សមត្ថកិច្ច កោះហៅបុរសម្នាក់ ជាអ្នកបើករថយន្ត ដែលបានវាយយុវជនបង្ហោះម៉ូតូ មកធ្វើកិច្ចសន្យាអប់រំ ឲ្យបញ្ឈប់ការប្រើហិង្សា បែបនេះទៀត

ចែករំលែក៖

ភ្នំពេញ ៖ ករណីហិង្សាមួយកើតឡើងនៅចំណុចផ្លូវលេខ១០០៣ ភូមិគង្គាផុស សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០០:៣០នាទី ឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ដោយបុរសម្នាក់ជាអ្នកបើកបររថយន្ត Toyota Prius មួយគ្រឿងបើកបរតែម្នាក់ឯងចេញពីទិញម្ហូបនៅរង្វង់មូលកាំកូឆ្ពោះទៅហ្គ្រេនភ្នំពេញ តាមបណ្តោយផ្លូវ១០០៣ ស្រាប់តែមានក្រុមក្មេងប្រមូលផ្ដុំមួយក្រុមមានម៉ូតូ៤ទៅ៥គ្រឿង ក្នុងចំណោមនោះមានម៉ូតូ១គ្រឿងមានគ្នា២នាក់ បានជិះឌុបគ្នាបង្ហោះម៉ូតូនៅខាងមុខរថយន្ត ហើយម៉ូតូក៏បានចាប់ហ្វាំង នៅខាងមុខរថយន្ត ប៊ិះនឹងរថយន្តបុកម៉ូតូនោះ ពេលនោះបុរសជាអ្នកបើកបររថយន្ត ក៏កើតចិត្តខឹង នឹងបានជិះដេញតាមក្មេងជិះម៉ូតូម៉ាកC125បង្ហោះនោះ រហូតដល់ចំណុចកើតហេតុខាងលើ ហើយភាគីខាងរថយន្ត Toyota Prius ក៏បានចុះពីលើរថយន្តទៅប្រើហិង្សាវាយទៅលើក្មេង ( មិនស្គាល់អត្តសញ្ញាណ ) ទាំង២នាក់ រួចក៏ជិះបំបែកគ្នាចេញរៀងៗខ្លួន ។

ក្រោយកើតរឿងហេតុ សមត្ថកិច្ចក៏បានស្រាវជ្រាវ និងរកឃើញបុរសជាអ្នកបើករថយន្ត Toyota Prius នៅពីវេលាម៉ោង១៥:៣០នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ និងបានអញ្ចើញរូបគាត់ចូលមកបំភ្លឺអំពីដំណើររឿងហេតុ នៅចំពោះមុខសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ។

ក្រោយពីសួរនាំរួច ដោយយោងករណីនេះជាហិង្សាស្រាល មិនបង្ករបួសស្នាម និងមានហេតុផលការបង្ហោះម៉ូតូអាចមានការប៉ះពារដល់រថយន្តគាត់ផង។ សមត្ថកិច្ចក៏សុំគោលការណ៍ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងក៏បានធ្វើកិច្ចសន្យាអប់រំ បុរសអ្នកបើករថយន្ត ឲ្យបញ្ឈប់ការប្រើហិង្សា បែបនេះបន្តទៀត ហើយសមត្ថកិច្ចក៏អនុញ្ញាតឲ្យគាត់ត្រឡប់ទៅផ្ទះវិញ។

 

ដោយឡែកចំពោះក្រុមក្មេងបង្ហោះម៉ូតូក៏សមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីអនុវត្តតាមវិធានការជំនាញរបស់សមត្ថកិច្ចផងដែរ។

គួរបញ្ជាក់ថា ៖ ការបង្ហោះម៉ូតូនៅលើដងផ្លូវសាធារណៈ គឺជាការធ្វើឲ្យបាត់បង់នូវសណ្តាប់ធ្នាប់សង្គម ហើយក៏ជាកត្តាបង្កគ្រោះថ្នាក់ឲ្យខ្លួនឯង និងអាចប៉ះពាល់ដល់អ្នកដទៃ និងក៏អាចបង្កឲ្យកើតមានជាគ្រោះថ្នាក់ចរារណ៍ផងដែរ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print