ខេត្តកណ្ដាល៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងសមត្ថកិច្ចនគរបាលស្រុកអង្គស្នួល អនុវត្តដីកាបង្គាប់ឱ្យនាំខ្លួនពាក់ព័ន្ធករណីប្លន់ម៉ូតូ។
ការឃាត់ខ្លួនជនសង្ស័យខាងលើនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ០៧ និង ១០ នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលម្កាក់ នៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានអនុវត្តដីកាបង្គាប់ឱ្យនាំខ្លួនលេខ ១២៤នខ/ធ ចុះថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ របស់សាលាដំបូងខេត្តកណ្ដាល នៅចំណុចភូមិត្រពាំងស្នោរ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យឈ្មោះ អាន ឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅភូមិស្រែកណ្ដោល ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។ តាមលទ្ធផលតេស្តទឹកនោម ជនសង្ស័យមានសារធាតុញៀនវិជ្ជមាន (+)។
ជនសង្ស័យពាក់ព័ន្ធនឹងបទល្មើស លួចមានស្ថានទម្ងន់ទោស (ប្លន់ម៉ូតូ) ដែលបានប្រព្រឹត្តនៅតាមបណ្ដោយផ្លូវគ្រួសក្រហម ក្នុងភូមិត្រពាំងទៃ ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ តាមបញ្ញត្តិមាត្រា៣៥៣ និងមាត្រា៣៥៧ ចំណុចទី១ នៃក្រមព្រហ្មទណ្ឌ។
បច្ចុប្បន្ន កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿង ដើម្បីបន្តអនុវត្តតាមនីតិវិធីច្បាប់៕
ដោយ៖ សីហា សែនសុខ










