យោងតាមReuters នៅថ្ងៃទី១ខែវិច្ឆិកា បានអោយដឹងថា បុគ្គលិកសន្តិសុខឥណ្ឌាកាន់ដំបង និងខែល ព្រមទាំងអមដោយរថយន្តគ្រប់គ្រងកុប្បកម្ម បានឡោមព័ទ្ធទីតាំងនៃការតវ៉ាប្រឆាំងដែលបានគ្រោងទុកនៅទីក្រុងដេលីនៅថ្ងៃអាទិត្យ ដែលគ្រោងនឹងទាមទារឱ្យប្រធានរៀបចំការបោះឆ្នោតរបស់ប្រទេសនេះលាលែងពីតំណែង ដោយសារតែការកែប្រែបញ្ជីឈ្មោះអ្នកបោះឆ្នោតដ៏ចម្រូងចម្រាស។
អាជ្ញាធរបានព្រមានអំពីការបង្វែរចរាចរណ៍មុនពេលការដង្ហែក្បួនតវ៉ា និងការជួបជុំគ្នា ដែលនឹងដឹកនាំដោយមេដឹកនាំគណបក្ស Congress លោក Rahul Gandhi។ គណបក្សប្រឆាំងនិយាយថា ខ្លួនរំពឹងថាមនុស្សរាប់រយរាប់ពាន់នាក់នឹងចូលរួមក្នុងអ្វីដែលខ្លួននិយាយថា នឹងក្លាយជាបញ្ហាប្រឈមដ៏ធំមួយចំពោះនាយករដ្ឋមន្ត្រី Narendra Modi និងគណបក្ស Bharatiya Janata (BJP) របស់គាត់។
អ្នកវិភាគនិយាយថា ការតវ៉ារបស់យុវជន និងការគាំទ្រកាន់តែខ្លាំងឡើងចំពោះគណបក្សប្រឆាំង បង្កើតបានជាវិបត្តិដ៏អាក្រក់បំផុតសម្រាប់លោក ម៉ូឌី ចាប់តាំងពីលោកឡើងកាន់អំណាចក្នុងឆ្នាំ ២០១៤។ ប៉ុន្តែរដ្ឋាភិបាលរបស់លោកនៅតែមានស្ថិរភាព ហើយការបោះឆ្នោតទូទៅលើកក្រោយមិនទាន់ដល់ឆ្នាំ ២០២៩ នៅឡើយទេ។
គណបក្សប្រឆាំងបានប្រកាសថា ពួកគេនឹងធ្វើការដង្ហែក្បួនជិត ១,៥ គីឡូម៉ែត្រ (១ ម៉ាយ) នៅថ្ងៃអាទិត្យ ពីកណ្តាលទីក្រុងដេលី ទៅកាន់ Ramlila Maidan ដែលជាទីតាំងដែលបានកំណត់សម្រាប់ការជួបជុំតវ៉ារបស់ពួកគេ។
រូបថត: Reuters










