កិច្ចខិតខំប្រឹងប្រែងរបស់អាស៊ីអាគ្នេយ៍ក្នុងការត្រៀមខ្លួនទប់ទល់នឹងវិបត្តិថាមពលធំម្តងទៀត អាចត្រូវការពេលច្រើនឆ្នាំ ខណៈប្រទេសនានាកំពុងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនស្តុកប្រេងឥន្ធនៈបម្រុងសម្រាប់គ្រាអាសន្ន។ នេះបើតាមការលើកឡើងរបស់លោកស្រី Sharon Garin រដ្ឋមន្ត្រីថាមពលហ្វីលីពីន កាលពីថ្ងៃអង្គារ ទី២៧ ខែតុលា។
ថ្លែងប្រាប់សារព័ត៌មាន CNA នៅក្រៅកិច្ចប្រជុំ Singapore International Energy Week (SIEW) លោកស្រី Garin បានឱ្យដឹងថា ទោះបីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) មានកិច្ចព្រមព្រៀងឱ្យប្រទេសសមាជិកជួយគ្នាក្នុងពេលខ្វះខាតការផ្គត់ផ្គង់ថាមពលក៏ដោយ ក៏មិនមែនគ្រប់ប្រទេសទាំងអស់ត្រៀមខ្លួនរួចរាល់សម្រាប់វិបត្តិថ្មីនោះទេ។
តំបន់នេះនៅតែប្រឈមនឹងភាពមិនប្រាកដប្រជានៃការផ្គត់ផ្គង់ថាមពល បន្ទាប់ពីជម្លោះនៅមជ្ឈិមបូព៌ាបានបង្កការរំខានដល់ការផ្គត់ផ្គង់។
លោកស្រីបានមានប្រសាសន៍ថា៖ «យើងកំពុងឆ្លើយតបទៅនឹងវិបត្តិថ្មីៗ ប៉ុន្តែការដោះស្រាយតែពេលមានបញ្ហា មិនអាចដោះស្រាយបញ្ហារយៈពេលវែងបានទេ»។ លោកស្រីបន្ថែមថា វិបត្តិនេះគួរតែជាសញ្ញាដាស់តឿនម្តងទៀតសម្រាប់ប្រទេសទាំងអស់។
សម្រាប់ហ្វីលីពីន ប្រទេសនេះបានចាប់ផ្តើមសាងសង់ឃ្លាំងស្តុកប្រេងឥន្ធនៈបម្រុងរបស់រដ្ឋាភិបាលជាលើកដំបូង ព្រមទាំងកែសម្រួលបទប្បញ្ញត្តិ ដើម្បីការពារអ្នកប្រើប្រាស់ពីការឡើងថ្លៃប្រេងឥន្ធនៈភ្លាមៗ។
លោកស្រី Garin បានបញ្ជាក់ថា៖ «យើងត្រូវកែសម្រួលច្បាប់ ហេដ្ឋារចនាសម្ព័ន្ធ និងសូម្បីតែប្រព័ន្ធថវិកា»។
លោកស្រីបានសន្និដ្ឋានថា អាស៊ានទំនងជាត្រូវការពេលច្រើនឆ្នាំទៀត ដើម្បីពង្រឹងសមត្ថភាពត្រៀមខ្លួន និងឆ្លើយតបចំពោះការរំខានដល់ការផ្គត់ផ្គង់ថាមពលទ្រង់ទ្រាយធំនាពេលអនាគត៕










