ខេត្តពោធិ៍សាត់៖ ក្លិបអ្នកកាសែតកម្ពុជា បានដឹកនាំក្រុមអ្នកសារព័ត៌មានមកពី២២ស្ថាប័ន ចុះបំពេញបេសកកម្មសារព័ត៌មាននៅខេត្តពោធិ៍សាត់ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦ ដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំអំពីសក្តានុពលទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍនៅក្នុងខេត្ត។
ក្នុងឱកាសនេះ ក្រុមអ្នកសារព័ត៌មានត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។ តាមកម្មវិធីដែលបានគ្រោងទុក ប្រតិភូអ្នកសារព័ត៌មាននឹងចុះទៅកាន់ស្រុកវាលវែង ដើម្បីស្វែងយល់ពីការអភិវឌ្ឍនៅតំបន់អន្ទង់អាំង តំបន់អូរសោម ទំនប់វារីអគ្គិសនី និងស្ពានខ្ពស់ជាងគេ។ ក្រៅពីនេះ ក្រុមអ្នកសារព័ត៌មានក៏នឹងស្វែងយល់ពីការអភិវឌ្ឍនៅក្រុងពោធិ៍សាត់ ស្រុកភ្នំក្រវាញ និងស្រុកក្រគរផងដែរ។
បេសកកម្មនេះមានគោលបំណងជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ធម្មជាតិ និងសមិទ្ធផលនៃការអភិវឌ្ឍនៅខេត្តពោធិ៍សាត់ តាមរយៈការចូលរួមរបស់អ្នកសារព័ត៌មានមកពីស្ថាប័នចំនួន២២ ដើម្បីឱ្យសាធារណជនកាន់តែស្គាល់ពីតំបន់ទេសចរណ៍ ភាពទាក់ទាញ និងឱកាសអភិវឌ្ឍនានាក្នុងខេត្ត។
តាមរយៈការចុះយកព័ត៌មានដោយផ្ទាល់នេះ ក្រុមអ្នកសារព័ត៌មាននឹងចូលរួមផ្សព្វផ្សាយព័ត៌មាន និងរូបភាពពីសក្តានុពលទេសចរណ៍ធម្មជាតិ ព្រមទាំងការរីកចម្រើននៃការអភិវឌ្ឍក្នុងខេត្តពោធិ៍សាត់ទៅកាន់សាធារណជនឱ្យបានទូលំទូលាយ៕
ក្លឹបអ្នកកាសែតកម្ពុជា













