កម្ពុជាទទួលបានវត្ថុបុរាណខ្មែរ ១៨ បំណែកពីនគរបាលទីក្រុងឡុងដ៍ ជានិមិត្តរូបនៃការវិលត្រឡប់នៃដួងព្រលឹងដូនតា

ចែករំលែក៖

ភ្នំពេញ÷ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ស្ថានឯកអគ្គរាជទូតកម្ពុជានៅ​ទីក្រុងឡុងដ៍ មានកិត្តិយសទទួលជាផ្លូវការនូវវត្ថុបុរាណខ្មែរចំនួន ១៨ រូប/បំណែក ពីអង្គភាពសិល្បៈ និងវត្ថុបុរាណនៃនគរបាលទីក្រុងឡុងដ៍ (Metropolitan Police Service)​ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងដំណើរនាំយកវត្ថុបុរាណទាំងនេះត្រឡប់ទៅមាតុភូមិកម្ពុជាវិញ។

សម្រាប់ប្រជាជនកម្ពុជា ការវិលត្រឡប់នៃវត្ថុបុរាណទាំងនេះមានអត្ថន័យលើសពីការទទួលបានវត្ថុបុរាណប្រវត្តិសាស្ត្រទៅទៀត ដោយការណ៍នេះត្រូវ​បានចាត់ទុកថាជា «ការវិលត្រឡប់នៃដួងព្រលឹងដូនតាយើង» ដែលជានិមិត្តរូបនៃការផ្សារភ្ជាប់ផ្នែកវិញ្ញាណរវាងវត្ថុដ៏មានតម្លៃទាំងនេះ ជាមួយនឹងប្រជាជន ប្រវត្តិសាស្ត្រ ប្រពៃណី និងមាតុភូមិកម្ពុជា។

វត្ថុបុរាណទាំងនេះត្រូវបានរកឃើញនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥ តាមរយៈកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់អង្គភាពសិល្បៈ និងវត្ថុបុរាណនៃនគរបាលទីក្រុងឡុងដ៍​ ក្រោមការគាំទ្រពីក្រុមការងារប្រយុទ្ធប្រឆាំងបទល្មើស​លើបេតិកភណ្ឌ នៃអង្គការសន្តិសុខនិងសហប្រតិបត្តិការអឺរ៉ុប (OSCE)។

ក្នុងឱកាសនៃពិធីប្រគល់-ទទួលវត្ថុបុរាណនេះ លោកជំទាវ ទួត បញ្ញា ឯកអគ្គរាជទូតកម្ពុជាប្រចាំព្រីតថេន បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសេវានគរបាលទីក្រុងឡុងដ៍ ក្រុមការងារប្រយុទ្ធប្រឆាំងបទល្មើសលើបេតិកភណ្ឌនៃ OSCE ព្រមទាំងដៃគូពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមក្នុងការស្វែងរក និងការពារថែរក្សាសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃទាំងនេះ។

លោកជំទាវឯកអគ្គរាជទូត​បានសង្កត់ធ្ងន់ថា ការវិលត្រឡប់នៃវត្ថុបុរាណទាំងនេះ គឺជាការស្ដារឡើងវិញនូវវប្បធម៌ ដែលបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការទទួលខុសត្រូវរួមរបស់យើង​ ក្នុងការការពារ និងអភិរក្សបេតិកភណ្ឌវប្បធម៌ សម្រាប់មនុស្សជំនាន់ក្រោយ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print