នគរបាលជាតិកម្ពុជា សហការជាមួយនគរបាលជាតិសិង្ហបុរី ទប់ស្កាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) រក្សាបានទឹកប្រាក់ ១២,៨លានដុល្លារអាមេរិក

ចែករំលែក៖

ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ ចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងនគរបាលជាតិកម្ពុជា និងនគរបាលជាតិសិង្ហបុរី ក្នុងការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។

អគ្គស្នងការដ្ឋាននគរបាលជាតិ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងសារព័ត៌មានជាតិ និងអន្តរជាតិ ជ្រាបថា តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងទាន់ពេលវេលាជាមួយកងកម្លាំង នគរបាលសិង្ហបុរី អគ្គស្នងការដ្ឋាននគរបាលជាតិបានធ្វើការទប់ស្កាត់នូវទឹកប្រាក់ ដែលជាផលនៃបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមរូបភាពក្លែងបន្លំគណនីអ៊ីម៉ែលអេឡិចត្រូនិច (Business Email Compromise – BEC) សរុបចំនួន ១២,៨លានដុល្លារអាមេរិក។

កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នគរបាលជាតិសិង្ហបុរី បានទទួលរបាយការណ៍ថា ក្រុមហ៊ុន ប្រេងឥន្ធនៈមួយនៅសិង្ហបុរីត្រូវបានគេឆបោកឱ្យផ្ទេរប្រាក់ចំនួន ១២,៨លានដុល្លារអាមេរិក ទៅកាន់គណនី ធនាគារសង្ស័យមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការស៊ើបអង្កេតបឋមបានបង្ហាញថា ជនសង្ស័យបាន ប្រើប្រាស់អ៊ីម៉ែលក្លែងក្លាយដើម្បីឆបោកក្រុមហ៊ុនឱ្យធ្វើការផ្ទេរប្រាក់ ។

ភ្លាមៗនោះ នគរបាលជាតិសិង្ហបុរីបានស្នើសុំកិច្ចសហប្រតិបត្តិការមកអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានក្រុមការងារ Hotline Scam ២៤/៧ ជាសេនាធិការ ដើម្បីស្រាវជ្រាវស៊ើបអង្កេត។ តាមរយៈ កិច្ចសហប្រតិបត្តិការនេះ អគ្គស្នងការដ្ឋាននគរបាលជាតិបានសហការជាមួយធនាគារជាតិនៃកម្ពុជា រួមទាំង ស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការទប់ស្កាត់ទឹកប្រាក់ខាងលើនេះ និងផ្ទេរប្រាក់ត្រឡប់ទៅកាន់ជនរងគ្រោះបានដោយ ជោគជ័យ។

ករណីនេះ បានឆ្លុះបញ្ចាំងឱ្យឃើញអំពីសមត្ថភាព ប្រសិទ្ធភាព ការទទួលខុសត្រូវ និងការប្តេជ្ញាចិត្តខ្ពស់ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការផ្តល់កិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយគ្រប់បណ្តាប្រទេស ដើម្បីធ្វើការទប់ស្កាត់បទល្មើសឆ្លងដែន និងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

អគ្គស្នងការដ្ឋាននគរបាលជាតិ សូមវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរបស់នគរបាលជាតិ សិង្ហបុរី ធនាគារជាតិនៃកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហការល្អ ក្នុងការប្រយុទ្ធប្រឆាំងការ ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ប្រកបដោយប្រសិទ្ធភាព។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន និងសារព័ត៌មានជាតិ និងអន្តរជាតិ ជ្រាប ជាព័ត៌មាន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print