ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦នេះ បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាទីមោទនៈរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា ក្នុងការកសាងមូលដ្ឋានគ្រឹះដើម្បីប្រែក្លាយរបៀបរបបធ្វើការរបស់រដ្ឋសភាឆ្ពោះទៅកាន់សភាឌីជីថល ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា និងនិន្នាការសកលលោកដែលមានការរីកចម្រើនយ៉ាងខ្លាំងលើបច្ចេកវិទ្យា ដើម្បីលើកកម្ពស់តួនាទី និងភារកិច្ចរបស់រដ្ឋសភា នៅក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សភាឌីជីថលឬសភាអេឡិចត្រូនិក ជាការឆ្លើយតបទៅនឹងភាពចាំបាច់ក្នុងការលើកកម្ពស់តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ក៏ដូចជាការងារនីតិប្បញ្ញត្តិ។ ការធ្វើបរិវត្តកម្មនេះ គឺជាកម្លាំងចលករដ៏សំខាន់ក្នុងការលុបបំបាត់របាំងការិយាធិបតេយ្យ កាត់បន្ថយការប្រើប្រាស់ក្រដាស សន្សំសំចៃពេលវេលា ព្រមទាំងជាស្ពានតភ្ជាប់ប្រកបដោយនវានុវត្តន៍ក្នុងការធ្វើឱ្យស្ថាប័នសភាកាន់តែមានភាពរហ័សរហួន និងរស់រវើកក្នុងការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។
សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍បែបនេះនៅក្នុងឱកាសដែល សម្តេច បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ស្ដីពី «ការអភិវឌ្ឍសភាអេឡិចត្រូនិក (e-Parliament)» របស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ តុលានេះ រៀបចំឡើងដោយអគ្គលេខាធិការដ្ឋានរដ្ឋសភា។
សូមជម្រាបថា ការធ្វើទំនើបកម្មស្ថាប័នរដ្ឋសភាទៅជាសភាឌីជីថល បានចាប់ផ្តើមអនុវត្តនៅក្នុងនីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ សិក្ខាសាលានាពេលនេះ រៀបចំឡើងក្នុងគោលបំណងរាយការណ៍ជូនថ្នាក់ដឹកនាំ និងសមាជិក សមាជិការដ្ឋសភា អំពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗនានា ដែលក្រុមការងារសម្រេចបានក្នុងការរៀបចំសភាអេឡិចត្រូនិក ក្នុងរយៈពេលជាង ៣ឆ្នាំកន្លងមកនេះ ដើម្បីស្នើសុំមតិយោបល់ និងធាតុចូលបន្ថែមលើកិច្ចការដែលក្រុមការងារបានរៀបចំ សំដៅធ្វើឱ្យការកសាងសភាអេឡិចត្រូនិករបស់រដ្ឋសភាមានលក្ខណៈគ្រប់ជ្រុងជ្រោយ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់តំណាងរាស្ត្រ។
សម្តេចប្រធានរដ្ឋសភា បានថ្លែងការកោតសរសើរថ្នាក់ដឹកនាំ មន្ត្រីរាជការអគ្គលេខាធិការដ្ឋានរដ្ឋសភា ក្រោមការដឹកនាំរបស់ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងជាប្រធានក្រុមការងារ សភាអេឡិចត្រូនិក ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការង និងជាអនុប្រធានប្រចាំការក្រុមការងារ សភាអេឡិចត្រូនិក។ សម្តេចក៏បានអរគុណ ឯកឧត្តម លី ឆេង អនុប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា និងជាទីប្រឹក្សាជាន់ខ្ពស់នៃក្រុមការងារសភាអេឡិចត្រូនិក ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអភិវឌ្ឍ និងរៀបចំសភាអេឡិចត្រូនិក និងបានផ្តួចផ្តើមរៀបចំឱ្យមានសិក្ខាសាលានេះឡើង។
សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា សិក្ខាសាលាពិគ្រោះយោបល់ស្តីពី «ការអភិវឌ្ឍសភាអេឡិចត្រូនិក (e-Parliament) នេះ មានសារៈសំខាន់ក្នុងការគាំទ្រដល់អភិបាលកិច្ចល្អ កំណែទម្រង់ស៊ីជម្រៅ និងការធ្វើទំនើបកម្មស្ថាប័ន។ ការអភិវឌ្ឍស្ថាប័នរដ្ឋសភាជាសភាឌីជីថល មិនត្រឹមតែជាការអនុវត្តឱ្យទាន់នូវចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប៉ុណ្ណោះទេ ប៉ុន្តែបានធ្វើសមាហរណកម្មរដ្ឋសភាកម្ពុជា ជាមួយបណ្តាសភាក្នុងតំបន់និងអន្តរជាតិ ដើម្បីងាយស្រួលក្នុងការផ្លាស់ប្តូរបទពិសោធ ឯកសារយោងផ្លូវច្បាប់ និងកិច្ចសហប្រតិបត្តិការអន្តរជាតិបានទាន់ពេលវេលា។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍លើកឡើងថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងមុតស្រួចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់លើរាជរដ្ឋាភិបាលឌីជីថល (E-Government) ជាអាទិភាពគន្លឹះទី១ ដើម្បីកសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ច និងសង្គមឌីជីថល ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាព និងតម្លាភាពនៃសេវាសាធារណៈ។
ការអភិវឌ្ឍស្ថាប័នរដ្ឋសភាជាសភាឌីជីថល ជាការចាំបាច់ត្រូវធ្វើ ដើម្បីលើកកម្ពស់ការបំពេញតួនាទីស្នូលទាំងបីរបស់រដ្ឋសភា (ការបង្កើតច្បាប់ ការតាមដានការអនុវត្តច្បាប់ និងភាពជាតំណាងរបស់ប្រជាពលរដ្ឋ) ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត តាមរយៈការអនុវត្ត នូវការកសាងច្បាប់ និងការពិនិត្យសេចក្តីព្រាងច្បាប់បែបឌីជីថល ដោយការប្រើប្រាស់បច្ចេកវិទ្យាក្នុងការចែករំលែកឯកសារកិច្ចប្រជុំ ការបោះឆ្នោត និងការរក្សាទុកបណ្ណសារដ្ឋានច្បាប់ដោយសុវត្ថិភាព និងមានល្បឿនលឿន។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានប្រសាសន៍លើកឡើងបន្តថា ការវិវត្តរបស់ស្ថាប័ននីតិប្បញ្ញត្តិយើង គឺត្រូវតែបោះជំហានដើរស្របគ្នាជាមួយស្ថាប័ននីតិប្រតិបត្តិ ដោយផ្តោតជាយុទ្ធសាស្ត្រលើ «បរិវត្តកម្មឌីជីថល និងការអភិវឌ្ឍធនធានមនុស្ស» ដែលជាស្លាបទាំងពីរនៃការធ្វើទំនើបកម្មស្ថាប័ន។ ការកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល និងការប្រែខ្លួនរបស់រដ្ឋសភាជាស្ថាប័ននីតិប្បញ្ញត្តិឌីជីថល គឺជាកម្លាំងចលករ អមដំណើរគ្នាទៅវិញទៅមកដ៏មានឥទ្ធិពលដែលមិនអាចកាត់ផ្តាច់ពីគ្នាបាន ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យ ក្នុងការកសាងកម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕
ដោយ៖តារា










