួមជាមួយក្រុមជម្រើសជាតិ នៅចុងខែនេះ ដើម្បីចាប់ផ្តើមជំរុំហ្វឹកហាត់រដូវរងា៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print