ភ្នំពេញ ៖ លោក ឆែម សាវុធ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុកការងារអគ្គនាយកដ្ឋានពន្ធនាគារ បានផ្តល់អនុសាសន៍សំខាន់ៗចំនួន ៧ចំណុច ដើម្បីបន្តលើកកម្ពស់ប្រសិទ្ធភាពការងារពន្ធនាគារ។
ការផ្ដល់អនុសាសន៍សំខាន់ៗរបស លោក ឆែម សាវុធ នាឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារសម្រាប់ខែបន្ទាប់ របស់អគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងមហាផ្ទៃ។
ក្នុងឱកាសនោះ លោក ឈន សាណាត បានធ្វើរបាយការណ៍សង្ខេបអំពីលទ្ធផលការងារសំខាន់ៗរបស់អគ្គនាយកដ្ឋានពន្ធនាគារ រួមមាន ការគ្រប់គ្រងជនជាប់ឃុំ និងការអនុវត្តនីតិវិធីពន្ធនាគារ ការងារសុខភាព សំណង់ អប់រំកែប្រែ សន្តិសុខ ស្តារនីតិសម្បទា និងកិច្ចការរដ្ឋបាល ព្រមទាំងទិសដៅការងារបន្ត ដើម្បីជំរុញការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំឱ្យមានប្រសិទ្ធភាព។
ក្នុងកិច្ចប្រជុំ លោក ឆែម សាវុធ បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ ព្រមទាំងបានផ្តល់អនុសាសន៍សំខាន់ៗចំនួន ៧ ប្រការ ដើម្បីបន្តលើកកម្ពស់ប្រសិទ្ធភាពការងារពន្ធនាគារ រួមមាន៖
១. បន្តអនុវត្តប្រសាសន៍ដឹកនាំរបស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
២. ពង្រឹងសន្តិសុខ និងការឆែកឆេរជាប្រចាំ ដើម្បីទប់ស្កាត់ការនាំចូលទូរស័ព្ទដៃ គ្រឿងញៀន និងវត្ថុហាមឃាត់ក្នុងពន្ធនាគារ។
៣. ជំរុញការបែងចែកចំណាត់ថ្នាក់សន្តិសុខជនជាប់ឃុំ និងរៀបចំការឃុំឃាំងឱ្យស្របតាមនីតិវិធីជាធរមាន។
៤. បន្តដោះស្រាយបញ្ហាចង្អៀតណែន ការខ្វះខាតក្របខណ្ឌមន្ត្រី ការបណ្តុះបណ្តាលជំនាញ និងហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ។
៥. ពង្រឹងការត្រួតពិនិត្យសុខភាពជនជាប់ឃុំចូលថ្មី ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺក្នុងពន្ធនាគារ។
៦. ត្រៀមវិធានការធានាការផ្គត់ផ្គង់ទឹកស្អាតសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនៅតាមមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ក្នុងរដូវប្រាំងខាងមុខ។
៧. ពន្លឿនការរៀបចំ និងកែសម្រួលលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងធ្វើបច្ចុប្បន្នភាពនីតិវិធីពន្ធនាគារ ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែង៕
ដោយ ៖ សិលា










