លោក ហ៊ុន ម៉ានី ៖ ថ្ងៃស្អែក គឺជាការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ចូលបម្រើការងារនៅកម្រិតមធ្យមសិក្សា ដែលនឹងដំណើរការស្របពេលគ្នានៅទីតាំងមណ្ឌលទាំង ៤

ចែករំលែក៖

ភ្នំពេញ ៖ ថ្ងៃស្អែក គឺជាការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ចូលបម្រើការងារនៅកម្រិតមធ្យមសិក្សា ដែលនឹងដំណើរការស្របពេលគ្នានៅទីតាំងមណ្ឌលទាំង ៤ គឺ សាលាភូមិន្ទរដ្ឋបាល, វិទ្យាស្ថានជាតិអប់រំ, សាកលវិទ្យាល័យជាតិគ្រប់គ្រង និង សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ នេះជាការបញ្ជាក់ពីលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅយប់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ។

លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ស្របពេលដែលបេក្ខជន បេក្ខនារី ប្រមាណជាង ១ម៉ឺននាក់ ទូទាំងប្រទេស កំពុងត្រៀមខ្លួនសម្រាប់ការប្រលងប្រជែងនៅនេះ ខ្ញុំសូមឆ្លៀតឱកាសនេះ ជូនពរដល់បេក្ខជន បេក្ខនារីទាំងអស់ សូមទទួលបានជោគជ័យ និងសម្រេចបានលទ្ធផលល្អប្រសើរតាមការខិតខំប្រឹងប្រែង និងសមត្ថភាពរបស់ខ្លួន។ សូមប្អូនៗ ថែរក្សាសុខភាពឱ្យបានល្អ និង ខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព។

ទោះបីបានឆ្លងកាត់ការរៀបចំការប្រឡងប្រជែងជាង ៦០លើកនេះ បេក្ខជន បេក្ខនារី បានមើលឃើញ និងជឿជាក់លើប្រព័ន្ធនៃការប្រឡងប្រជែងនេះ គ្រប់ដំណាក់ទាំងអស់ គឺតែងប្រកាន់ខ្ជាប់នូវនិយាមនីតិវិធីប្រតិបត្តិ និងគោលការណ៍ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ស្របតាមអនុសាសន៍របស់ សម្តេចមហាបវរធិបតី «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត»។ សូមប្អូនៗ មានភាពជឿជាក់លើសមត្ថភាពខ្លួន និងមានទំនុកចិត្តលើដំណើរការប្រឡងប្រជែង ដែលយើងខ្ញុំមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការធានានូវភាពយុត្តិធម៌ តម្លាភាព និងឱកាសស្មើៗគ្នាសម្រាប់បេក្ខភាពទាំងអស់។

ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ គឺជាជំហានជាក់ស្តែងមួយក្នុងការបំពេញបន្ថែមកន្លែងដែលខ្វះគ្រូ និងផ្តល់ឱកាសប្រឡងប្រជែងដោយស្មើភាពគ្នា ផ្អែកលើសមត្ថភាពពិតប្រាកដ ដែលរួមចំណែកលើកកម្ពស់គុណភាពអប់រំ និងបរិយាប័ន្ន សម្រាប់ប្អូនៗសិស្សានុសិស្សទាំងអស់ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print