ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីអបអរសាទរ ទិវាអង្គការសហប្រជាជាតិ ឆ្នាំ២០២៦ដែលប្រារព្ធឡើងក្នុងឱកាសរំលឹកខួបលើកទី៧១ នៃភាពជាដៃគូរវាងកម្ពុជា និងអង្គការសហប្រជាជាតិ កាលពីល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ម្សិលមិញនេះ នៅសណ្ឋាគារ Raffles Le Royal នាទីក្រុងភ្នំពេញ។
នៅក្នុងសុន្ទរកថា លោកឧបនាយករដ្ឋមន្ត្រី បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះភាពជាដៃគូដ៏យូរអង្វែង និងការរួមចំណែកដ៏មានតម្លៃរបស់អង្គការសហប្រជាជាតិ ក្នុងការចូលរួមកសាងសន្តិភាព ការស្តារនិងកសាងកម្ពុជាឡើងវិញ ព្រមទាំងការចូលរួមចំណែកនៅក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីការរួមចំណែករបស់កម្ពុជាក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ចាប់តាំងពីឆ្នាំ២០០៦ មក និងបានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះការដោះស្រាយវិវាទដោយសន្តិវិធី ការគោរពច្បាប់អន្តរជាតិ និងពង្រឹងពហុភាគីនិយម។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកមនុស្សធម៌ ជំរុញសកម្មភាពអាកាសធាតុ និងការចាកចេញដោយរលូន និងប្រកបដោយចីរភាពរបស់កម្ពុជា ពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នៅឆ្នាំ២០២៩ ខាងមុខ។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តពង្រឹងភាពជាដៃគូជាមួយអង្គការសហប្រជាជាតិ ដោយយកសន្តិភាពជាមូលដ្ឋាន កិច្ចសហប្រតិបត្តិការ ជាកម្លាំង និងការអភិវឌ្ឍប្រកបដោយចីរភាពជាគោលដៅរួម ដើម្បីឆ្ពោះទៅរកអនាគតមួយដែលមានភាពធន់ បរិយាបន្ន និងវិបុលភាពសម្រាប់ទាំងអស់គ្នា។
ជាមួយគ្នានេះនៅក្នុងសុន្ទរកថារបស់លោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានគូសបញ្ជាក់ពីសារៈសំខាន់នៃសាមគ្គីភាពអន្តរជាតិ និងពហុភាគីនិយម ក្នុងការដោះស្រាយបញ្ហាប្រឈមសកល។
លោកស្រីក៏បានលើកឡើងពីភាពជាដៃគូរវាងអង្គការសហប្រជាជាតិ និងរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងដៃគូអភិវឌ្ឍន៍ ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ការពង្រឹងស្ថាប័ន ការពង្រីកលទ្ធភាពទទួលបានសេវាមូលដ្ឋាន ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃលទ្ធផលជាក់ស្ដែង និងពុំទុកនរណាម្នាក់ចោល។
លោកស្រីបានគូសបញ្ជាក់ដោយរំឮកដល់ព្រះរាជបន្ទូលរបស់ព្រះករុណាព្រះបរមរតន កោដ្ឋ នរោត្ដម សីហនុ «ខ្មែររួបរួម ខ្មែរខ្លាំង» ហើយលោកជំទាវចង់ឱ្យពាក្យស្លោកនេះត្រូវបានលើកយកមកអនុវត្តនៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ដោយបង្កើតជាពាក្យស្លោកថា «ប្រជាជាតិរួបរួម ប្រជាជាតិរឹងមាំ»៕
ដោយ៖តារា










