ខេត្តតាកែវ៖ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦ដោយទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី សេង មហា មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តតាកែវ។
កាលពីថ្ងៃ១៤ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៥និង៣០នាទី កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការណ៍ជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកត្រាំកក់ ដឹកនាំដោយលោកវរសេនីយ៍ឯក កែន វណ្ណៈ មេបញ្ជាការរងខេត្ត ចុះឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ជួន ធារ៉ា ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបររត់តាក់ស៊ី រស់នៅភូមិកំពង់ក្របី ឃុំស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាប់ពាក់ព័ន្ធករណី «អំពើនាំឆ្លងដែន» (ដោយស្វែងរកមនុស្ស ទៅធ្វើការនៅក្រៅប្រទេសខុសច្បាប់) ស្ថិតក្នុងភូមិព្រៃព្រាល ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ។
វត្ថុតាងចាប់យករួមមាន÷
១.រថយន្តចំនួន០១គ្រឿងម៉ាក Lexus Rx330 ពណ៌ទឹកមាស ពាក់ផ្លាកលេខភ្នំពេញ2AN.4699
២.ទូរស័ព្ទដៃចំនួន០១គ្រឿង
៣.ប័ណ្ណបើកបរ០១សន្លឹក និងឯកសារបង់រំលោះរថយន្ត
៤.ឯកសារជ្រើសរើសកងជំនួយវិស្វកម្មយោធាសម្រាប់ក្រៅប្រទេស ចំនួន១៩សន្លឹក។
បច្ចុប្បន្ន ការិយាល័យជំនាញ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅអយ្យការ អមសាលាដំបូងខេត្តតាកែវ ចាត់ការតាមនីតិវិធី៕
ដោយ៖សុខាសែនជ័យ









