កម្ពុជា–ប៉ូឡូញ ពង្រឹងមិត្តភាព ពង្រីកវិនិយោគផ្នែកទេសចរណ៍ជាស្ពានតភ្ជាប់រវាងប្រទេសទាំងពីរ

ចែករំលែក៖

ភ្នំពេញ៖ ក្រសួងទេសចរណ៍​ នៅថ្ងៃទី​៣០​ខែតុលា​ ឆ្នាំ​២០២៦នេះ​ បានឱ្យដឹងថា​ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីម្សិលមិញនេះ​បានអនុញ្ញាតជូនលោកស្រី Iwona Kmiecik ស្ថាបនិក និងជាប្រធានក្រុមហ៊ុន IM Capital Holding និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ ការផ្សព្វផ្សាយ និងការវិនិយោគរវាងកម្ពុជា និងប៉ូឡូញ នៅទីស្តីការក្រសួងទេសចរណ៍។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កម្ពុជា និងប៉ូឡូញមានសក្តានុពលក្នុងការពង្រឹងទំនាក់ទំនងតាមរយៈវិស័យទេសចរណ៍ ពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរវប្បធម៌។

ជាក់ស្តែង លោករដ្ឋមន្ត្រី បានគូសរំលេចថា វិស័យទេសចរណ៍អាចដើរតួនាទីជាស្ពានតភ្ជាប់ប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងបង្កើតភាពជាដៃគូធុរកិច្ច និងឱកាសសហប្រតិបត្តិការថ្មីៗដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក។

លោករដ្ឋមន្ត្រី បានស្វាគមន៍គំនិតផ្តួចផ្តើម និងការវិនិយោគដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ជាពិសេសការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព ការបង្កើតការងារ និងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។ ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនដាក់សំណើគម្រោងជាផ្លូវការជូនក្រសួងទេសចរណ៍ ដើម្បីពិនិត្យ និងពិចារណាតាមនីតិវិធី។

ទន្ទឹមនេះ លោករដ្ឋមន្ត្រី បានស្វាគមន៍គំនិតផ្តួចផ្តើមបង្កើតសភាពាណិជ្ជកម្មប៉ូឡូញនៅកម្ពុជា ដែលអាចក្លាយជាវេទិកាដ៏សំខាន់សម្រាប់តភ្ជាប់ធុរជន ជំរុញពាណិជ្ជកម្ម ការវិនិយោគ និងការផ្លាស់ប្តូរទេសចររវាងប្រទេសទាំងពីរ។

ដើម្បីទាក់ទាញភ្ញៀវទេសចរប៉ូឡូញ និងអឺរ៉ុបមកកម្ពុជាឱ្យបានកាន់តែច្រើន លោករដ្ឋមន្ត្រី បានស្នើឱ្យពង្រឹងកិច្ចសហការលើការរៀបចំដំណើរទស្សនកិច្ចស្វែងយល់សម្រាប់ប្រតិបត្តិករទេសចរណ៍ អ្នកវិនិយោគ អ្នកបង្កើតមាតិកា និងអ្នកសារព័ត៌មាន ព្រមទាំងកម្មវិធីផ្សព្វផ្សាយទេសចរណ៍ ជាពិសេស លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់ការជំរុញជើងហោះហើរជួលពិសេស និងការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ជាពិសេសតំបន់កោះ តំបន់ឆ្នេរ និងគោលដៅទេសចរណ៍ដ៏សម្បូរបែបផ្សេងទៀត។

លោករដ្ឋមន្ត្រី បានបង្ហាញក្តីរំពឹងថា បេសកកម្មអភិវឌ្ឍទេសចរណ៍ និងទីផ្សារកម្ពុជា-ប៉ូឡូញ ឆ្នាំ២០២៦ នាពេលខាងមុខ នឹងរួមចំណែកពង្រីកភាពជាដៃគូរវាងវិស័យឯកជន និងបើកឱកាសថ្មីៗសម្រាប់កំណើនទេសចរណ៍ និងការវិនិយោគនៅកម្ពុជា៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print