រដ្ឋមន្ត្រីក្រសួងអប់រំ៖ ការថយចុះនៃចំនួនសិស្សរៀនថ្នាក់វិទ្យាសាស្ត្រ មិនមែនជាការថយចុះនៃគុណភាពនោះទេ ប៉ុន្តែជា «ការចម្រាញ់យកគុណភាពពិតប្រាកដ»

ចែករំលែក៖

ភ្នំពេញ​៖​ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ​ យុវជន​និង​កីឡា​ បានមានប្រសាសន៍ថា​ ជារួម ការថយចុះនៃចំនួនសិស្សរៀនថ្នាក់វិទ្យាសាស្ត្រ មិនមែន​ជាការ​ថយចុះ​នៃ​គុណភាព​នោះ​ទេ ប៉ុន្តែជា «ការចម្រាញ់យកគុណភាពពិតប្រាកដ»។ សិស្សថ្នាក់វិទ្យាសាស្ត្របច្ចុប្បន្ន គឺ​ជា​កម្លាំង​ស្នូលដ៏រឹងមាំផ្នែក STEM ខណៈ​ដែល​សិស្ស​ថ្នាក់វិទ្យាសាស្ត្រ​សង្គម​ក៏​បាន​បង្ហាញ​ពី​សមត្ថភាព​ វិភាគ និងការយល់ដឹងស៊ីជម្រៅ ដែល​នេះ​ ជា​មូលដ្ឋាន​គ្រឹះ​ធនធាន​មនុស្ស​ដ៏​សំខាន់​ក្នុង​ការជំរុញ កម្ពុជា ឱ្យសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០។

ការមានប្រសាសន៍បែបនេះ​របស់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ នាឱកាស​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ ឆ្នាំសិក្សា២០២៥-២០២៦ នៅព្រឹក​ថ្ងៃ​ទី​២៨​ ខែតុលា​ ឆ្នាំ​២០២៦នេះ​ នៅរាជធានីភ្នំពេញ​។

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ថា ក្នុងការប្រឡងលើកនេះ មានបេក្ខជនបានចុះឈ្មោះប្រឡងសរុប ១៥១.២៣៨នាក់ (ស្រី ៨៤.៧៣៥នាក់) ត្រូវជា ៥៦,០២%, បេក្ខជនបានមកប្រឡងចំនួន ១៤៩.៨៧១នាក់ (ស្រី ៨៤.២២៧នាក់) ត្រូវជា ៥៦,១៩% និងបេក្ខជនបានប្រឡងជាប់សរុប ១២៥.៩៧៥នាក់ (ស្រី ៧៤.៩៨២នាក់) ស្មើនឹង ៨៤,០៦% នៃចំនួនបេក្ខជនបានមកប្រឡងសរុប។

ក្នុងនោះ បេក្ខជនទទួលបាន៖
១/  និទ្ទេស A ចំនួន    ២.០២២នាក់  (ស្រី ១.០៨១នាក់)   ត្រូវជា ៥៣,៤៦%
២/ និទ្ទេស B ចំនួន   ៨.៨៤៨នាក់  (ស្រី ៥.៤៨៦នាក់)   ត្រូវជា ៦២,០០%
៣/  និទ្ទេស C ចំនួន   ២៣.៤២២នាក់ (ស្រី   ១៥.២១៤នាក់) ត្រូវជា ៦៤,៩៦%
៤/  និទ្ទេស D ចំនួន   ៤៤.៨៦៩នាក់ (ស្រី   ២៧.៧៤៣នាក់) ត្រូវជា ៦១,៨៣%
៥/  និទ្ទេស E ចំនួន   ៤៦.៨១៤នាក់ (ស្រី   ២៥.៤៥៨ នាក់) ត្រូវជា ៥៤,៣៨%

លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានឱ្យដឹងថាក្រសួងអប់រំ បានរៀបចំការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ សម័យប្រឡង ២២ កក្កដា ២០២៦ សម្រាប់សិស្សផ្នែកអប់រំបច្ចេកទេស មានបេក្ខជនចុះឈ្មោះ ប្រឡងសរុប ១.០៦៥នាក់ ស្រី ៤០០នាក់, បេក្ខជនមកប្រឡងសរុប ១.០៦១នាក់ ស្រី ៤០០នាក់, និងបេក្ខជនបានប្រឡងជាប់ជាស្ថាពរសរុប ១.០៥១នាក់ ស្រី ៤០០នាក់ ស្មើនឹង ៩៩,០៦%(ស្រី ១០០%) នៃចំនួនបេក្ខជនមកប្រឡងសរុប ក្នុងនោះ បេក្ខជនទទួលបាននិទ្ទេស A ចំនួន ២២នាក់ (ស្រី ១៧នាក់)។

លោក​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បាន​បញ្ជាក់ថា ថ្វីបើសិស្សជ្រើសរើសយកថ្នាក់វិទ្យាសាស្រ្តសង្គម ដែលមានភាគរយប្រឡងជាប់ ៨៧,២៦% ប្រហាក់ប្រហែលនឹងសិស្សជ្រើសរើសយកថ្នាក់វិទ្យាសាស្រ្ត(៨៧,៨០%) ប៉ុន្តែគម្លាតនេះបានថយចុះពី ១១,៨១% ក្នុងឆ្នាំ២០១៤ មកត្រឹម ០,៥៤% ក្នុង ឆ្នាំ២០២៦ នេះ ។

លោក​បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ បានឱ្យដឹងថា ក្នុងចំណោមសិស្សទទួលបាននិទ្ទេស A សិស្សជាង ៨៧,៣៤% ជាសិស្សមកពីថ្នាក់វិទ្យាសាស្រ្ត និងក្នុងចំណោមសិស្សទទួលបាននិទ្ទេស A, B សិស្សប្រមាណ ៦២,២៩% ជាសិស្សមកពីថ្នាក់វិទ្យាសាស្រ្ត។ ផ្ទុយទៅវិញ សិស្សទទួលបាន និទ្ទេស C, D, និង E ភាគច្រើនជាសិស្សមកពីថ្នាក់វិទ្យាសាស្រ្តសង្គម (ស្មើនឹង ៧៣,០៩% នៃនិទ្ទេសទាំងបី)

...

លោករដ្ឋមន្ត្រីក្រសួងអប់រំ បញ្ជាក់ថា ថ្វីបើសិស្សជ្រើសរើសថ្នាក់វិទ្យាសាស្រ្តមានប្រមាណ ២៥% (២៤,៩៤%) នៃចំនួន សិស្សមធ្យមសិក្សាទុតិយភូមិ ប៉ុន្តែសិស្សទាំងនោះ សុទ្ធតែជាសិស្សពូកែ (ដោយទទួលបាននិទ្ទេស A, B និង C) រហូតដល់ ១៤,១៥៤នាក់ ស្មើនឹង ៤៣,១២% នៃអ្នកជាប់ក្នុងថ្នាក់វិទ្យាសាស្ត្រ និងមានសិស្សស្រីដណ្តើមបាននិទ្ទេសA ដល់ទៅ ៥២,៤៩% ដែលជាធនធានដ៏សំខាន់ ក្នុងការអភិវឌ្ឍវិស័យវិទ្យាសាស្រ្ត និង បច្ចេកវិទ្យា៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print