លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀងអញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ នៅវិទ្យាល័យស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម​ ប៉េង​ ពោធិ៍សា​ អភិបាលខេត្ត នៅព្រឹកថ្ងៃអាទិត្យ ៦រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៦-២០២៧ នៅវិទ្យាល័យស្វាយរៀង។

ពិធីដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការជាច្រើនរូប រួមមាន លោកអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថ លោក លោកស្រីប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកអភិបាលរងក្រុងស្វាយរៀង ព្រមទាំងនាយក នាយិកា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនរូបមកពីវិទ្យាល័យស្វាយរៀង វិទ្យាល័យ ហ៊ុន សែន ចេក និងសាលាបឋមសិក្សាព្រះសីហនុ។

ក្នុងឪកាសនោះ លោក សរ សុដានី  អភិបាលរងខេត្ត បានឡើងអានសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយថ្លែងអំណរសាទរ និងកោតសរសើរដល់លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សទាំងអស់ ដោយចាត់ទុកថ្ងៃនេះថាជាឱកាសថ្មីមួយទៀតក្នុងការបន្តសិក្សា ស្វែងយល់ និងកសាងចំណេះដឹង បំណិន និងគុណតម្លៃសម្រាប់អនាគត។

ក្នុងសារលិខិតរបស់សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលជានិច្ចកាលតែងតែចាត់ទុក «មនុស្ស» ជាធនធានមិនអាចខ្វះបាន ដោយផ្តោតខ្ពស់លើការអភិវឌ្ឍមូលធនមនុស្សប្រកបដោយចំណេះដឹង ជំនាញ សីលធម៌ វិន័យ និងសុខភាព ដើម្បីសម្របខ្លួនទៅនឹងការវិវត្តនៃសង្គម និងបច្ចេកវិទ្យា។

ទន្ទឹមនេះ ជំរុញឱ្យសាលារៀនក្លាយជាអង្គភាព ផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព ដោយពង្រឹងបន្ថែមលើចំណេះដឹង វិន័យ សីលធម៌ និងឥរិយាបថរបស់សិស្ស និងយកចិត្តទុកដាក់លើកម្មវិធីអាហារូបត្ថម្ភដល់កុមារ និងការត្រួតពិនិត្យគុណភាពចំណីអាហារនៅតាមសាលារៀន។

លោក សរសុដានី  បានគូសបញ្ជាក់ថា ក្មួយៗសិក្សានុសិស្សទាំងអស់ គឺជាទំពាំងស្នងឫស្សី ដូច្នេះត្រូវធ្វើខ្លួនជាទំពាំងដែលមានសុខភាព និងគុណភាព តាមរយៈការខិតខំប្រឹងប្រែងរៀនសូត្រយកចំណេះវិជ្ជាដាក់ខ្លួន ពីព្រោះគ្មានទ្រព្យសម្បត្តិណាប្រសើរគង់វង្សដូចមានចំណេះវិជ្ជាឡើយ។

កាន់តែប្រើកាន់តែរីកចំរើន អនាគតគឺនៅក្នុងដៃក្មួយៗហើយ ចូរចង់សាក ចង់ដឹងនូវអ្វីដែលជួយដល់ការរៀនសូត្រឲ្យរីកចំរើន ចូរកុំចង់សាក ចង់ដឹង ចង់ភ្លក់នូវអ្វីដែលបំផ្លាញអនាគតក្មួយៗឲ្យសោះ ត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន ត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន កុំធ្វើអ្វីដែលខុសច្បាប់នាំឲ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម ហើយសូមក្មួយៗចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នាផងដែរ។

មួយគ្នានេះ លោកអភិបាលរងខេត្តបានគូសបញ្ជាក់ពីសារៈសំខាន់នៃការអប់រំ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់អភិវឌ្ឍធនធានមនុស្ស និងជាកម្លាំងចលករក្នុងការជំរុញវឌ្ឍនភាពសង្គមជាតិ ដូច្នេះ សិស្សានុសិស្សទាំងអស់ឱ្យខិតខំរៀនសូត្រ គោរពវិន័យ និងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសង្គម ដើម្បីក្លាយជាពលរដ្ឋល្អ ប្រកបដោយចំណេះដឹង និងសីលធម៌។

សូមបញ្ជាក់ថា ពិធីបើកបវេសនកាលនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់អាជ្ញាធរខេត្តចំពោះវិស័យអប់រំ និងជាការលើកទឹកចិត្តដ៏ធំធេងដល់សិស្សានុសិស្សក្នុងការចាប់ផ្តើមឆ្នាំសិក្សាថ្មីដោយភាពរីករាយ និងក្តីសង្ឃឹម៕

...

ដោយ៖ សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print