ថវិកាប្រហែល២.៣៩២លានរៀលរដ្ឋាភិបាលត្រូវត្រៀម សម្រាប់រង្វាន់ជ័យលាភីកីឡាអាស៊ីឆ្នេរខ្សាច់លើកទី៥នៅវៀតណាម

ចែករំលែក៖

ភ្នំពេញ៖ កញ្ចប់ថវិកាប្រមាណ២.៣៩២ លានរៀលដែលរដ្ឋាភិបាលត្រៀមទុក សម្រាប់លើកទឹកចិត្តដល់អត្តពលិកកម្ពុជាដែលបានដណ្តើមយកកិត្តិយសមកជូនជាតិពីព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីឆ្នេរខ្សាច់លើកទី៥ ឆ្នាំ២០១៦ដែលទើបបានបញ្ចប់កាលពីថ្ងៃទី៤ខែតុលាឆ្នាំ២០១៦នៅប្រទេស វៀតណាមនោះប្រសិនបើក្រសួងអប់រំយុវជននិងកីឡាស្នើសុំគោលការណ៍ពីរដ្ឋាភិបាលដោយប្រើកញ្ចប់ថវិកាតាមអនុក្រឹត្យឆ្នាំ២០១៣ស្តីពីការផ្តល់ប្រាក់ឧបត្ថម្ភដល់ជ័យលាភី ចំពោះកីឡាករកីឡាការិនីឈ្នះមេដាយពីព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ី ខណៈដែលអនុក្រឹត្យសម្រាប់ប្រើជាផ្លូវការចំពោះកីឡាអាស៊ីឆ្នេរខ្សាច់មិនទាន់មាន អនុក្រឹត្យជាផ្លូវការនៅឡើយ ។

រាជរដ្ឋាភិបាលត្រូវត្រៀមប្រាក់រង្វាន់ក្នុងទំហំធំចំពោះការដណ្តើមបានមេដាយមាស៦ មេដាយប្រាក់៦ និងសំរឹទ្ធិ៩លើ វិញ្ញាសាឯកត្តជន និងជាក្រុមគិតជាគ្រឿងស្មើនឹង៤២គ្រឿងធ្វើឲ្យកម្ពុជាឈរនៅ ចំណាត់ថ្នាក់ទី៦ក្នុងចំណោម៤៥ប្រទេស ក្នុងនោះកីឡា៣ប្រភេទក្នុងចំណោម៥ ប្រភេទដែលឈ្នះមេដាយពីកីឡាអាស៊ីឆ្នេរខ្សាច់នៅទីក្រុងដាណាងដូចជាកីឡាប៉េតង់ឆ្នេរខ្សាច់ (មាស៣ ប្រាក់១ និងសំរឹទិ្ធ៣) កីឡាវូ៉វីណាម (មាស២ ប្រាក់១ និងសំរឹទ្ធិ៤) និងកីឡាល្បុក្កតោ (មាស១ ប្រាក់៤ និង សំរឹទិ្ធ២)។ មេដាយមាស៦វិញ្ញាសាស្មើនឹងការទទួលបាន១៦គ្រឿង មេដាយប្រាក់៦វិញ្ញាសាស្មើនឹង៧គ្រឿង និងមេដាយសំរឹទ្ធិ៩វិញ្ញាសាស្មើនឹង១៩គ្រឿង ខណៈមាន កីឡាករកីឡាការិនីមួយចំនួនឈ្នះមេដាយលើសពី១គ្រឿង។ ដូច្នេះរដ្ឋាភិបាលទំនងជាត្រូវត្រៀមប្រាក់រង្វាន់ប្រមាណ២.០១៦លានរៀលសម្រាប់អត្តពលិក ក្នុងនោះ មេដាយមាសចំនួន១.២៨០លានរៀល មេដាយប្រាក់ចំនួន២៨០លានរៀល មេដាយសំរឹទ្ធិចំនួន៤៥៦លានរៀល។ សម្រាប់គ្រូបង្វឹកទទួលបានថវិកាស្មើនឹងមេដាយដែលខ្ពស់ជាងគេរបស់កីឡាករ កីឡាការិនី និងគ្រូជំនួយទទួលបាន៧០ភាគរយនៃមេដាយខ្ពស់ជាងគេ ។

គួររំលឹកថា កាលពីឆ្នាំ២០១៤កីឡា ការិនីចំបាប់ នី សំណាង ជាអត្តពលិកទីមួយដែលទទួលបានមេដាយពីកីឡាអាស៊ីឆ្នេរខ្សាច់លើកទី៤នៅប្រទេសថៃ និងលោក ធិន វិចិត្រ គ្រូបង្វឹកទទួលបានប្រាក់រង្វាន់ម្នាក់ៗចំនួន២៤លានរៀលពីរដ្ឋាភិបាល ក្រោយដណ្តើមបានមេដាយសំរឹទ្ធិ១គ្រឿងតាមរយៈអនុក្រឹត្យស្តីពីការផ្តល់ប្រាក់រង្វាន់ចំពោះជ័យលាភី និងប្រាក់ឧបត្ថម្ភចំពោះគ្រូបង្វឹកក្នុងការប្រកួតកីឡាជាលក្ខណៈ អន្តរជាតិត្រង់ជំពូកទីពីរចែងថា ជ័យលាភី ពីការប្រកួតកីឡាអាស៊ីរួមមានជ័យលាភីមេដាយមាសម្នាក់ៗទទួលបានថវិកាចំនួន៨០លានរៀល មេដាយប្រាក់ទទួលបាន ថវិកាចំនួន៤០លានរៀលនិងមេដាយសំរឹទ្ធិ ទទួលបានថវិកាចំនួន២៤លានរៀល។ គ្រូបង្វឹកត្រូវទទួលប្រាក់រង្វាន់ស្មើនឹងប្រាក់រង្វាន់ជ័យលាភីដែលទទួលបានមេដាយ ខ្ពស់ជាងគេគ្រូជំនួយទទួលបានថវិកាចំនួន៧០ភាគរយនៃប្រាក់ឧបត្ថម្ភសម្រាប់គ្រូបង្វឹកខាងលើ ។

គួរបញ្ជាក់ថា នាល្ងាចថ្ងៃទី៤ខែតុលា ឆ្នាំ២០១៦ កន្លងទៅក្រុមប្រតិភូអត្តពលិក គ្រូបង្វឹកគ្រូជំនួយជម្រើសជាតិកម្ពុជាបានត្រឡប់មកដល់ប្រទេសកម្ពុជាប្រកបដោយសុខសុវត្ថិភាពគ្រប់ៗគ្នាតាមជើងយន្តហោះនិងរថយន្តក្រុងពីប្រទេសវៀតណាម៕

sarim-1 sarim-2 sarim-3

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print