រដ្ឋបាលខេត្តកណ្តាល រៀបចំបាឋកថាពង្រឹងសមត្ថភាព នឹងត្រៀមលក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧

ចែករំលែក៖

ខេត្តកណ្តាល ៖ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គលេខាធិការង និងជាប្រធានក្រុមទីប្រឹក្សារដ្ឋសភា លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ស្រ៊ុន ស្រីនាង អភិបាលរងខេត្ត តំណាង លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាគណៈអធិបតី ក្នុងកម្មវិធីស្តាប់បាឋកថា ស្តីពី «គោលដៅឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧» ផ្តោតលើការយល់ដឹងអំពីស្ថានការណ៍ជាតិ តំបន់ និងអន្តរជាតិ និង ការកសាងយុទ្ធសាស្ត្រទំនាក់ទំនង ដើម្បីយកប្រៀបឈ្នះក្នុងការបោះឆ្នោត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ទីរ អង្គភាពពាក់ព័ន្ធ សមាជិកក្រុមប្រឹក្សាក្រុង-ស្រុក អភិបាលក្រុង-ស្រុក សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ស្មៀនឃុំ-សង្កាត់ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

 

មានមតិស្វាគមន៍ក្នុងកម្មវិធីនេះ លោកស្រី ស្រ៊ុន ស្រីនាង បានអំពាវនាវដល់សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក មេឃុំ ចៅសង្កាត់ មន្ត្រីមូលដ្ឋាន និងយុវជនទាំងអស់ ឱ្យយកចិត្តទុកដាក់ស្តាប់ កត់ត្រាចំណុចសំខាន់ៗ និងចូលរួមលើកជាសំណួរដើម្បីស្វែងយល់ឱ្យបានកាន់តែច្បាស់ ព្រមទាំងយកចំណេះដឹងដែលទទួលបានទៅអនុវត្តជាក់ស្តែងក្នុងការបម្រើប្រជាពលរដ្ឋ និងអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព ។

 

ក្នុងកម្មវិធីនេះ លោកបណ្ឌិត ឈាង វណ្ណារិទ្ធ បានធ្វើបទបង្ហាញ និងចែករំលែកនូវចំណេះដឹង ព័ត៌មាន និងទស្សនៈសំខាន់ៗពាក់ព័ន្ធនឹងស្ថានការណ៍ជាតិ តំបន់ និងអន្តរជាតិ ព្រមទាំងលើកឡើងពីសារៈសំខាន់នៃការរៀបចំយុទ្ធសាស្ត្រទំនាក់ទំនងឱ្យសមស្របទៅនឹងបរិបទនៃសង្គមទំនើប។ ជាមួយគ្នានេះ លោកបណ្ឌិត ក៏បានបកស្រាយអំពី ខ្លឹមសារនៃបាឋកថា និងបានផ្តល់ជាធាតុចូលជាច្រើន សម្រាប់អ្នកចូលរួម ក្នុងការយល់ដឹងកាន់តែច្បាស់អំពីការងារនៅមូលដ្ឋាន និងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ។

 

មានប្រសាសន៍ក្នុងឱកាសនោះដែរ លោក នូ សាខន បានលើកឡើងថា រដ្ឋបាលខេត្តកណ្តាលតែងតែយកចិត្តទុកដាក់លើការពង្រឹងសមត្ថភាពមន្ត្រីរាជការ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដើម្បីបង្កើនចំណេះដឹង ជំនាញ និងសមត្ថភាព ឲ្យកាន់តែសមស្របទៅនឹងតម្រូវការការងារ និងការវិវត្តនៃសង្គម។

 

លោក ប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញដល់មន្ត្រី និងអ្នកចូលរួមទាំងអស់ ឱ្យយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីបាឋកថានេះ ទៅអនុវត្តឱ្យមានប្រសិទ្ធភាពនៅតាមមូលដ្ឋានរបស់ខ្លួន ជាពិសេសការពង្រឹងការផ្តល់សេវាសាធារណៈ ការដោះស្រាយបញ្ហាប្រជាពលរដ្ឋ ការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព និងការចូលរួមក្នុងការអភិវឌ្ឍមូលដ្ឋាន៕

...

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print