ភ្នំពេញ៖ ជនជាតិវៀតណាម៨នាក់ ត្រូវកម្លាំងនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សុខ ផល និងមានការសម្របសម្រួលពីលោក សៀង សុខ ព្រះអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ជាលទ្ធផលឃាត់ខ្លួនបុរសជនជាតិវៀតណាមចំនួន៨នាក់ទៀត ។
ករណីចុះបង្រ្កាបជនជាតិវៀតណាមខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦នេះ នៅទីតាំងផ្ទះល្វែងតាម(ភោជនីយដ្ឋានយីហោភ្នំពេញខេមរា) ស្ថិតនៅផ្លូវលេខ៦១ កែង១០៨ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋាន បានបញ្ជាក់ថា ពួកគេជាកម្មករសំណង់ជនជាតិវៀតណាមជួលស្នាក់នៅ បានចំនួន៨នាក់ មានលិខិតឆ្លងដែន៣ក្បាល ទិដ្ឋាការទេសចរណ៍ តែមកបម្រើការងារខុសទិសដៅ និងគ្មានលិខិតឆ្លងដែនចំនួន៥នាក់។
ពាក់ព័ន្ធនិងករណីនេះផងដែរ លោកក៏បានធ្វើការអំពាវនាវនិងសុំឲ្យជនបទេសដែលស្នាក់នៅនិងធ្វើការសុំច្បាប់ និងគោរពច្បាប់ប្រទេសកម្ពុជាផង បើពុំនោះទេសមត្ថកិច្ចនឹងចាត់វិធានការដោយពុំលើកលែងឡើយ។
លោកឧត្ដមសេនីយ៍ទោបានបន្តបន្ថែមទៀតថា កន្លងមកលោកបានធ្វើការអំពាវនាវដល់ម្ចាស់ រោងចក្រ សហគ្រាស់ និងសិប្បកម្ម ការដ្ឋាន នានា ទាំងអស់ឲ្យបញ្ឈប់ការជួលកម្មករបរទេសដែលចូលមកដោយខុសច្បាប់មកធ្វើការបន្តទៀតនៅក្នុងការរដ្ឋាននិងសិប្បកម្មរបស់ខ្លួន បើពុំនោះទេសមត្ថកិច្ចនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ចំពោះអ្នករឹងទទឹង៕
...
ដោយ៖ ស តារា