ភ្នំពេញ៖ លោក សេង សក្ដា រដ្ឋលេខាធិការនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងាររយៈពេល ១០ខែ ឆ្នាំ២០២៦ និងកំណត់ទិសដៅការងារបន្តរបស់ក្រុមការងារទេសន្តរប្រវេសន៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ.) នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង។
ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីលោក លោកស្រី ជាសមាជិក សមាជិកានៃក្រុមការងារ ដែលអញ្ជើញមកពីក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាល អង្គការអន្តរជាតិ និងសមាគមនិយោជក។
ក្នុងឱកាសនោះ លោក សេង សក្ដា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការពិនិត្យ និងវាយតម្លៃលទ្ធផលការងារដែលសម្រេចបានក្នុងរយៈពេល ១០ខែកន្លងមក ដើម្បីពិភាក្សារកដំណោះស្រាយសមស្របចំពោះបញ្ហាប្រឈមនានា និងការកំណត់ទិសដៅការងារបន្តឱ្យបានច្បាស់លាស់។
លោករដ្ឋលេខាធិការរូបនេះ បានសង្កត់ធ្ងន់ថា ការងារទាំងនេះមានសារៈសំខាន់ក្នុងការលើកកម្ពស់ការយល់ដឹង ពង្រឹងការបង្ការ ទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្ស ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការជួយដល់ជនរងគ្រោះ។
ជាមួយគ្នានេះ អង្គប្រជុំបានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការចាត់វិធានការការពារ និងទប់ស្កាត់ ព្រមទាំងអនុវត្តវិធានការផ្លូវច្បាប់ចំពោះករណីពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ការធ្វើអាជីវកម្មពលកម្មលើមនុស្ស និងការធ្វើអាជីវកម្មផ្លូវភេទ ក្រោមរូបភាពនៃទេសន្តរប្រវេសន៍ការងារ ដើម្បីចូលរួមការពារសិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលករខ្មែរ ព្រមទាំងជនដែលអាចរងគ្រោះពីអំពើទាំងនេះ៕
ដោយ៖តារា










