ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃការបើកសម័យប្រជុំលើកទី៦ ព្រឹទ្ធសភានីតិកាលទី៥ នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្នុងរយៈពេល៣ខែ នៃចន្លោះសម័យប្រជុំនេះ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រឹទ្ធសភាបានធ្វើជាម្ចាស់ផ្ទះ ប្រកបដោយជោគជ័យ និងត្រចះត្រចង់ក្នុងការរៀបចំសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៦-២៨ ខែសីហា ឆ្នាំ២០២៦ និងសម្រេចបាននូវការ ដាក់ចេញសេចក្តីប្រកាសទីក្រុងភ្នំពេញ ក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី»។ ការណ៍នេះគឺជាការបង្ហាញពីការគាំទ្រ ជាគោលការណ៍ចំពោះការដោះស្រាយវិវាទអន្តរជាតិដោយសន្តិវិធី និងផ្អែកតាមច្បាប់អន្តរជាតិ ដែលជាមូលដ្ឋានសម្រាប់កម្ពុជា បន្តកៀរគរការគាំទ្រ ពីសហគមន៍អន្តរជាតិ ចំពោះគោលជំហររបស់កម្ពុជាក្នុងការដោះស្រាយ បញ្ហាព្រំដែនកម្ពុជា-ថៃ តាមមធ្យោបាយសន្តិវិធី និងផ្អែកលើច្បាប់។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដដែលនេះបានបញ្ជាក់ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរបស់ គណៈប្រតិភូព្រឹទ្ធសភាកម្ពុជា សភាប្រើភាសាបារាំង (APF) បានចេញសេចក្តីសម្រេចចិត្ត ស្តីពីបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសសម័យប្រជុំប្រចាំឆ្នាំលើកទី៥១របស់ខ្លួន នៅប្រទេសកាមេរូន កាលពីថ្ងៃទី១០-១១ ខែកក្កដា ឆ្នាំ២០២៦។ សេចក្តីសម្រេចនេះ បានអំពាវនាវឱ្យមានការគោរពអធិបតេយ្យភាព និង បូរណភាពទឹកដីកម្ពុជា គោរពបទឈប់បាញ់ និងការអនុវត្តកិច្ចព្រមព្រៀងទីក្រុងគូឡាឡាំពួរ ព្រមទាំងគាំទ្រការដោះស្រាយវិវាទរវាងកម្ពុជា-ថៃដោយសន្តិវិធី ក្នុងស្មារតីនៃកិច្ចសន្ទនា និងការគោរពច្បាប់អន្តរជាតិ ជាដើម។
ឆ្លៀតក្នុងឱកាសនេះ ព្រឹទ្ធសភាបានសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅជូនដល់វីរកងទ័ព ជួរមុខដ៏អង់អាចក្លាហានទាំងអស់ ដែលបានខិតខំតស៊ូការពារបូរណភាពទឹកដីជូនជាតិ មាតុភូមិ ព្រមទាំងស្មារតីស្នេហាជាតិរបស់ប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេស ដែលបានចូលរួមជាកម្លាំងមហាសាមគ្គីជាតិយ៉ាងរឹងមាំ និងបន្តលើកកម្ពស់ឯកភាពជាតិខ្ពស់។ ព្រឹទ្ធសភាក៏បានថ្លែងនូវការគោរព និងកោតសរសើរយ៉ាងក្រៃលែង ចំពោះវីរភាពដឹកនាំប្រកបដោយភាពវាងវៃ និងមនសិការ ស្នេហាជាតិដ៏ស្មោះសររបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ក្នុងការតស៊ូលើគ្រប់សមរភូមិ ទាំងក្នុងសមរភូមិនយោបាយ សមរភូមិការទូត សមរភូមិច្បាប់ និងសមរភូមិយោធា ដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា៕
ដោយ ៖ សិលា










