Carrick ស្ថិតក្នុងស្ថានភាពប្រឈមនឹងការបណ្តេញចេញ ក្រោយចាញ់ Bournemouth

ចែករំលែក៖

លោក Michael Carrick បានអះអាងថា លោកនឹង «បន្តធ្វើការជាធម្មតា» បន្ទាប់ពី Manchester United ចាញ់ Bournemouth ក្នុងលទ្ធផល ០-៣ នៅទឹកដីខ្លួនឯងកាលពីថ្ងៃអាទិត្យ។ ប៉ុន្តែអនាគតរបស់អ្នកចាត់ការរូបនេះហាក់កាន់តែស្ថិតក្នុងភាពមិនច្បាស់លាស់ ក្រោយលទ្ធផលដ៏អាក្រក់នេះបានធ្វើឱ្យអ្នកគាំទ្រនៅកីឡដ្ឋាន Old Trafford ពោរពេញដោយកំហឹង និងការអស់សង្ឃឹម។

 

នៅពេលត្រូវបានសួរថា តើលោករំពឹងថានឹងនៅបន្តដឹកនាំក្រុមនៅសប្តាហ៍ក្រោយដែរឬទេ លោក Carrick មិនបានផ្តល់ការធានាណាមួយឡើយ។

 

លោកបាននិយាយថា៖ «ជាការពិត ខ្ញុំទទួលខុសត្រូវ។ មិនថាលទ្ធផលនឹងទៅជាយ៉ាងណា យើងឈ្នះ ចាញ់ ឬស្មើក៏ដោយ ក៏ការទទួលខុសត្រូវស្ថិតនៅលើខ្ញុំ»។

 

នៅពេលត្រូវបានសួរបន្ថែមថា តើលោករំពឹងថានឹងត្រូវបណ្តេញចេញក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខដែរឬទេ លោក Carrick បានឆ្លើយថា៖ «ខ្ញុំយល់ច្បាស់ពីស្ថានភាពនេះ។ និយាយដោយស្មោះត្រង់ ខ្ញុំមិនរំពឹងទុកអ្វីជាក់លាក់នោះទេ។ ខ្ញុំនឹងបន្តធ្វើការជាធម្មតា ហើយខ្ញុំស្រឡាញ់កន្លែងនេះ»។

 

លោកបានបន្ថែមថា៖ «ខ្ញុំតែងតែធ្វើអ្វីដែលខ្ញុំគិតថាល្អបំផុតសម្រាប់ក្លិបបាល់ទាត់នេះ មិនថាការសម្រេចចិត្តណាមួយនឹងត្រូវធ្វើឡើងក៏ដោយ»។

 

ទោះបីលោក Carrick បានដឹកនាំ Manchester United ឱ្យងើបឡើងវិញ និងបញ្ចប់រដូវកាលមុននៅចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីចូលជំនួសលោក Ruben Amorim ក៏ដោយ ក៏ក្រុមនេះឈ្នះត្រឹមតែ២ប្រកួតប៉ុណ្ណោះ ក្នុងចំណោម១២ប្រកួតនៅគ្រប់ការប្រកួតនារដូវកាលនេះ។ លើសពីនេះ ពួកគេមិនទាន់ឈ្នះការប្រកួតក្នុងក្របខណ្ឌលីគកំពូលអង់គ្លេសទេ ចាប់តាំងពីយកឈ្នះក្រុមទើបឡើងមកលេងនៅលីគកំពូល Ipswich Town កាលពីថ្ងៃទី៣០ ខែសីហា។

 

ការចាញ់កាលពីថ្ងៃអាទិត្យ ធ្វើឱ្យ Manchester United មានត្រឹម៧ពិន្ទុប៉ុណ្ណោះ ក្រោយឆ្លងកាត់ការប្រកួតលីគចំនួន៨លើក និងមានគម្លាតត្រឹម១ពិន្ទុពីតំបន់កាត់ចោល។ នេះជាកំណត់ត្រាពិន្ទុដ៏អាក្រក់បំផុតរបស់ក្លិបនៅដំណាក់កាលដូចគ្នានៃរដូវកាលមួយ ចាប់តាំងពីរដូវកាល ១៩៨៦-៨៧។

 

មុនពេលបញ្ចប់តង់ទី១ អ្នកគាំទ្របានលាតត្រដាងបដាដ៏ធំមួយដែលមានពាក្យថា «Standards» (ស្តង់ដារ) ព្រមទាំងរូបតំណាងដ៏ល្បីរបស់ក្លិប រួមមានលោក Eric Cantona, Roy Keane និង Bryan Robson។

 

អ្នកគាំទ្រភាគច្រើននៅតែបង្ហាញការគាំទ្រចំពោះលោក Carrick ដោយបានស្រែកច្រៀងថា «It’s Carrick, you know!» នៅចុងបញ្ចប់នៃការប្រកួត។

 

ប៉ុន្តែបន្ទាប់ពីលោក Carrick វ័យ៤៥ឆ្នាំ ប៉ះដៃលើទ្រូងមួយភ្លែត ហើយដើរចូលផ្លូវរូងក្រោមដីក្រោយការប្រកួត សំឡេងស្រែកគាំទ្រនោះបានប្រែក្លាយជាសំឡេងហ៊ោបណ្តេញយ៉ាងខ្លាំងទៅលើកីឡាករនៅលើទីលាន។

 

របៀបដែល Manchester United ចាញ់ក្នុងការប្រកួតនេះ បានបង្កការខូចខាតដល់ក្រុមស្ទើរតែស្មើនឹងលទ្ធផល ០-៣។ អ្នកគាំទ្រ Bournemouth បានស្រែកចំអកលោក Carrick ម្តងហើយម្តងទៀតថា «ព្រឹកស្អែក អ្នកនឹងត្រូវបណ្តេញចេញ» ខណៈអ្នកគាំទ្រ Manchester United រាប់ពាន់នាក់បានចាកចេញពីកីឡដ្ឋានមុនពេលអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត។

 

អតីតខ្សែបម្រើស្លាបរបស់ Manchester United លោក Ashley Young បានលើកឡើងថា ការបង្ហាញទម្រង់លេងនេះបង្ហាញថា កីឡាករក្នុងក្រុមប្រហែលជាលែងស្តាប់តាមអ្នកចាត់ការរបស់ខ្លួនទៀតហើយ។

 

លោក Young បាននិយាយក្នុងការផ្សាយរបស់ Sky Sports ថា៖ «អ្នកគាំទ្រនៅតែគាំទ្រលោក និងឈរនៅពីក្រោយលោក ព្រោះលោកជាវីរបុរសម្នាក់របស់ក្លិប»។

...

 

លោកបានបន្តថា៖ «ប៉ុន្តែកីឡាករនៅលើទីលានមិនបានបង្ហាញអ្វីសោះ។ ពួកគេមិនរត់ មើលទៅមិនដូចជាក្រុមដែលមានសាមគ្គីភាពនឹងគ្នាទេ។ អ្នកអាចមើលឃើញនៅថ្ងៃនេះថា ពួកគេហាក់ដូចជាបោះបង់ការតស៊ូទៅហើយ»៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print