អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន៖ ប្រធានាធិបតីហ្វីលីពីនជំរុញឱ្យមាន ការពង្រឹងតួនាទីដ៏សំខាន់របស់ ក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT ជាពិសេសនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ ថ្លែងនៅក្នុងជំនួបសម្តែងការគួរសមជាមួយលោកនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន លោកនាយឧត្តមសេនីយ៍ ANTONIO G. NAFARRETE បានមានប្រសាសន៍ថា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ ប្រធានាធិបតីហ្វីលីពីនបានជំរុញឱ្យមានការពង្រឹងតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ជាពិសេសនៅក្នុងប្រទេសកម្ពុជា។ ក្នុងនាមជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន ហ្វីលីពីនបានប្តេជ្ញាអនុវត្តការងារដោយស្មោះត្រង់ តម្លាភាព និងមិនលម្អៀង ដើម្បីរួមចំណែកក្នុងការកសាងទំនុកចិត្ត ថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

 

ក្នុងជំនួបនេះ បានធ្វេីឡេីងនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងការពារជាតិ ជាឱកាសដ៏សំខាន់ក្នុងការពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពហ្វីលីពីន ព្រមទាំងពិភាក្សាអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត។

 

នាឱកាសនោះ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះប្រទេសហ្វីលីពីន ដែលបានបំពេញតួនាទីជាប្រធានអាស៊ាន និងដឹកនាំក្រុមអ្នកសង្កេតការណ៍អាស៊ាននៅឆ្នាំនេះ។ លោកក៏បានសម្តែងការអបអរសាទរចំពោះ លោកអគ្គមេបញ្ជាការកងទ័ពហ្វីលីពីន ដែលទទួលបានការទុកចិត្ត និងតែងតាំងដោយរដ្ឋាភិបាលហ្វីលីពីន ឱ្យកាន់តំណែងដ៏សំខាន់នេះ។

 

នាយឧត្តមសេនីយ៍ ANTONIO G. NAFARRETE បានលើកឡើងថា លោកបានអញ្ជើញមកកម្ពុជាកាលពីខែកក្កដាកន្លងទៅ ហើយបានជួបពិភាក្សាការងារជាមួយ លោកអគ្គមេបញ្ជាការ ខ.ភ.ម។ ចាប់តាំងពីពេលនោះមក ភាគីទាំងពីរបានបន្តប្រាស្រ័យទាក់ទង និងសហការគ្នាយ៉ាងជិតស្និទ្ធជាបន្តបន្ទាប់។

 

អគ្គមេបញ្ជាការកងទ័ពហ្វីលីពីនរូបនេះ បានបញ្ជាក់ថា ប្រទេសហ្វីលីពីនផ្តល់តម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយកម្ពុជា ដោយផ្អែកលើអនុស្សរណៈនៃការយោគយល់គ្នា ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៧។ កិច្ចសហប្រតិបត្តិការនេះផ្តោតលើការពង្រឹងទំនាក់ទំនងប្រកបដោយភាពស្មោះត្រង់ ការគោរព និងការផ្តល់កិត្តិយសទៅវិញទៅមក ព្រមទាំងការស្វែងរកផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ។

 

នាយឧត្តមសេនីយ៍ ANTONIO G. NAFARRETE បានបញ្ជាក់បន្ថែមថា ក្នុងនាមជាប្រធានអាស៊ាននៅឆ្នាំនេះ ប្រធានាធិបតីហ្វីលីពីនបានជំរុញឱ្យមានការពង្រឹងតួនាទីដ៏សំខាន់របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ជាពិសេសនៅក្នុងប្រទេសកម្ពុជា។ ក្នុងនាមជាប្រធានក្រុមអ្នកសង្កេតការណ៍អាស៊ាន ហ្វីលីពីនបានប្តេជ្ញាអនុវត្តការងារដោយស្មោះត្រង់ តម្លាភាព និងមិនលម្អៀង ដើម្បីរួមចំណែកក្នុងការកសាងទំនុកចិត្ត ថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។

 

ជាមួយគ្នានេះ អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ក្រសួងការពារជាតិកម្ពុជា និងកងយោធពលខេមរភូមិន្ទ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ និងការគាំទ្រដល់មន្ត្រីហ្វីលីពីន ដែលកំពុងបំពេញភារកិច្ចនៅកម្ពុជា។ លោកក៏បានជម្រាបថា នៅថ្ងៃបន្ទាប់ លោកនឹងអញ្ជើញទៅកាន់ខេត្តសៀមរាប ដើម្បីជួបពិភាក្សាការងារជាមួយក្រុមអ្នកសង្កេតការណ៍អាស៊ាន។

 

នៅក្នុងឱកាសនោះដែរ រដ្ឋមន្ត្រីក្រសួងការពារជាតិ និងអគ្គមេបញ្ជាការកងទ័ពហ្វីលីពីន បានផ្លាស់ប្តូរទស្សនៈ និងព័ត៌មានអំពីស្ថានការណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបញ្ហាប្រឈមនានាដែលកំពុងកើតមាន ដូចជា ការប្រែប្រួលអាកាសធាតុ សន្តិសុខតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងបញ្ហាប្រឈមថ្មីៗក្នុងវិស័យការពារជាតិ។ ភាគីទាំងពីរក៏បានពិភាក្សាអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ ការបណ្តុះបណ្តាល ការអប់រំយោធា និងការចូលរួមក្នុងសកម្មភាពរួមនានា ដើម្បីរួមចំណែកដល់ការពង្រឹងសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។

...

 

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ANTONIO G. NAFARRETE បានបញ្ជាក់សារជាថ្មីថា ហ្វីលីពីនប្តេជ្ញាចិត្តគាំទ្រ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិជាមួយកម្ពុជា ឱ្យកាន់តែស៊ីជម្រៅ មានប្រសិទ្ធភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកបន្ថែមទៀត៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print