លោកស្នងការនគរបាលរាជធានីភ្នំពេញ ប្រាប់ថាករណីម្ចាស់រថយន្ត ដែលបានបើកបរបង្កបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃនេះ ត្រូវចូលខ្លួនមកជាបន្ទាន់មិនបាច់រកអ្នកអន្តរាគមន៍ទេ

ចែករំលែក៖

ភ្នំពេញ ៖ ខ្ញុំសូមប្រាប់ថាករណីម្ចាស់រថយន្ត ដែលបានបើកបរបង្កបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់អ្នកដទៃនេះ ត្រូវចូលខ្លួនមកជាបន្ទាន់មិនបាច់រកអ្នកអន្តរាគមន៍ទេ។ កម្លាំងជំនាញខ្ញុំកំពុងតាមហើយត្រូវដឹងថាចរិតរបស់ខ្ញុំ គឺរាល់បទល្មើសណាមួយដែលកើតឡើងខ្ញុំមិនដែលនៅស្ងៀមទេ។ នេះជាសារបង្ហោះលើផេកផ្លូវការរបស់ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ ។ ដោយឡែកលោក ហេង រតនា ស្នងការរង នគរបាលរាជធានីភ្នំពេញ ទទួលផែនសណ្តាប់ធ្នាប់បានផ្ញើសារថា មិនរួចខ្លួនទេ..!លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងទទួលផែនចរាចរណ៍ ប្រកាសឲ្យ អ្នកបើកឡានមានស្លាកលេខកម្ពុជា JJ Ching ដែលបានបុកគេស្លាប់ហើយបើករត់គេចចូលមកស្នងការអោយលឿនមកទទួលខុសត្រូវហើយមិនបាច់គេចទេចូលមកខ្ញុំចាំ។
សូមបញ្ជាក់ សមត្ថកិច្ចកំពុងត្រួតពិនិត្យតាមកាំមេរ៉ាតើអ្នកបើករថយន្ដ Rang Rover ពាក់ផ្លាកលេខកម្ពុជា JJ.CHING បុកមនុស្សស្លាប់ជានរណាឲ្យប្រាកដ? «យុគ៩» អ្នកប្រព្រឹត្តខុស មិនអាចគេចផុតពីច្បាប់បានឡើយ!
សូមជម្រាបថា រថយន្ដស៊េរីទំនើបមួយគ្រឿង ម៉ាក Rang Rover ពាក់ផ្លាកលេខកម្ពុជា JJ.CHING ដែលជាកម្មសិទ្ធិរបស់ស្ដ្រីអ្នកលក់អនឡាញម្នាក់ឈ្មោះ សៅ លីឈីង (Sao LyChhing) ម្ចាស់ផលិតផលគ្រឿងសំអាង បានបុកជាមួយម៉ូតូមួយគ្រឿង បណ្ដាលឲ្យអ្នកបើកបរស្លាប់ភ្លាមៗ រួចអ្នកបើករថយន្ដបានព្យាយាមរត់គេចខ្លួន និងដោះផ្លាកលេខយកទៅផ្លុងចោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១៖២០នាទីយប់ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦នេះ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ភូមិក្ដីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សេចក្ដីរាយការណ៍បានឲ្យដឹងថា រថយន្ដបង្កហេតុខាងលើ គឺជាកម្មសិទ្ធិរបស់ស្ដ្រីម្ចាស់ផលិតផលអនឡាញដែលគេតែងហៅថា J CHING តែគេមិនដឹងថាអ្នកណាជាអ្នកបើក រថយន្ដនោះទេ បានទៅបុកជាមួយម៉ូតូមួយគ្រឿងម៉ាក SUZUKI NEX ពាក់ផ្លាកលេខកែប 1B-6378 បណ្ដាលឲ្យអ្នកជិះម៉ូតូស្លាប់ភ្លាមៗ។ ប៉ុន្ដែអ្នកបើកបររថយន្ដមិនបញ្ឈប់នោះទេ ពោលព្យាយាមបានរត់គេចចេញពីកន្លែងកើតហេតុ និងយករថយន្ដទៅផ្លុងចោល។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែងយករថយន្ដ និងម៉ូតូទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីដោះស្រាយតាមច្បាប់ និងស្វែងរកចាប់ខ្លួនអ្នកបើកបររថយន្ដបង្ក។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

នៅលើបណ្ដាញសង្គមផ្ទាល់ខ្លួនស្ដ្រីឈ្មោះ Sao LyChhing បានបង្ហោះសារទទួលស្គាល់ថា រថយន្ដបង្កហេតុជាកម្មសិទ្ធិរបស់ខ្លួនពិតប្រាកដមែន ប៉ុន្ដែមិនបានបញ្ជាក់ថាអ្នកណាជាអ្នកបើករថយន្ដនោះទេ។ ចំពោះពិធីបុណ្យសពជនរងគ្រោះមើលទៅអាណិតខ្លោចផ្សារ ដោយសារគ្រួសារជនរងគ្រោះក្រខ្សត់ ៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print