Asian Cup 2027 ត្រូវពន្យារពេល ក្រោយមានការវាយប្រហារជាបន្តបន្ទាប់លើអារ៉ាប៊ីសាអូឌីត

ចែករំលែក៖

ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ជើងឯកអាស៊ី (Asian Cup) ឆ្នាំ ២០២៧ ដែលគ្រោងធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីត ត្រូវបានពន្យារពេល បន្ទាប់ពីមានការវាយប្រហារដ៏បង្ហូរឈាមជាបន្តបន្ទាប់លើប្រទេសម្ចាស់ផ្ទះ។

 

ការប្រកួតដែលមានក្រុមចូលរួមចំនួន ២៤ ត្រូវបានគ្រោងធ្វើឡើងចាប់ពីថ្ងៃទី ៧ ខែមករា ដល់ថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៧។ ប៉ុន្តែតាមកាលវិភាគថ្មី ការប្រកួតនឹងចាប់ផ្តើមពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៧ រហូតដល់ថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៨ វិញ។

 

កាលពីខែតុលា ការវាយប្រហារដោយមីស៊ីលរបស់ចលនាហ៊ូទី (Houthi) នៅប្រទេសយេម៉ែន ទៅលើអាកាសយានដ្ឋានក្នុងទីក្រុងរីយ៉ាដ បានបណ្តាលឱ្យមនុស្ស ១៣ នាក់ស្លាប់ និងជាង ៣០០ នាក់រងរបួស។

 

សហព័ន្ធបាល់ទាត់អាស៊ី (AFC) បានចេញសេចក្តីថ្លែងការណ៍ថា ការសម្រេចចិត្តផ្លាស់ប្តូរកាលបរិច្ឆេទប្រកួតនេះ ធ្វើឡើង «ដោយសារស្ថានភាពពិសេស និងមិនធម្មតានាពេលបច្ចុប្បន្ន ដែលកើតចេញពីការវិវត្តនៃស្ថានការណ៍ក្នុងតំបន់ រួមទាំងភាពស្មុគស្មាញផ្នែកភស្តុភារ និងការរំខានដល់ការធ្វើដំណើរ»។

 

AFC ក៏បានបញ្ជាក់បន្ថែមថា៖ «កាលបរិច្ឆេទថ្មីនៃការប្រកួតនឹងត្រូវដាក់ជូន FIFA ដើម្បីពិនិត្យ និងអនុម័ត»។

 

ក្នុងរយៈពេលថ្មីៗនេះ ព្រឹត្តិការណ៍កីឡាមួយចំនួននៅប្រទេសអារ៉ាប៊ីសាអូឌីតក៏ត្រូវបានលុបចោលផងដែរ ក្នុងនោះរួមមានព្រឹត្តិការណ៍ប្រកួតតាំងពិព័រណ៍កីឡាវាយកូនបាល់ Six Kings Slam ដែលគ្រោងធ្វើឡើងនៅទីក្រុងរីយ៉ាដ។

 

ជាមួយគ្នានេះ Asian Tour ក៏បានប្រកាសពន្យារពេលដោយគ្មានកំណត់នូវការប្រកួតវាយកូនហ្គោលបិទរដូវកាលរបស់ខ្លួន ដែលគ្រោងធ្វើឡើងចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២១ ខែវិច្ឆិកា។

 

នេះជាលើកទីពីរជាប់ៗគ្នាហើយ ដែលការប្រកួត Asian Cup ត្រូវបានពន្យារពេល។ ការប្រកួតឆ្នាំ ២០២៣ ក៏ត្រូវបានផ្លាស់ប្តូរទៅធ្វើនៅឆ្នាំ ២០២៤ និងប្តូរទីតាំងពីប្រទេសចិនទៅប្រទេសកាតា ដោយសារការរាតត្បាតនៃជំងឺ COVID-19 ផងដែរ។

 

ការសម្រេចចិត្តពន្យារពេល Asian Cup 2027 នេះមានន័យថា កីឡាករមួយចំនួនដែលលេងនៅ Premier League នឹងមិនចាំបាច់ខកខានការប្រកួតក្នុងលីគអំឡុងពាក់កណ្តាលរដូវកាលបច្ចុប្បន្នទៀតឡើយ។

 

ក្នុងចំណោមកីឡាករដែលត្រូវបានរំពឹងថានឹងមានឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិជប៉ុន រួមមានអ្នកចាំទី Zion Suzuki របស់ Aston Villa, ខ្សែបម្រើ Wataru Endo របស់ Liverpool និងខ្សែប្រយុទ្ធ Daizen Maeda របស់ Ipswich Town។

 

ក្រៅពីនេះ កីឡាករ Ao Tanaka របស់ Leeds United, Takehiro Tomiyasu និង Daichi Kamada របស់ Crystal Palace ព្រមទាំង Hidemasa Morita របស់ Hull City ក៏ជាកីឡាករជម្រើសជាតិជប៉ុនដែលអាចត្រូវបានកោះហៅផងដែរ។

 

ជប៉ុនត្រូវបានចាត់ទុកថាជាក្រុមមួយក្នុងចំណោមក្រុមដែលមានឱកាសខ្ពស់ក្នុងការឈ្នះជើងឯក។ ប្រសិនបើការប្រកួតធ្វើឡើងតាមកាលវិភាគដើម Aston Villa ដែលកំពុងចូលរួមប្រកួតក្នុង Champions League អាចនឹងត្រូវអវត្តមានអ្នកចាំទី Suzuki យ៉ាងហោចណាស់ ៧ ប្រកួត ប្រសិនបើជប៉ុនអាចឈានដល់វគ្គផ្តាច់ព្រ័ត្រ។

 

ចំណែក Liverpool ក៏កំពុងប្រកួតក្នុង Champions League ផងដែរ ប៉ុន្តែ Wataru Endo មិនទាន់បានបង្ហាញខ្លួនឱ្យក្រុមហង្សក្រហមក្នុងរដូវកាលនេះនៅឡើយទេ។

 

ខ្សែប្រយុទ្ធស្លាប Kaoru Mitoma របស់ Brighton បច្ចុប្បន្នកំពុងសម្រាកព្យាបាលរបួស ប៉ុន្តែត្រូវបានរំពឹងថានឹងអាចត្រឡប់មកលេងវិញនៅចុងឆ្នាំនេះ ហើយក៏ទំនងជានឹងត្រូវបានកោះហៅចូលក្រុមជម្រើសជាតិជប៉ុនផងដែរ។

...

 

ដោយឡែក ខ្សែការពារ Abdukodir Khusanov របស់ Manchester City ដែលជាកីឡាករជម្រើសជាតិអ៊ូសបេគីស្ថាន និងខ្សែការពារ Lucas Herrington របស់ Hull City ដែលលេងឱ្យក្រុមជម្រើសជាតិអូស្ត្រាលី ក៏ត្រូវបានរំពឹងថានឹងទទួលបានការកោះហៅសម្រាប់ការប្រកួត Asian Cup នេះដែរ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print