ខ្សែការពារស៊ុត Hat-trick ជួយ PSG យកឈ្នះ Le Havre យ៉ាងចាស់ដៃក្នុងលទ្ធផល ៥-១

ចែករំលែក៖

ខ្សែការពារស្លាបដែលមានល្បឿនលឿន Achraf Hakimi បានស៊ុតបាល់បញ្ចូលទី ៣ គ្រាប់ម្នាក់ឯង (Hat-trick) ខណៈក្រុម Paris Saint-Germain (PSG) បានបំបាក់ក្រុមបាតតារាង Le Havre ក្នុងលទ្ធផល ៥-១ កាលពីថ្ងៃសុក្រ ដើម្បីបន្តពង្រីកគម្លាតនាំមុខក្នុងតារាង Ligue 1។

 

ក្រុមជើងឯកអឺរ៉ុប PSG ដែលមានកីឡាករមួយចំនួនកំពុងសម្រាកព្យាបាលរបួស បានសម្រេចចិត្តទុកកីឡាករសំខាន់ៗមួយចំនួននៅលើកៅអីបម្រុង ប៉ុន្តែនៅតែអាចទទួលបានជ័យជម្នះយ៉ាងគួរឱ្យចាប់អារម្មណ៍។ លទ្ធផលនេះធ្វើឱ្យពួកគេមាន ២០ ពិន្ទុ ពីការប្រកួតលីគ ៩ លើកដំបូង។

 

បច្ចុប្បន្ន PSG នាំមុខក្រុម Lille ចំនួន ២ ពិន្ទុ និងនាំមុខក្រុម Rennes ដែលឈរលេខ ៣ ចំនួន ៤ ពិន្ទុ ដោយ Rennes មាន ១៦ ពិន្ទុ។ Lille បានឡើងមកឈរលេខ ២ ជំនួស Rennes បន្ទាប់ពីខ្សែប្រយុទ្ធជើងចាស់ Olivier Giroud ដែលចូលលេងពីកៅអីបម្រុង បានស៊ុតបញ្ចូលទីនៅនាទីទី ៨៦ ជួយឱ្យក្រុមរបស់ខ្លួនយកឈ្នះ RC Lens ក្នុងជំនួប Derby ក្នុងលទ្ធផល ១-០។

 

ចំណែក Rennes បានរងបរាជ័យយ៉ាងធ្ងន់ធ្ងរក្រោមស្នាដៃក្រុម Nice ក្នុងលទ្ធផល ៥-២។ Nice កំពុងបង្ហាញទម្រង់លេងកាន់តែប្រសើរ ដោយទទួលបានជ័យជម្នះ ៤ លើក ក្នុងចំណោមការប្រកួត ៥ លើកចុងក្រោយ។

 

Elye Wahi បានស៊ុត Hat-trick ឱ្យ Nice និងជួយក្រុមឡើងទៅឈរលេខ ៧ ក្នុងតារាង បន្ទាប់ពីកាលពីរដូវកាលមុន ពួកគេស្ទើរតែត្រូវធ្លាក់ទៅលីគទាប។

 

ក្រៅពីស៊ុតបញ្ចូលទី ៣ គ្រាប់នៅកីឡដ្ឋាន Stade Oceane កីឡាករ Hakimi ក៏បានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីចំនួន ២ លើកផងដែរ សម្រាប់គ្រាប់បាល់របស់ Mika Godts និង Senny Mayulu បន្ទាប់ពី Josh Maja បានជួយឱ្យម្ចាស់ផ្ទះ Le Havre នាំមុខមុន។

 

នេះជាជ័យជម្នះជាប់ៗគ្នាលើកទី ៩ របស់ PSG ក្នុងការប្រកួតគ្រប់កម្មវិធី។

 

ចំណែក Le Havre បានរងបរាជ័យជាប់ៗគ្នាលើកទី ៥ និងកំពុងឈរនៅបាតតារាង ដោយមានត្រឹមតែ ២ ពិន្ទុប៉ុណ្ណោះ។ ទោះជាយ៉ាងណា ពួកគេបានធ្វើឱ្យអ្នកគាំទ្រមានក្តីសង្ឃឹមមួយរយៈខ្លី បន្ទាប់ពី Josh Maja ស៊ុតបញ្ចូលទីនាំមុខតាំងពីដើមការប្រកួត។

 

Hakimi បានបញ្ជូនបាល់ឱ្យ Godts ស៊ុតតាមស្មើ មុនពេលរូបគេស៊ុតបាល់បញ្ចូលទីនាំមុខឱ្យ PSG នៅនាទីទី ២៨ ដោយការស៊ុតបាល់ចូលជ្រុងជិតនៃទីតាំងអ្នកចាំទី។

 

កីឡាករជម្រើសជាតិម៉ារ៉ុករូបនេះ បន្តស៊ុតបញ្ចូលទីមួយគ្រាប់ទៀតពីការទាត់បាល់ហ្វ្រីឃីកចូលជ្រុងខាងក្រោមនៃទីនៅនាទីទី ៥៥។ បន្ទាប់មក គេក៏បានចូលរួមក្នុងការវាយបកយ៉ាងលឿនរបស់ PSG ដែលនាំឱ្យ Mayulu ស៊ុតគ្រាប់ទី ៤ នៅនាទីទី ៦២។

 

Hakimi បានបញ្ចប់ការស៊ុត Hat-trick របស់ខ្លួននៅនាទីទី ៦៩ ដោយការស៊ុតបាល់ដែលប៉ះកីឡាករការពារគូប្រកួតមុនពេលចូលទី។

 

គ្រូបង្វឹក PSG លោក Luis Enrique បាននិយាយថា៖ «ខ្ញុំមានសេចក្តីរីករាយ ព្រោះកីឡាករមួយចំនួនមិនសូវមានឱកាសចូលលេងទេ។ ប្រសិនបើយើងចង់ឈ្នះពានរង្វាន់ យើងត្រូវការកីឡាករគ្រប់រូប»។

 

លោកបន្តថា៖ «នៅពេលមានកីឡាកររងរបួស ឱកាសថ្មីៗក៏កើតឡើងដែរ។ នេះជាករណីពិសេសសម្រាប់ការប្រកួតយប់នេះរបស់ Quentin Ndjantou និង David Boly ដែលបានបង្ហាញខ្លួនជាលើកដំបូងក្នុងលីគ Ligue 1»។

...

 

សម្រាប់ការស៊ុត Hat-trick របស់ Wahi ក្នុងជ័យជម្នះរបស់ Nice គ្រាប់បាល់ពីរគ្រាប់ដំបូងកើតចេញពីការទាត់បាល់ពិន័យ ១១ ម៉ែត្រ ក្នុងតង់ទីមួយ ខណៈគ្រាប់ទីបីរបស់គេកើតឡើងនៅនាទីទី ៧៣ តាមរយៈការស៊ុតបាល់ភ្លាមៗដោយមិនបាច់ប៉ះបាល់ច្រើនដង៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print