ខេត្តកំពង់ស្ពឺ÷ អាជ្ញាធរអំពាវនាវប្រជាពលរដ្ឋដែលជិះមធ្យោបាយទៅមើលស្រែស្រូវត្រូវមានការប្រុងប្រយត្ន័រក្សាមធ្យោបាយខ្លួនឯង។ ពីព្រោះថា មានប្រជាពលរដ្ឋដែលឈឺម៉ូតូទៅមើលស្រែត្រូវចោលលួចយកម៉ូតូបង្កការភ្ញាក់ផ្អើលច្រើនករណីមកហើយ។
ជាក់ស្ដែងករណីចោរកម្មលួចម៉ូតូមួយបានកើតឡើងថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័កព.ស២៥៧០ ត្រូវនឹងថ្ងៃទី២១/១០/២០២៦ វេលាម៉ោង១៤:៣០នាទី នៅចំណុចវាលស្រែ ស្ថិតក្នុងភូមិតានួន ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាលបានឱ្យដឹងថា ជនសង្ស័យមិនស្គាល់អត្តសញ្ញាណដើរកាត់ភ្លឺស្រែលួចយកម៉ូតូ១គ្រឿងម៉ាកហុដាឌ្រីមC125 ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពុំស្គាល់លេខតួនិងលេខម៉ាស៊ីន ពាក់ផ្លាកលេខភ្នំពេញ 1FT -3868 របស់ជនរងគ្រោះខឹម សុធា ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ដែលជិះម៉ូតូទៅស្រែ បានបញ្ឃរម៉ូតូទុកនៅលើភ្លឺស្រែ ដោយពុំបានដកកូនសោចេញពីម៉ូតូ រួចក៏ដើរចូលក្នុងដើម្បីបាចជីដាក់ស្រែ។ ពេលកំពុងតែរវល់បាចជីដាក់ស្រែ ត្រូវបានជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចយកម៉ូតូរបស់ជនរងគ្រោះខាងលើ ហើយជិះគេចខ្លួនទៅទិសខាងជើងបាត់។
លុះដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ កម្លាំងជំនាញបន្តនីតិវិធី ធ្វើការស្រាវជ្រាវរហូតដល់ឃាត់ខ្លួនជនសង្ស័យឈ្មោះសុខ រ៉ា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិតាដែងចាស់ ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ រួមទាំងវត្ថុតាង(ម៉ូតូ០១គ្រឿងរបស់ជនរងគ្រោះ) យកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដើម្បីចាត់ការតាមនីតិវិធី។
តាមចម្លើយរបស់ជនសង្ស័យ(សុខ រ៉ា) បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូ របស់ជនរងគ្រោះ(ខឹម សុធា) ប្រាកដមែន។ ចំពោះវត្ថុតាង (ម៉ូតូ) សមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញ ៕
ដោយ៖ សុរិយា










