នគរបាលស្រុកអង្គស្នួលបង្ក្រាបករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនដោយឃាត់ខ្លួនជនសង្ស័យបីនាក់

ចែករំលែក៖

ខេត្តកណ្ដាល÷ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល

បានបង្ក្រាបករណីរក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក)ដោយឃាត់ខ្លួនជនសង្ស័យបីនាក់។

នៅថ្ងៃអាទិត្យ ៧កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១២:៣០នាទី នៅចំណុចភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ជនសង្ស័យចំនួន ០៣នាក់ ភេទប្រុស ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងមានលទ្ធផលតេស្តទឹកនោមរកសារធាតុញៀនវិជ្ជមាន (+) រួមមាន៖

១- ឈ្មោះ ស៊ឺន ស៊ាំង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ តាមព័ត៌មានដែលទទួលបាន ជនសង្ស័យរូបនេះបានប្រើប្រាស់គ្រឿង ញៀនជាច្រើនលើក ក្នុងរយៈពេលប្រមាណ០២ឆ្នាំ និងធ្លាប់ជាប់ពន្ធនាគារព្រៃសចំនួន១លើក រយៈពេល០៣ឆ្នាំ ពាក់ព័ន្ធនឹងបទលួចមានស្ថានទម្ងន់ទោស (ឆក់)។

២- ឈ្មោះ ហេង វ៉ាអ៊ីហួយ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ តាមព័ត៌មានដែលទទួលបាន ជនសង្ស័យរូបនេះបានប្រើប្រាស់គ្រឿងញៀនជាច្រើនលើកក្នុងរយៈពេលប្រមាណ០១ឆ្នាំ និងធ្លាប់ជាប់ពន្ធនាគារចំនួន០៣លើក រួមមាន៖

* លើកទី១៖ នៅពន្ធនាគារព្រៃស រយៈពេល ០៣ឆ្នាំ ពាក់ព័ន្ធនឹងបទរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
* លើកទី២៖ នៅខេត្តកណ្តាល រយៈពេល០២ឆ្នាំ ពាក់ព័ន្ធនឹងបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
* លើកទី៣៖ នៅខេត្តកណ្តាល រយៈពេល០៤ឆ្នាំ ពាក់ព័ន្ធនឹងបទលួចមានស្ថានទម្ងន់ទោស (ឆក់)។

៣- ឈ្មោះ ជួប ភារិទ្ធ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ តាមព័ត៌មានដែលទទួលបាន ជនសង្ស័យរូបនេះបានប្រើប្រាស់គ្រឿងញៀនជាច្រើនលើកក្នុងរយៈពេលប្រមាណ០៣ខែ។

៣. វត្ថុតាងដកហូត៖

* ម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០១កញ្ចប់តូច ទម្ងន់ ០,១២ក្រាម។
* ទូរស័ព្ទដៃចំនួន០៣គ្រឿង រួមមាន៖
ម៉ាក TECNO SPARK ពណ៌ស។
ម៉ាក OPPO ពណ៌ផ្ទៃមេឃ។
ម៉ាក realme ពណ៌ខ្មៅ។
* ដាវកែច្នៃចំនួន ០១ដើម។
* សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។

មុនពេលកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍តាមកម្មវិធីទូរស័ព្ទដៃ NoDrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនចំនួន០៤បណ្តឹង ដែលពាក់ព័ន្ធនឹងករណីតែមួយ និងទីតាំងតែមួយ នៅចំណុចភូមិបុរីកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។

ក្រោយពីទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន បានចុះទៅដល់ទីតាំងខាងលើ ដើម្បីធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវ រហូតឈានដល់ការបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ព្រមទាំងដកហូតវត្ថុតាង រួមមាន ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០១កញ្ចប់តូច ទូរស័ព្ទដៃចំនួន ០៣គ្រឿង ដាវកែច្នៃចំនួន ០១ដើម និងសម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បន្ទាប់មក សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង ០៣នាក់ មកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីធ្វើការសាកសួរ និងអនុវត្តនីតិវិធីបន្ត។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង០៣នាក់បានឆ្លើយសារភាពថា ពួកគេបានចូលលុយគ្នាទិញគ្រឿងញៀនចំនួន០១កញ្ចប់តូចពីមុខសញ្ញាមិនស្គាល់អត្តសញ្ញាណម្នាក់នៅខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងតម្លៃ ១០.០០០រៀល ដើម្បីយកមកប្រើប្រាស់រួមគ្នា។

ចំពោះករណីខាងលើ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល កំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print