ខេត្តកំពង់ធំ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាថ្មី ចំនួន ៥ខ្នង សរុប ៥៥បន្ទប់ នៅវិទ្យាល័យទ្រៀល ខេត្តកំពង់ធំ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលតែងចាត់ទុកការវិនិយោគលើវិស័យអប់រំ ជាការវិនិយោគលើប្រទេសជាតិ ព្រោះការអប់រំគឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្ស ជាឆ្អឹងខ្នងនៃផលិតភាពសេដ្ឋកិច្ចជាតិ និងជាសសរទ្រូងនៃសមត្ថភាពប្រកួតប្រជែងប្រទេសផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា រាជរដ្ឋាភិបាល បានកំណត់យកវិស័យអប់រំជាអាទិភាពចម្បងក្នុងយុទ្ធសាស្ត្រអភិវឌ្ឍជាតិរយៈពេលវែង តាមរយៈការពង្រីកលទ្ធភាពទទួលបានការអប់រំ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀន ការពង្រឹងសមត្ថភាពគ្រូបង្រៀន លើកកម្ពស់គុណភាពការបង្រៀន ការរៀន និងជំរុញការសិក្សាពេញមួយជីវិត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ធនធានមនុស្សនឹងក្លាយទៅជាទ្រព្យរបស់ជាតិសម្រាប់រយៈពេលវែង ដែលកើតចេញពីផលនៃការវិនិយោគលើវិស័យអប់រំ៕
ដោយ ៖ សិលា










