ភ្នំពេញ÷ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ដដោយទទួលការចង្អុលបង្ហាញនិងការណែនាំពីលោក ជា
សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក រឿន រិទ្ធីពង្ស ប្រធានមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ បានចាត់មន្ត្រីជំនាញ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ចុះជួយអន្តរាគមន៍ស្វែងរកដំណោះស្រាយនិងផ្តល់សេវាសមស្រប លេីករណីកុមារា ០២រូប គឺ កុមារា ឌី ហ្សា អាយុ ១១ឆ្នាំ និង កុមារា ប៊ុត ទី អាយុ ០៨ឆ្នាំ ដែលប្រជាពលរដ្ឋបានឃាត់ខ្លួន ពាក់ព័ន្ធនឹងការលួចទ្រព្យសម្បត្តិ និងបានចុះផ្សាយតាមបណ្តាញសង្គមហ្វេសបុក។
ករណីរបស់កុមារាខាងលើនេះ នាពេលកន្លងមក មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ធ្លាប់បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ អន្តរាគមន៍ គ្រប់គ្រងករណី និងផ្តល់រក្សាការពារដោយទុកដាក់ក្រោមការមើលថែទាំនៅក្នុងមណ្ឌលកុមារកំព្រាភ្នំពេញថ្មី។ ក្រោយពីបានស្នាក់នៅក្នុងមណ្ឌលមួយរយៈកុមាររូបនោះ ត្រូវបានធ្វើសមាហរណកម្មកុមារត្រឡប់ទៅគ្រួសាររបស់ពួកគេវិញ តាមនីតិវិធីបច្ចេកទេស និងមានការតាមដានពីមន្ត្រីជំនាញ រហូតបិទករណី។
ទោះយ៉ាងណាក៏ដោយ ក្រោយពីពួកគេទៅរស់នៅជាមួយគ្រួសារវិញ កុមារានោះបានប្រព្រឹត្តអំពើលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ និងត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួន រួចប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ចនៃរដ្ឋបាលសង្កាត់ចោមចៅទី១ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ។
អនុឡោមតាមស្មារតីនៃច្បាប់ស្តីពីយុត្តិធម៌អនីតិជន កុមារាទាំង០២រូបនេះ ត្រូវបានសមត្ថកិច្ចបញ្ជូនឱ្យមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីគ្រប់គ្រងករណី ប៉ាន់ប្រមាណ និងផ្តល់សេវាការពារដល់កុមារ។ បច្ចុប្បន្ន កុមារាទាំង០២រូបនេះ ត្រូវបានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលរាជធានី រដ្ឋបាលខណ្ឌ និងអាជ្ញាធរមូលដ្ឋាន ផ្តល់សេវារក្សាការពារ និងថែទាំបណ្តោះអាសន្ននៅក្នុងមណ្ឌលកុមារកំព្រាភ្នំពេញ។
សូមបញ្ជាក់ថា ក្រសួងសង្គមកិច្ចបដិសេធទាំងស្រុងរាល់មតិសាធារណៈជន ដែលបានលើកឡើងថា មន្ត្រីសង្គមកិច្ចនៃមន្ទីរសង្គមកិច្ច បានធ្វើសកម្មភាពមិន
សមរមលើកុមារទាំងពីរនាក់នេះ ព្រោះមន្ត្រីសង្គមកិច្ចដែលធ្វើការជាមួយជនរងគ្រោះ ជាពិសេស កុមាររងគ្រោះ សុទ្ធតែជាមន្ត្រីជំនាញដែលមានសមត្ថភាព ជំនាញវិជ្ជាជីវៈ និងគោរពយ៉ាងភ្ជាប់ខ្ជួននូវក្រមសីលធម៌ និងគោលការណ៍សុវត្ថិភាពកុមារតាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញ និងការពង្រឹងសមត្ថភាពពីនាយកដ្ឋានជំនាញ និងវិទ្យាស្ថានជាតិសង្គមកិច្ច៕
ដោយ៖ សុរិយា










