Messi ទទួលពានកីឡាដ៏មានកិត្យានុភាពបំផុតរបស់អេស្ប៉ាញ ពីម្ចាស់ក្សត្រី Leonor

ចែករំលែក៖

កីឡាករបាល់ទាត់ Lionel Messi បានទទួលពានរង្វាន់កីឡាដ៏មានកិត្យានុភាពបំផុតរបស់ប្រទេសអេស្ប៉ាញ កាលពីថ្ងៃសុក្រ ដើម្បីទទួលស្គាល់សមិទ្ធផលដ៏អស្ចារ្យក្នុងអាជីពរបស់លោក និងការងារជួយកុមារដែលជួបការលំបាកឱ្យទទួលបានសេវាសុខភាព និងការអប់រំ។

 

ខ្សែប្រយុទ្ធជនជាតិអាហ្សង់ទីន វ័យ ៣៩ ឆ្នាំរូបនេះ ត្រូវបានប្រកាសជាម្ចាស់ពាន Princess of Asturias Award for Sports កាលពីខែមិថុនា។ គណៈកម្មការវិនិច្ឆ័យបានសរសើរលោកថា ជា «កីឡាករបាល់ទាត់ដែលទទួលបានជោគជ័យបំផុតគ្រប់សម័យកាល» ព្រមទាំងបានលើកឡើងពីការងារសង្គមរបស់លោក។

 

អ្នកគាំទ្ររាប់សិបនាក់ដែលពាក់អាវក្រុមជម្រើសជាតិអាហ្សង់ទីន បានស្រែកហ៊ោ និងស្រែកហៅឈ្មោះ Messi នៅពេលលោកមកដល់ពិធីប្រគល់ពានក្នុងទីក្រុង Oviedo រដ្ឋធានីនៃតំបន់ Asturias ភាគខាងជើងប្រទេសអេស្ប៉ាញ។ ពិធីនេះមានការប្រគុំតន្ត្រីដោយឧបករណ៍ខ្លុយបាហ្គពីប និងស្គរ។

 

Messi បានទទួលសញ្ញាបត្រពានរង្វាន់ជាផ្លូវការពីម្ចាស់ក្សត្រី Leonor ដែលជាអ្នកស្នងរាជបល្ល័ង្កអេស្ប៉ាញ និងជាអ្នកដែលពានរង្វាន់នេះត្រូវបានដាក់ឈ្មោះតាម។ ព្រះនាងបានសរសើរអាជីពដ៏ «ពិសេសមិនអាចប្រៀបផ្ទឹមបាន» របស់លោក។

 

ព្រះនាង Leonor មានបន្ទូលថា៖ «លោកបានធ្វើឱ្យអ្វីដែលអស្ចារ្យក្លាយជារឿងធម្មតា តាមរយៈការអានស្ថានការណ៍ក្នុងការប្រកួត និងសម្រេចចិត្តជ្រើសរើសជម្រើសដែលមានប្រសិទ្ធភាពបំផុត ក្នុងរយៈពេលត្រឹមតែមួយប្រភាគនៃវិនាទី ខណៈដែលលោកតែងតែផ្តល់តម្លៃដល់ស្មារតីជាក្រុមលើសពីអំនួតផ្ទាល់ខ្លួន»។

 

ក្នុងនាមជាកីឡាករបាល់ទាត់ដ៏ឆ្នើមបំផុតម្នាក់គ្រប់សម័យកាល Messi បានឈ្នះពាន Ballon d’Or ចំនួន ៨ លើក ពាន World Cup មួយលើក និងពានរង្វាន់ជាច្រើនទៀតនៅកម្រិតក្លិប។

 

លោកបានចំណាយពេល ២១ ឆ្នាំនៅក្លិប Barcelona ដោយលេងក្នុងក្រុមដែលគ្រប់គ្រងភាពលេចធ្លោនៅអេស្ប៉ាញ និងអឺរ៉ុប ក្រោមការដឹកនាំរបស់គ្រូបង្វឹក Pep Guardiola និង Luis Enrique។

 

ក្រោយចាកចេញពីក្លិបកាតាឡាន់នេះក្នុងឆ្នាំ២០២១ Messi បានចំណាយពេលពីរឆ្នាំនៅក្លិបយក្សបារាំង Paris Saint-Germain មុនផ្លាស់ទៅលេងឱ្យ Inter Miami ក្នុងលីគ MLS របស់សហរដ្ឋអាមេរិក រហូតមកដល់បច្ចុប្បន្ន។

 

Messi ដែលជាកីឡាកររកគ្រាប់បាល់បានច្រើនបំផុត បញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបានច្រើនបំផុត និងបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអាហ្សង់ទីនច្រើនបំផុត បានប្រកាសបញ្ចប់អាជីពអន្តរជាតិកាលពីដើមឆ្នាំនេះ បន្ទាប់ពីចាញ់អេស្ប៉ាញក្នុងវគ្គផ្តាច់ព្រ័ត្រ World Cup នៅរដ្ឋ New Jersey។

 

ក្នុងកម្មវិធីជួបជាមួយកុមារនៅទីក្រុង Oviedo កាលពីថ្ងៃព្រហស្បតិ៍ Messi បាននិយាយថា៖ «អ្វីដែលសំខាន់បំផុត គឺត្រូវចេះទទួលយកទាំងការបរាជ័យ និងជ័យជម្នះ»។ លោកបានបញ្ជាក់ថា ផ្នត់គំនិតបែបនេះគឺជា «កត្តាមូលដ្ឋានដ៏សំខាន់» ក្នុងវិស័យបាល់ទាត់។

 

ពានរង្វាន់ Princess of Asturias Awards ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៨១ ហើយត្រូវបានចាត់ទុកថាជាពានរង្វាន់ដ៏មានកិត្យានុភាពបំផុតមួយនៅក្នុងពិភពនិយាយភាសាអេស្ប៉ាញ។ ម្ចាស់ពាននីមួយៗទទួលបានប្រាក់រង្វាន់ ៥០,០០០ អឺរ៉ូ ស្មើនឹងប្រហែល ៥៦,០០០ ដុល្លារអាមេរិក។

 

ពានរង្វាន់នេះគ្របដណ្តប់លើវិស័យសិល្បៈ វិទ្យាសាស្ត្រ និងកីឡា ហើយត្រូវបានប្រគល់ជារៀងរាល់ឆ្នាំ ដើម្បីលើកតម្កើងស្នាដៃដែលជួយលើកកម្ពស់ការរួមរស់ដោយសុខដុមរមនា សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការសកល។

 

អ្នកឈ្នះពានរង្វាន់ផ្សេងទៀតដែលបានទទួលពានកាលពីថ្ងៃសុក្រ រួមមានអ្នកនិពន្ធជនជាតិអង់គ្លេស Julian Barnes អវកាសយានិកអាមេរិក Christina Koch ដែលបានបំបែករបាំងក្នុងវិស័យអវកាស និងតារាតន្ត្រី Punk Patti Smith។

...

 

អ្នកឈ្នះពានរង្វាន់កីឡាកាលពីឆ្នាំមុនៗ ក៏រួមមានកីឡាការិនីវាយកូនបាល់ Serena Williams កីឡាករវាយកូនបាល់ Rafael Nadal កីឡាកររត់ម៉ារ៉ាតុងដែលបំបែកកំណត់ត្រា Eliud Kipchoge និងកីឡាការិនីជិះស្គីអាមេរិក Lindsey Vonn ផងដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print