ភ្នំពេញ៖ យុវជន២នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗខណៈជួបគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយអ្នកបើកបររថយន្តបើកទៅបុកម៉ូតូពេញទំហឹង។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ តាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញមានយុវជន២នាក់ជិះម៉ូតូហុងដាឌ្រីមពាក់ស្លាកលេខកំពង់ចាម1T- 8971 ជិះឌុបគ្នាក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏មានរថយន្ត១គ្រឿងម៉ាក KIA ពាក់ស្លាកលេខភ្នំពេញ2CE-2990 បើកបរដោយបុរសជនជាតិវៀតណាមនិងអ្នករួមដំណើរម្នាក់ទៀតក្នុងទិសដៅពីត្បូងទៅជើងបញ្ច្រាសទិសគ្នា ហើយរថយន្តបានរេចង្កូតចូលមកខាងផ្លូវអាទិភាពរបស់ម៉ូតូធ្វើឱ្យបុកគ្នាពេញទំហឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូនិងអ្នករួមដំណើររងរបួសធ្ងន់ទាំង២នាក់តែម្តង ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីជួយសង្គ្រោះ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់នាំខ្លួនអ្នកបើកបររថយន្តបង្កទៅប៉ុស្តិ៍ដើម្បីសាកសួរនិងបន្តនីតិវិធីតាមផ្លូវច្បាប់ ចំណែករថយន្តនិងម៉ូតូត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ សីហា សែនសុខ










