ខេត្តព្រះវិហារ៖ កម្លាំងនគរបាលស្រុកជ័យសែន សហការជាមួយកម្លាំងការិយាល័យជំនាញ បានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចប្រាក់ព្រះសង្ឃនៅវត្តទួលបល្ល័ង្គ ស្ថិតក្នុងភូមិស្លែង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ ដែលមានចំនួន ៤,៤០០,០០០រៀល។
លោកវរសេនីយ៍ឯក រិទ្ធ សូណា អធិការនគរបាលស្រុកជ័យសែន បានឱ្យដឹងថា នៅវេលាម៉ោង ៧៖៣០នាទីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ កម្លាំងអធិការដ្ឋាននគរបាលស្រុកជ័យសែន បានទទួលព័ត៌មានពីប៉ុស្តិ៍នគរបាលរដ្ឋបាលខ្យង អំពីករណីជនសង្ស័យលួចប្រាក់ព្រះសង្ឃនៅវត្តទួលបល្ល័ង្គ។
ក្រោយទទួលបានព័ត៌មាន និងអនុវត្តន៍តាមបទបញ្ជាលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ កម្លាំងជំនាញព្រហ្មទណ្ឌស្រុកជ័យសែន បានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ចុះស្រាវជ្រាវ និងកំណត់មុខសញ្ញា រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួនម្នាក់ នៅចំណុចកែងការ៉ាស់សាំងស្ទឹងសែន ក្នុងក្រុងព្រះវិហារ ខេត្តព្រះវិហារ។
លោកអធិការស្រុកថ្លែងបញ្ជាក់ទៀតថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ សឿន កុសលភេទប្រុស អាយុ៣៦ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិត ប្រាកដ មានទីកន្លែងកំណើតនៅភូមិព្រៃថ្មី ឃុំព្រៃថ្មី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យរូបនេះក៏ធ្លាប់បានបួសជាព្រះសង្ឃគង់នៅវត្តនេះរយះពេលខ្លីដែរ។ មុនពេលកើតហេតុដោយសារ ឃើញ គ្រូចៅអធិការវត្តរវល់ដឹកនាំព្រះសង្ឃធ្វើពលកម្ម ឃើញឱកាសល្អក៏ចូលលួចយកប្រាក់តែម្តង។
ជនសង្ស័យកំពុងត្រូវបានកម្លាំងនគរបាលកសាងសំណុំរឿង និងនីតិវិធី ដើម្បីបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្តតាមច្បាប់៕










