ភ្នំពេញ៖ កម្ពុជាបានចុះហត្ថលេខាលើឯកសារសំខាន់ចំនួនពីរជាមួយក្រូអាត ដើម្បីបង្កើននូវចំណងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការការទូតទ្វេភាគីជាមួយគ្នា ខណៈចំណងទាក់ទងរវាងប្រទេសទាំងពីរបានឈានដល់ខួប៣០ឆ្នាំក្នុងឆ្នាំនេះ។
ក្នុងពិធីចុះហត្ថលេខានោះបានធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ក្នុងពេលដំណើរទស្សនកិច្ចផ្លូវការរបស់លោក ហ្គ័រដាន់ ហ្កឺលីច រ៉ាដម៉ាន់ (Gordan Grlić Radman) រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុបរបស់ក្រូអាត នៅកម្ពុជា ដោយលោក ហ្គ័រដាន់ ហ្កឺលីច រ៉ាដម៉ាន់ បានចុះហត្ថលេខារួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន។
បើតាមក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ឯកសារដែលត្រូវបានចុះហត្ថលេខានៅរាជធានីភ្នំពេញ ពេលនេះ រួមមាន១) កិច្ចព្រមព្រៀងស្ដីពីការលើកលែងតម្រូវការទិដ្ឋាការសម្រាប់អ្នកកាន់លិខិតឆ្លងដែនការទូត និង២) អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេសកម្ពុជា និងបណ្ឌិត្យសភាការទូត នៃក្រសួងការបរទេសក្រូអាត។
លើកឡើងនៅក្នុងជំនួបទ្វេភាគី មុនពិធីចុះហត្ថលេខា លោក ប្រាក់ សុខុន និងលោក ហ្គ័រដាន់ ហ្កឺលីច រ៉ាដម៉ាន់ បានសម្តែងនូវការពេញចិត្តចំពោះចំណងមិត្តភាពយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងកម្ពុជា និងក្រូអាត ដែលភាគីទាំងពីរ បានកត់សម្គាល់ថា មានភាពរីកចម្រើនក្នុងរយៈពេលបីទសវត្សរ៍កន្លងមកនេះ ខណៈដែលប្រទេសទាំងពីរបានប្រារព្ធខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតក្នុងឆ្នាំ២០២៦នេះ។
រដ្ឋមន្ត្រីការបរទេសទាំងពីរ បានពិភាក្សាយ៉ាងស៊ីជម្រៅអំពីមធ្យោបាយនានាក្នុងការពង្រឹងពង្រីកនូវកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតលើវិស័យអាទិភាពមួយចំនួន រួមមាន ពាណិជ្ជកម្ម និងការវិនិយោគ កសិ-ឧស្សាហកម្ម ការដឹកជញ្ជូន និងភស្តុភារកម្ម អប់រំ ទេសចរណ៍ ការបោសសម្អាតមីន និងទំនាក់ទំនងប្រជាជននិងប្រជាជន។
ភាគីទាំងពីរ ក៏បានបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងវេទិកាពហុភាគីនានា ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់ និងពិភពលោក ដោយផ្អែកលើគោលការណ៍ពហុភាគីនិយម និងការគោរពច្បាប់អន្តរជាតិ។
តាមរយៈជំនួបដដែលនោះ ប្រមុខការទូតកម្ពុជា ក៏បានលើកឡើងបន្ថែមដោយប្រាប់ទៅគណៈប្រតិភូក្រូអាតអំពីបច្ចុប្បន្នភាពនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ផងដែរ។
គួរកត់សម្គាល់ថា លោក Gordan Grlić Radman និងគណៈប្រតិភូ បានចាប់ផ្ដើមបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីថ្ងៃទី១៩ ខែតុលា តាមការអញ្ជើញរបស់សមភាគីកម្ពុជា គឺលោក ប្រាក់ សុខុន។ ដំណើរទស្សនកិច្ចនេះ ដើម្បីស្វែងរកការពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែជិតស្និទ្ធរវាងកម្ពុជា និងក្រូអាត៕ដោយ៖តារា










