ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៦ ដោយអនុវត្តន៍តាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ។ កងកម្លាំងចម្រុះនៅទីបញ្ជាការស្រាល ប្រចាំការនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ដឹកនាំដោយលោកអនុសេនីយ៍ឯកលុយ សុភាព ប្រធានក្រុមទីបញ្ជាការស្រាល បានដឹកនាំកងកម្លាំង ធ្វើសកម្មភាពបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅតំបន់ចោលទៃ និងតំបន់ទទឹងថ្ងៃ ស្ថិតក្នុងភូមិសាស្ត្រឃុំសំព្រោជ ជាប់ព្រំប្រទល់ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ ។
លោកអនុសេនីយ៍ឯក លុយ សុភាព បានរាយការណ៍ថា ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបទល្មើសនេសាទខុសច្បាប់នៅព្រឹកនេះ កងកម្លាំងចម្រុះបានរុះរើ និងបំផ្លាញចោលឧបករណ៍នេសាទខុសច្បាប់នៅនឹងកន្លែងរួមមាន៖ របាំងសាច់អួនក្រឡាញ់ញឹកចំនួន ៤ របាំ ដែលមានប្រវែងជាង ១,២០០ ម៉ែត្រ ឡុកខ្សាច់អួនចំនួន ៤ គ្រឿង លូឬលបចំនួន ៨ មាត់ និងបង្គោលឈើចំនួនជាង ៦០០ ដើម។ ជាមួយនោះ បានធ្វើការអប់រំ និងធ្វើកិច្ចសន្យាជាមួយប្រជាពលរដ្ឋចំនួន ១៥ នាក់ ឲ្យបញ្ឈប់ការដាក់របាំងសាច់អួនក្រឡាញឹក ដែលច្បាប់បានហាមឃាត់ដាច់ខាត ដើម្បីរក្សាធនធានធម្មជាតិសម្រាប់សង្គមជាតិយើងទាំងមូល និងកូនចៅយើងនៅជំនាន់ក្រោយៗទៀត ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ថ្លែងការកោតសរសើរ ចំពោះកងកម្លាំងចម្រុះ ដែលមានកងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ ជាស្នូល ដែលបានរួមសហការគ្នាធ្វើសកម្មភាពជាប់ជាប្រចាំ ក្នុងភារកិច្ចបង្ក្រាបបទល្មើសនេសាទខុសច្បាប់ មិនគិតថ្ងៃឈប់សម្រាក និងការលឿនហត់ឡើយ ដើម្បីធ្វើឲ្យធនធានធម្មជាតិរបស់យើងបានសម្បូរឡើងវិញ សម្រាប់បម្រើសេចក្ដីត្រូវការរបស់ប្រជាជនទូទៅនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានណែនាំដល់កងកម្លាំងទាំងអស់ ត្រូវបន្តសកម្មភាពបង្ក្រាបបទល្មើសនេសាទខុសច្បាប់ឲ្យដូចភ្លៀងរលឹម ដោយគ្មានការដកថយឡើយ ។
ជាមួយនោះ លោកបានសូមអំពាវនាវដល់ប្រជានេសាទទាំងអស់ សូមមេត្តាកុំប្រើប្រាស់ឧបករណ៍ និងការនេសាទខុសច្បាប់ បន្តទៅទៀត នាំឱ្យខាតបង់សម្ភារៈនេសាទខុសច្បាប់ ដោយត្រូវកងកម្លាំងកាប់បំផ្លាញចោល និងបើក្នុងករណីធ្ងន់ធ្ងរ ត្រូវទទួលទោសទណ្ឌ ឬការផាកពិន័យតាមនីតិវិធីច្បាប់ស្ដីពីជលផល ដែលនាំឲ្យបាត់បង់ផលប្រយោជន៍របស់បងប្អូន៕










