អ្នកនាំពាក្យរាជរដ្ឋាភិបាល ជម្រាបជូនជនរួមជាតិនូវបច្ចុប្បន្នភាពថ្មីៗពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ

ចែករំលែក៖

ភ្នំពេញ ៖ ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ !ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនជនរួមជាតិនូវបច្ចុប្បន្នភាពថ្មីៗពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលមានដូចតទៅ៖

ក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ បានបើកកិច្ចប្រជុំក្រៅផ្លូវការរវាងយោធភូមិភាគទី៤កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ នៅឯច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ ក្នុងកិច្ចប្រជុំក្រៅផ្លូវការនេះ ភាគីទាំងពីរបានពិភាក្សាអំពីការបន្តជំរុញការអនុវត្តឱ្យបានពេញលេញនិងប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងនោះរួមទាំងការងារសម្របសម្រួលប្រតិបត្តិការ និងការដោះស្រាយបញ្ហានានាដើម្បីឈានទៅកសាងទំនុកចិត្តគ្នាទៅវិញទៅមក។

ភាគីកម្ពុជាបានលើកឡើងអំពីបញ្ហាមួយចំនួនដែលបានកើតឡើងនាពេលថ្មីនេះៗ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ ហើយសង្កត់ធ្ងន់ពីភាពចាំបាច់ដែលភាគីទាំងពីរត្រូវពិភាក្សាគ្នាស្វែងរកមធ្យោបាយដោះស្រាយឱ្យកាន់តែមានប្រសិទ្ធភាពនិងទាន់ពេលវេលា។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ និងដោយស្មោះត្រង់ ក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងយ៉ាងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែងនៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ។

ក្នុងឱកាសខួបគម្រប់មួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួម ទីក្រុងគូឡាឡាំពួរ រវាងកម្ពុជានិងថៃ (ឬហៅថា កិច្ចព្រមព្រៀងសន្តិភាព ទីក្រុងគូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ២០២៥-២៦ តុលា ២០២៦) សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជានៅតែគោរពស្មារតីនៃសេចក្តីថ្លែងការណ៍រួមនេះ និងសូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាទំនាស់ព្រំដែន និងខណ្ឌសីមាព្រំដែនដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិដោយចៀសវាងការគំរាមកំហែងប្រើប្រាស់ ឬការប្រើប្រាស់កម្លាំង ហើយទទួលស្គាល់ថា គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគ(RBC), គណៈកម្មាធិការព្រំដែនទូទៅ(GBC) និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) គឺជាយន្តការទ្វេភាគីដែលមានអាណតិ្តការងាររៀងៗខ្លួនសម្រាប់ធ្វើការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងព្រំដែនដោយសន្តិវិធី។

នៅថ្ងៃនោះដែរ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក៏បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ពីការគោរពបទឈប់បាញ់និងគោរពនិងអនុវត្តតាមខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួមនេះប្រកបដោយសុឆន្ទៈ និងទទួលស្គាល់ពីសារៈសំខាន់នៃយន្តការទ្វេភាគីទាំងបីកម្រិតគឺ RBC GBC និង JBC ដោយចាត់ទុកយន្តការនេះជាយន្តការទ្វេភាគីដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមអាណត្តិរបស់យន្តការនីមួយៗ។

ដោយឡែក បន្ទាប់ពីកិច្ចប្រជុំលើកទី២នៃគណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) ជាមួយប្រទេសកម្ពុជានិងថៃ ពីថ្ងៃទី១៤ ដល់១៨ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងឡាអេ តុលាការមជ្ឈត្តការអចិន្ត្រៃយ៍ បានប្រកាសឱ្យដឹងពីសំណុំវិធានការកសាងទំនុកចិត្តរវាងកម្ពុជានិងថៃ ក្នុងគោលបំណងពង្រឹងការជឿទុកចិត្តគ្នាទៅវិញទៅមក បង្កើនទំនាក់ទំនង និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់ការឈានដល់កិច្ចព្រមព្រៀងមួយ។ ក្នុងចំណោមវិធានការដែលបានព្រមព្រៀងគ្នា គណៈកម្មការផ្សះផ្សាបានកត់សម្គាល់ថា ការឯកភាព និងវិធានការដែលភាគីទាំងពីរធ្លាប់បានព្រមព្រៀងគ្នាពីមុន នៅមិនទាន់ត្រូវបានអនុវត្តពេញលេញនៅឡើយ។ គណៈកម្មការផ្សះផ្សាលើកទឹកចិត្តឱ្យភាគីទាំងពីរអនុវត្តការប្តេជ្ញាចិត្ត ដែលនឹងជួយបង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចាប្រកបដោយស្ថាបនា។

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់ជូនជាថ្មីថា កម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម, គោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ កម្ពុជាមិនទទួលស្គាល់នូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print