ខេត្តតាកែវ៖ ក្រុមចោរលួចកាច់កម៉ូតូសកម្មភាពខ្លាំងដៃឡើងៗ ដោយមិនខ្លាចញញើតនឹងសមត្ថកិច្ចឡើយ ពោលគឺបន្ទាប់ពីធ្វើសកម្មភាពលួចកាច់កម៉ូតូបាន សម្រេច១គ្រឿង នៅទឹកដីខេត្តតាកែវ ពេលនេះបានឆ្លងដែនទៅធ្វើសកម្មភាពគាស់កាច់យកម៉ូតូបាន សម្រេច១គ្រឿងទៀត នៅទឹកដីខេត្តកំពង់ស្ពឺ ក្នុងរូបភាព និងគោលដៅយីហោហាងដដែល។
តាមប្រភពព័ត៌មានបានឱ្យដឹងថា ករណីទី១ បានកើតបឡើងតាំងពីវេលាម៉ោង ៥ និង៤៧នាទីល្ងាច ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៦ នៅចំណុចមុខហាង «២៥០០» ជាប់ផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិត្រពាំងអង្គ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ ម៉ូតូដែលបាត់បង់ម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1AB-8935។
លុះដល់រសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦នេះ ពោលគឺនៅវេលាម៉ោងជិត ៣រសៀល ក្រុមចោរដដែលនេះ បានបន្តធ្វើសកម្មភាពកាច់កម៉ូតូ ១គ្រឿងទៀត នៅចំណុចមុខហាង «២៥០០រៀល» ក្បែរផ្សារត្រាំខ្នារ ស្ថិតក្នុងភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ម៉ូតូដែលត្រូវចោរលួចយកទៅម្ដងនេះ ម៉ាក Honda C125 សេរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1V-0457។
ជុំវិញករណីអំពើចោរកម្មបន្តបន្ទាប់គ្នានេះ មហាជននិងប្រជាពលរដ្ឋ កំពុងតាមដាន និងរង់ចាំមើលយ៉ាងអន្ទះសារថា តើសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ អាចនឹងបើកកិច្ចសហការគ្នាយ៉ាងសកម្ម ដើម្បីស្រាវជ្រាវ និងបង្ក្រាបមុខសញ្ញាឃាតក/ចោរលួចដ៏សកម្មនេះយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់បានដែរឬទេ?
ប្រជាពលរដ្ឋសង្ឃឹមយ៉ាងមុតមាំថា ក្រោមគោល នយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ទាំង ៧ចំណងជើងរបស់រាជរដ្ឋាភិបាល សមត្ថកិច្ចខេត្តទាំងពីរនឹងពន្លឿនកិច្ចសហការស៊ើបអង្កេត ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាសន្តិសុខជូនពលរដ្ឋឡើងវិញ។
ប្រសិនបើបងប្អូនប្រជាពលរដ្ឋបានប្រទះឃើញ ឬមានតម្រុយពីភិនភាគម៉ូតូ និងជនសង្ស័យខាងលើ សូមមេត្តារាយការណ៍ជាបន្ទាន់ទៅកាន់សមត្ថកិច្ចមូលដ្ឋានជិតបំផុត ដើម្បីចាត់វិធានការទាន់ពេលវេលា៕
ដោយ៖ សុរិយា










