តំបន់ គ្រីមៀ រងការវាយប្រហាររបស់អ៊ុយក្រែន កាត់ផ្ដាច់ការផ្គត់ផ្គង់ទឹក និងអគ្គិសនី

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា អាជ្ញាធររុស្ស៉ីបាននិយាយថាការវាយប្រហារមួយរបស់អ៊ុយក្រែនបានធ្វើឱ្យដាច់ការផ្គត់ផ្គង់ទឹក និងអគ្គិសនីនៅក្នុងតំបន់គ្រីមៀ នៅថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២០២៦ ស្របពេលការវាយប្រហារដោយដ្រូនលើតំបន់ជាច្រើនក្នុងទឹកដីរុស្ស៉ីបានសម្លាប់មនុស្សជាច្រើននាក់។

លោក Sergei Aksyonov ជាមេដឹកនាំតំបន់គ្រីមៀលើកបន្តុបដោយរុស្ស៉ី បានឱ្យដឹងក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Telegram ថាដោយសារតែការវាយប្រហារដោយដ្រូនលើបណ្ដាញអគ្គិសនី បានធ្វើឱ្យការផ្គត់ផ្គង់អគ្គិសនី និងទឹកត្រូវបានកាត់ផ្ដាច់ជាបណ្ដោះអាសន្ន។ លោកមិនបានបញ្ជាក់លម្អិតថាតើមានប្រជាជនប៉ុន្មានគ្រួសារក្នុងតំបន់គ្រីមៀដែលមានប្រជាជនរស់នៅជាង ២,៥លាននាក់ បានរងផលប៉ះពាល់នោះទេ។ ព្រមពេលជាមួយគ្នា ការវាយប្រហារដោយដ្រូនដាច់ដោយឡែកមួយទៀតរបស់អ៊ុយក្រែនលើផ្នែកមួយចំនួនគ្រប់គ្រងដោយរុស្ស៉ីក្នុងតំបន់ Kharkiv បានសម្លាប់មនុស្សយ៉ាងហោច ៣នាក់ និងម្នាក់រងរបួសធ្ងន់កាលពីថ្ងៃសៅរ៍។
បន្ថែមពីលើនេះដ្រូនក៏បានវាយប្រហារក្នុងទឹកដីរុស្ស៉ីផងដែរ។ តាមក្រសួងការពារជាតិរុស្ស៉ីមានដ្រូន ៦១៦គ្រឿងត្រូវបានបាញ់ទម្លាក់នៅទូទាំងតំបន់ចំនួន២០ ក្នុងនោះការវាយប្រហារដោយដ្រូនលើតំបន់ Bryansk បានសម្លាប់មនុស្ស ៣នាក់ ខណៈសាកសពមនុស្ស៣នាក់ត្រូវបានទាញចេញពីគំនរបាក់បែកបន្ទាប់ពីការវាយប្រហារមួយ កាលពីយប់ថ្ងៃសុក្រលើរោងច្រកមួយក្នុងទីក្រុង Oryol ស្ថិតនៅចម្ងាយ ៣៧០គីឡូម៉ែត្រពីភាគនិរតីទីក្រុងមូស្គូ។ នេះបើតាមអាជ្ញាធររុស្ស៉ី។
អាជ្ញាធរអ៊ុយក្រែនក៏បានអះអាងដែរថាការវាយប្រហារដោយដ្រូន និងមីស៊ីលរបស់រុស្ស៉ីនៅទូទាំងភាគខាងកើតប្រទេសអ៊ុយក្រែន បានសម្លាប់មនុស្សយ៉ាងហោច ៥នាក់កាលពីថ្ងៃសៅរ៍៕

រូប​ថត​: Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print