ខេត្តសៀមរាប៖ នគរបាលនៅតែមិនទាន់អាច នាំខ្លួន និងបញ្ចេញអត្តសញ្ញាណអ្នកបើកបរ រថយន្ត Toyota Prius ដែលបុករ៉ឺម៉កម៉ូតូ បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ និង ០៩នាក់រងរបួសនៅឡើយទេ បើទោះបីជាបានបញ្ជាក់ថា មានអ្នកតំណាងភាគីរថយន្ត ចូលមកចារសំណងរដ្ឋប្បវេណី ជាមួយជនរងគ្រោះ និងបញ្ចប់ហើយក្ដី។
រហូតមកដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ នគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅតែមិនទាន់អាច នាំខ្លួន និងបញ្ចេញអត្តសញ្ញាណអ្នក បើកបររថយន្ត Toyota Prius ដែលបុករ៉ឺម៉កម៉ូតូ បណ្ដាលឱ្យមនុស្សម្នាក់ស្លាប់ និង ០៩នាក់រងរបួសនៅឡើទេ បើទោះបីជាបានបញ្ជាក់ថា មានអ្នកតំណាងភាគីរថយន្ត ចូលមកចារសំណងរដ្ឋប្បវេណី ជាមួយជនរងគ្រោះបញ្ចប់ហើយក្ដី។
យោងតាមការឱ្យដឹងពីស្នងការដ្ឋាននគរបាលខេត្ត សៀមរាបថា មានករណីគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង១៥:១០នាទី ចំណុចមុខហាងលក់គ្រឿងសំណង់ ហូយសុចិន្តា ស្ថិត នៅភូមិ គ្រួសសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប លើផ្លូវសម្ដេចហ៊ុនសែនសន្តិភាព (ផ្លូវបេតុងក្រវាត់ក្រុង) រវាងរថយន្ត និងម៉ូតូសណ្ដោងរុឺម៉ក។
ប្រភពដដែលបានបន្តថា រថយន្ត១គ្រឿង ម៉ាក Toyota Prius hybrid ពណ៌ស ផ្លាកលេខ ភ្នំពេញ 2BB- 3816 បើកបរក្នុងល្បឿនលឿន និងមិនប្រកាន់ស្ដាំទិស ដៅពីលិចទៅកើត (ក្រោយបុកអ្នកបើកបររថយន្តបានចុះពីរថយន្តគេចចេញពីកន្លែងកើតហេតុទៅបាត់) បានបុកម៉ូតូសណ្ដោងរុឺម៉កមួយគ្រឿងម៉ាក Honda Winer ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប 1T-9088 បើកដោយឈ្មោះ យ៉ែម សុវន ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ទិសដៅពីកើតទៅលិច ដែលមានមានអ្នករួមដំណើរចំនួន០៩នាក់។
ប្រភពបានបន្ថែមថា ករណីគ្រោះថា្នក់ខាងលើបណ្ដាលអោយ ស្លាប់ មនុស្ស១នាក់ ឈ្នោះ យ៉ែម សុវន អ្នក បើកបរម៉ូតូសណ្ដោងរុឺម៉ក (ស្លាប់ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប) របួសធ្ងន់មនុស្ស២នាក់ របួសស្រាលមនុស្ស៧នាក់ ខូចខាតរថយន្តធ្ងន់១គ្រឿង និងម៉ូតូសណ្ដោងរុឺម៉កធ្ងន់១គ្រឿង។
ប្រភពបានបញ្ជាក់ថា នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បន្ទាប់ពីសមត្ថកិច្ចស្រាវជ្រាវនិងកំណត់អត្តសញ្ញាណអ្នកបើកបររថយ្តរួចមក នៅថ្ងៃដដែលតំណាងអ្នក បើកបររថយន្ត Toyota Prius hybrid ខាងលើ បានចូលមកចចារសំណងរដ្ឋប្បវេណី ជាមួយជនរងគ្រោះជាបន្តបន្ទាប់ រហូតការសម្របសម្រួលត្រូវបានបញ្ចប់គ្រប់ភាគីនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ហើយភាគីរងគ្រោះទាំងអស់បានដកពាក្យបណ្ដឹងរួចរាល់តាមនីតិវិធី ។
ប្រភពបានអះអាងបញ្ជាក់បន្ថែមថា ចំពោះសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ខាងលើ បីទោះបញ្ចប់សំណងរដ្ឋប្បវេណីរួចហើយក្តី ក៍បច្ចុប្បន្ននេះសមត្ថកិច្ចជំនាញនៅតែកំពុងតាមចាប់ខ្លួនអ្នកបើកបរ យកមកអនុវត្តច្បាប់តាមនីតិវិធីដែរ៕










