ភ្នំពេញ៖ លោក ឯក ឃុនដឿន បានបញ្ជាក់ថា អ្នករស់នៅខណ្ឌឬស្សីកែវ សំណាងទទួលបានកាដូពីរាជរដ្ឋាភិបាល ជាពិសេស សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កាដូសម្រាប់ខណ្ឌឬស្សីកែវ នូវគម្រោងរំដោះទឹកជំនន់, ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩, គម្រោងធ្វើទ្វារទឹកបិទបើក និងមានគម្រោងជាច្រើនកន្លែងទៀត ក្នុងនោះក៏នៅមានគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ ជាច្រើនកន្លែង ដូចជាការដាក់លូផ្លូវជាតិលេខ៥ ស្ដារប្រឡាយមេ និងសាងសង់ប្រអប់លូ ជាដើម ។
លោក ឯក ឃុនដឿន អភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់បែបនេះ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិ៤ នៅខណ្ឌឬស្សីកែវ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ខណៈលោកតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ប៊ី ប្រេម សមាជិកក្រុមប្រឹក្សារាជធានីតំណាង លោក ម៉ប់ សារិក ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ។
លោក ឯក ឃុនដឿន បានបញ្ជាក់ថា ការអភិវឌ្ឍត្រូវការធ្វើតាមដំណាក់កាល និងជាជំហានៗ ពោលកម្មវិធីវិនិយោគ ៣ឆ្នាំរំកិល រំកិលម្តងមួយឆ្នាំៗ ជាបន្តបន្ទាប់ នឹងដោះស្រាយបញ្ហា ជូនបងប្អូនអ្នកឬស្សីកែវ កាន់តែប្រសើរ ។ ទាក់ទងទៅនឹងកាដូដែលនឹងផ្ដល់ជូនសម្រាប់ខណ្ឌឫស្សីកែវ អាច នឹងចាប់ផ្តើមនៅឆ្នាំ២០២៧ ឬ២០២៨ ដែលជាគម្រោងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ប៉ែកខាងជើង ដោយសាលោក ទទួល បានការចង្អុលបង្ហាញ ពីលោក ឃួង ស្រេង ឱ្យសម្របសម្រួលជាមួយ AFD រៀបចំសិក្សា និងព្រាងជា MOU ដែលត្រូវរៀបចំដាក់ជូន ក្នុងកម្មវិធីប្រជុំប្រទេសនិយាយភាសាបារាំង ជាមួយប្រធានាធិបតីម៉ាក្រុង ដែលត្រូវចុះហត្ថលេខាទទួលកម្ចីប្រហែល ១០០លានអឺរ៉ូ សម្រាប់រៀបចំប្រ
ព័ន្ធទឹកកខ្វក់នៅក្នុងខណ្ឌឫស្សីកែវទាំងមូល ។
ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ធ្វើនៅខណ្ឌព្រែកព្នៅ ក៏ប៉ុន្តែប្រព័ន្ធលូដែលត្រូវរៀប គឺស្ថិតក្នុងខណ្ឌឫស្សីកែវ ដែលប្រមាណជា៧០ភាគរយ ដែលត្រូវរៀបចំប្រព័ន្ធលូ ចេញពីផ្ទះប្រជាពលរដ្ឋ បន្តទៅអាងប្រព្រឹត្តិកម្មទឹកកខ្វក់នៅព្រែកព្នៅតែម្តង។ ខណៈប្រឡាយពងពាយ,ប្រឡាយអូរវែង, ប្រឡាយបាក់ទូក នឹងរៀបចំជាផ្ទៃបៃតង ជីវចម្រុះ ដើម្បីឱ្យមានការប្រព្រឹត្តិកម្មតាមបែបធម្មជាតិ ដែលអាចចំណាយថវិកាខ្ទង់ប្រហែល ១០ភាគរយ ។
លោកបានបន្ដថា គម្រោងខាងលើនេះ នឹងត្រូវចុះហត្ថ លេខានៅខែវិច្ឆិកាខាងមុខនេះ ហើយនិងចាប់ផ្តើមចុះសិក្សាលម្អិតនៅឆ្នាំ២០២៧ និងអនុវត្តគម្រោងខ្ទង់ឆ្នាំ២០២៨ខាងមុខ ។
ដោយឡែកសម្រាប់សំណូមពរ និងមតិយោបល់របស់ប្រជាពលរដ្ឋនៅខណ្ឌឬស្សីកែវ មានប្រជាពលរដ្ឋ៧នាក់លើកសំណើរចំនួន១០និងសរសេរជាលាយលក្ខណ្ឌអក្សរ ចំនួន៣៧ច្បាប់ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនោះ ត្រូវបានលោក អភិបាលរង តំណាង លោក ឃួង ស្រេង បានធ្វើការបញ្ជាក់ និងដោះស្រាយជូន ព្រមទាំងបានជំរុញឱ្យរដ្ឋបាលខណ្ឌឬស្សីកែវ ចុះពិនិត្យជាក់ស្តែងតាមការស្នើសុំរបស់ពលរដ្ឋ លើសំណើរនីមួយៗផងដែរ ៕
ដោយ៖ សំរិត










