ពលរដ្ឋសំណូមពរឲ្យគណៈអភិបាលខេត្តកំពង់ស្ពឺពិនិត្យជញ្ជីងថ្លឹងរថយន្តនៅផ្លូវជាតិលេខ៥១ធ្វើលើប្រឡាយបង្ហូរទឹក

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ថ្មីៗកន្លងមកនេះប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅក្នុងភូមិត្រពាំងប្លុងបានរិះគន់ដល់ក្រុមហ៊ុនជញ្ជីងថ្លឹងរថយន្តនៅលើបណ្តោយផ្លូវជាតិលេខ ៥១ បច្ចុប្បន្នបានចាក់ដីលុបប្រឡាយបង្ហូរទឹក ដែលធ្វើឲ្យលិចលង់លំនៅឋានរបស់ពួកគាត់ ហើយជាមួយគ្នានោះពួកគាត់ក៏បាន សំណូមពរដល់គណៈអភិបាលខេត្ត មេត្តាពិនិត្យទៅលើក្រុមហ៊ុនជញ្ជីងថ្លឹងរថយន្តនេះផង ។

ទីតាំងដែលប្រជាពលរដ្ឋបានរិះគន់ និងសំណូមពរដល់អាជ្ញាធរខេត្តជួយអន្តរាគមន៍ខាងលើនេះ ស្ថិតនៅឃុំដំណាក់រាំង ស្រុក ឧដុង្គ ខេត្តកំពង់ស្ពឺ ដែលក្រុមហ៊ុនជញ្ជីង ថ្លឹងរថយន្តនេះបានចាក់ដីលុបទៅលើ ប្រឡាយបិទមិនឲ្យទឹកហូរ រួចលិចលង់ដល់លំនៅឋានរបស់ពួកគាត់នៅពេលមានភ្លៀងធ្លាក់ម្តងៗ ហើយកន្លងមក តាំងពីក្រុមជញ្ជីងថ្លឹងរថយន្តនេះមិនទាន់មានលំនៅឋាន របស់ពួកគាត់ក៏ដូចជាផ្លូវមិនមានបញ្ហា អ្វីឡើយ ។

ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា រយៈ ពេលកន្លងមកមានភ្លៀងធ្លាក់ជោកជាំ ហើយ ប្រឡាយទឹកត្រូវបានចាក់លុបដោយគ្មានដាក់ប្រព័ន្ធលូ ដែលបញ្ហាទាំងនេះបណ្តាល ឲ្យទឹកភ្លៀងហូរសាចពាសពេញរងការខូចខាតដល់ផ្លូវ មិនតែប៉ុណ្ណោះលិចចូលលំនៅ ឋានរបស់ពួកគាត់ប៉ះពាល់ដល់ផលដំណាំ ផងដែរ ។

ពួកគាត់បានបន្តទៀតថា ការដាក់ជញ្ជីងថ្លឹងរថយន្តរបស់ក្រុមហ៊ុន ពួកគាត់មិនជំទាស់ នោះទេ ប៉ុន្តែសុំធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ ហើយសុំដាក់ប្រព័ន្ធលូឲ្យបានត្រឹមត្រូវកន្លែងស្ថានីយជញ្ជីងថ្លឹងយានយន្តនោះផង ។

ដោយឡែកប្រជាពលរដ្ឋមួយចំនួនទៀតបានលើកឡើងថា តាំងពីក្រុមហ៊ុនស្ថានីយជញ្ជីងថ្លឹងរថយន្តនេះចាប់ផ្តើមដំណើរការពេលណាមកគឺផ្លូវជាតិរងការខូចខាតជា អន្លើៗ ហើយក្រុមហ៊ុននោះមិនបានយក ចិត្តទុកដាក់ កែលម្អ ឬជួសជុលអ្វីឡើយ ក្រៅតែ ពីប្រមូលយកលុយដាក់ចូលហោ ប៉ៅប៉ុណ្ណោះ ។

ប្រជាពលរដ្ឋបានបញ្ជាក់ឲ្យដឹងទៀតថា បន្ទាប់ពីស្នើសុំឲ្យអភិបាលខេត្តមេត្តា ពិនិត្យលើករណីនេះពួកគាត់ក៏សុំឲ្យលោកទេសរដ្ឋ មន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូនមេត្តាចាត់ តំណាង ឬមន្ត្រីក្រោមឱវាទរបស់លោកចុះពិនិត្យដល់ទីតាំងខាងលើផង ៕

1 2 3

...

ដោយ៖ អារុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print