ជប៉ុនបាញ់បង្ហោះយានអវកាសស្រាវជ្រាវ ភពអង្គារដោយជោគជ័យ

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា នៅថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២៦ អ្នកវិទ្យាសាស្ត្រជប៉ុន បានបាញ់បង្ហោះយានអវកាសដោយជោគជ័យ ក្នុងគោលដៅក្លាយជាបេសកកម្មដំបូងគេ ដែលនាំយកសំណាកពីព្រះចន្ទមួយរបស់ភពអង្គារ (Mars) ត្រឡប់មកផែនដីវិញ។ បេសកកម្មនេះ ត្រូវបានអ្នកវិទ្យាសាស្រ្តអះអាងថា នឹងអាចជួយបកស្រាយអំពីការកកើតនៃប្រព័ន្ធព្រះអាទិត្យ ក៏ដូចជាជីវិតនៅលើផែនដី។

យោងតាមការផ្សាយផ្ទាល់របស់ទីភ្នាក់ងារអវកាសជប៉ុន (JAXA) រ៉ុក្កែតអវកាសធំជាងគេរបស់ប្រទេសជប៉ុន ដែលផ្ទុកយានស្រាវជ្រាវ ឈ្មោះថា Martian Moons eXploration (MMX) បានហោះឡើងទៅលើផ្ទៃមេឃងងឹតសូន្យសុង ចេញពីមជ្ឈមណ្ឌលអវកាស Tanegashima កាលពីវេលាម៉ោង ៤៖៤១នាទីទាបភ្លឺ។ ជាងមួយម៉ោងក្រោយមក ទីភ្នាក់ងារ JAXA បានប្រកាសថា យាន MMXបានផ្តាច់ខ្លួនចេញពីរ៉ុក្កែត H3 ដោយជោគជ័យ ហើយកំពុងចាប់ផ្តើមដំណើរឆ្ពោះទៅកាន់ប្រព័ន្ធភពអង្គារ។
បេសកកម្មខាងលើ ត្រូវបានរំពឹងថា នឹងទៅដល់ក្បែរភពអង្គារ នៅខ្ទង់ខែសីហា ឆ្នាំ២០២៧ ហើយវានឹងស្ថិតក្រឡឹងជុំវិញព្រះចន្ទមួយ របស់ភពក្រហមនោះ គឺព្រះចន្ទឈ្មោះថា Phobos។ ក្រោយមក នៅអំឡុងឆ្នាំ២០២៨ និង២០២៩ យាន rover អាចចល័តបាន ដែលអភិវឌ្ឍដោយបារាំងនិងអាល្លឺម៉ង់ មានឈ្មោះថា IDEFIX នឹងក្លាយជាយានដំបូងគេដែលធ្វើដំណើរនៅលើផ្ទៃព្រះចន្ទ Phobos។ យាននេះនឹងធ្វើការសង្កេតលើផ្ទៃដី ដើម្បីជួយធានាថា ការចុះចតប្រព្រឹត្តទៅដោយសុវត្ថិភាព។
បន្ទាប់មកទៀត នៅពេលយាន MMX ចុះទៅដល់ Phobos ផ្ទាល់តាមក្រោយ វានឹងប្រមូលសំណាកវត្ថុធាតុពីផ្ទៃព្រះចន្ទនេះយ៉ាងតិច ១០ក្រាម ក្រោយចំណាយពេលប្រហែល៣ឆ្នាំ នៅក្នុងប្រព័ន្ធភពអង្គារ។ ទីបំផុត បេសកកម្មនេះនឹងវិលត្រឡប់មកភពផែនដីវិញ នៅឆ្នាំ២០៣១។
ក្រុមអ្នកវិទ្យាសាស្ត្រសង្ឃឹមថា បេសកកម្មនេះនឹងជួយត្រួសត្រាយ ផ្លូវសម្រាប់បេសកកម្មរុករកដោយមនុស្ស នាពេលអនាគត។ JAXA រំពឹងថា បេសកកម្ម MMX នឹងជួយលាតត្រដាងពីរបៀបដែលភពអង្គារ និងព្រះចន្ទទាំងពីររបស់វាកកើតឡើង ដែលជាចំណេះដឹងដ៏សំខាន់មួយ សម្រាប់ការស្វែងយល់ពីកំណកំណើតនៃប្រព័ន្ធព្រះអាទិត្យរបស់យើង៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print